សមាជិកគណបក្សសាធារណរដ្ឋ ប្រមាណ១០០រូប បាននាំគ្នាបង្កើតក្រុមគាំទ្រលោកចូ បៃឌិន ដែលជាបេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ។ ទាំងនោះបានបង្ហាញឲ្យឃើញថា ផ្ទៃក្នុងគណបក្សសាធារណរដ្ឋ មិនមានការចុះសម្រុងនិងគ្នា ពិសេសគឺការដឹកនាំរបស់លោកត្រាំ។
អតីតអភិបាលរដ្ឋ New Jersey លោក Christine Todd Whitman ប្រធានក្រុមគាំទ្រលោកបៃឌិន បានបញ្ជាក់ថា «ក្នុងដំណាក់កាលប្រទេសជាតិកំពុងជួបវិបត្តិ ដូច្នេះយើងចាំបាច់ត្រូវតែជ្រើសរើសមេដឹកនាំដែលមានសមត្ថភាព ដើម្បីបង្កើនឥទ្ធិពលរបស់អាមេរិកឡើងវិញ ហើយមានតែលោក ចូ បៃឌិន មកពីគណបក្សប្រជាធិបេតេយ្យទេទើបមានសមត្ថភាពធ្វើរបៀបនោះ។
គោលដៅរបស់ក្រុមគាំទ្រលោកបៃឌិន គឺយកឈ្នះទៅលើ ប្រធានាធិបតីដូណាល់ ត្រាំ ដើម្បីធ្វើឲ្យទឹកដីអាមេរិកល្អប្រសើរ មានតម្លៃថ្លៃថ្នូរឡើងវិញ។ លោក Christine Todd Whitman បានបញ្ជាក់ថា «មានពលរដ្ឋអាមេរិកដល់ទៅជាង១៨០ពាន់នាក់ហើយស្លាប់ដោយកូវីដ-១៩ ហើយប្រសិនបើមេដឹកនាំបានទប់ស្កាត់តាំងពីដំបូងនោះនឹងមិនមានការស្លាប់ច្រើនបែបនេះឡើយ។ ផ្ទុយទៅវិញ ប្រធានាធិបតីមិនខ្វល់ទើបធ្វើឲ្យមានករណីឆ្លងនិងស្លាប់ច្រើនជាងគេបង្អស់លើពិភពលោក។
តាមសារព័ត៌មានស៊ីនហួបានផ្សាយថា ក្នុងចំណោមបេក្ខភាពលេចធ្លោជាងគេរបស់គណបក្សសាធារណរដ្ឋ ងាកទៅគាំទ្របេក្ខភាពគណបក្សប្រជាធិបតេយ្យ មានអតីតអភិបាលរដ្ឋ Michigan លោក Rick Snyder អតីតអភិបាលរដ្ឋ Massachusettsលោក Bill Weld ។
អតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សសាធារណរដ្ឋបានលើកឡើងថា លោកត្រាំ គឺជាបុគ្គលតែងតែគំរាមកំហែង សម្លុត មិនគោរពច្បាប់ទម្លាប់នោះឡើយ៕