ឧត្តមសេនីយ៍ Bipin Rawat ទីប្រឹក្សាយោធាជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi កាលពីថ្ងៃទី៣ខែកញ្ញាបានបញ្ជាក់ថា ឥណ្ឌាបានត្រៀមកម្លាំង គ្រប់គ្រាន់ដើម្បីធានាដល់សន្តិសុខជាតិ។
លោក Bipin Rawat បានបញ្ជាក់ថា «ឥណ្ឌាបានដឹងពីសកម្មភាពរបស់ចិន ប៉ុន្តែយើងនឹងដោះស្រាយវាតាមសន្តិវិធីនិងស្របច្បាប់»។
ជាមួយគ្នានេះ មេបញ្ជាការកងទ័ពឥណ្ឌា លោកឧត្តមសេនីយ៍ Manoj Mukund Naravane នៅថ្ងៃទី៤ ខែកញ្ញានេះបានបង្ហាញពីទំនុកចិត្តខ្ពស់ថា អាចដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសចិននៅភាគខាងលិចនៃជួរភ្នំហិមាល័យ (Himalayas) តាមរយៈកិច្ចពិភាក្សា ។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ឡាដាក (Ladakh) ដែលកងទ័ពរវាងប្រទេសនុយក្លែអ៊ែរទាំងពីរប្រឈមមុខដាក់គ្នាជាច្រើនខែមកហើយនោះ លោក Naravane បានប្រាប់អ្នកសារព័ត៌មានថា «យើងប្រាកដថាបញ្ហានេះអាចដោះស្រាយបានតាមរយៈការសន្ទនា»។
លោក Naravane ក៏បានគូសបញ្ជាក់ដែរថា ស្ថានការណ៍ជាក់ស្តែងនៅតាមបន្ទាត់គ្រប់គ្រងព្រំដែន LoC (Line of Control) មានសភាពតានតឹងបន្តិច បន្ទាប់ពីប្រទេសឥណ្ឌាបានដាក់ពង្រាយកងទ័ពបន្ថែម ដើម្បីទប់ស្កាត់ការប៉ុនប៉ងលុកលុយពីសំណាក់កងទ័ពចិន៕