សត្វត្មាតកំពុងតែប្រឈមការបបាញ់ពីព្រានព្រៃ និងផុតពូជនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ យោងតាមលទ្ធផលជំរឿនសត្វត្មាតទូទាំងប្រទេស ដែលបានធ្វើឡើងនៅលើទីតាំង ៤កន្លែង ផ្សេងៗគ្នាកាលពី ដើមខែកញ្ញា ឆ្នាំ២០២០នេះ បាន បង្ហាញថា សត្វត្មាតនៅកម្ពុជាមានបីប្រភេទ ដែលកំពុងមានវត្ដមានរស់នៅក្នុងតំបន់ការពារធម្មជាតិនៅប្រទេសកម្ពុជា គឺមានចំនួ ១១៩ក្បាល ក្នុងនោះ ត្មាតភ្លើងចំនួន ១១ក្បាល ត្មោតផេះចំនួន៧១ក្បាល និងត្មាតត្នោតចំនួន ៣៧ ក្បាល។ ថៃ្ងនេះយើងប្រារព្ធទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ ដោយភ្ជាប់ជាមួយនូវសារដែលបញ្ជាក់យ៉ាងច្បាស់ថា សត្វត្មាតត្រូវការជំនួយពីយើងទាំងអស់គ្នា ប្រសិនបើយើងចង់ឃើញមានវត្តមានសត្វត្មាតរស់នៅក្នុងប្រទេសកម្ពុជាបន្តទៀត។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២០នេះថា  “ក្រុមការងារ បានរកឃើញសត្វត្មាតក្នុងដែនជម្រកសត្វព្រៃឆែប ខេត្ដព្រះវិហារ ចំនួន ៣៤ក្បាលក្នុងនោះត្មាតភ្លើង ០៣ក្បាល ត្មាតផេះ ២២ក្បាល និងត្មាតត្នោត ០៩ក្បាល។ ក្នុងដែនជម្រកសត្វព្រៃសៀមប៉ា ខេត្តស្ទឹងត្រែង មានសត្វត្មាតសរុបចំនួន ៨១ក្បាល គឺត្មាតភ្លើ ០៤ក្បាល ត្មាតផេះ ៤៩ក្បាល និងត្មាតត្នោត ២៨ក្បាល។ដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី មានសត្វត្មាតភ្លើងចំនួន ០៤ក្បាល ហើយនៅដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តក្រចេះ មិនមានវត្ដមានសត្វត្មាតទេ។ ការងារជំរឿន និងអភិរក្សសត្វត្មាត ត្រូវបានអនុវត្ត និងចូលរួមដោយក្រុមការងារសត្វត្មាតកម្ពុជា (CVWG) ដោយសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអង្គការជីវិតសត្វស្លាបអន្ដរជាតិ (Birdlife International) អង្គការ WWF មជ្ឈមណ្ឌលអង្គរដើម្បីអភិរក្សជីវៈចម្រុះ(ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅក្នុងខេត្តព្រះវិហារ ខេត្តស្ទឹងត្រែ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ដោយ ឡែកសម្រាប់ទីតាំងនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្ដរតនគិរី មិនត្រូវបានធ្វើឡើយ 

លោក បានបន្ថែមថា ចំនួនសត្វត្មាតនៅឆ្នាំ២០២០ នេះមានចំនួន ១១៩ក្បាល មានការថយចុះចំនួន ១៨ក្បាល បើប្រៀបធៀបនឹងលទ្ធផលនៃការជំរឿននៅឆ្នាំ២០១៩ ដែលជាសញ្ញានៃហានិភ័យសត្វត្មាតនៅកម្ពុជានៅឡើយ ហើយតំបន់ដែលមានសត្វត្មាតច្រើនជាងគេគឺនៅដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង និងដែនជម្រក សត្វព្រៃឆែបក្នុងខេត្តព្រះវិហារ។

សត្វត្មាតគឺជាអ្នកត្រួតពិនិត្យខ្យល់អាកាសយោងតាមទិន្នន័យទទួលបានពីផ្កាយរណបនាពេលថ្មីៗនេះទាក់ទងទៅនឹងបំលាស់ទីរបស់សត្វត្មាតនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង បានបង្ហាញឱ្យដឹងថា សត្វត្មាតអាចហោះហើរនៅលើអាកាសបានកម្ពស់ ៦គីឡូម៉ែត្រ និងអាចហើរបានក្នុងល្បឿនរហូតដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវាអាចហើរទៅមកពីអាហារដ្ឋានផ្តល់ចំណីសត្វត្មាតនៅក្នុងដែន ជម្រកសត្វព្រៃឆែប និងដែនជម្រកសត្វព្រៃសៀម ប៉ាងយ៉ាងងាយស្រួល។ ទោះយ៉ាងណា ក៏មានរឿងជាច្រើនទៀតដែលគួរស្វែងយល់អំពីសត្វត្មាត។

សត្វត្មាតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាបរិស្ថាន ព្រោះវាបានស៊ីសាកសពសត្វ ជួយកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងពីសត្វងាប់។ ពួកវាជាភ្នាក់ ងារសំអាតបរិស្ថាន។ ប៉ុន្តែ វាគឺជារឿងដែលធ្វើឱ្យពួកវាមានគ្រោះថ្នាក់ទៅវិញ។ ការប្រើប្រាស់ថ្នាំពុលដែលមានសារធាតុ carbofuran អាចធ្វើឱ្យអន្តរាយដល់សត្វត្មាត។ សារធាតុគីមីដ៏គ្រោះថ្នាក់ទាំងនេះគួរតែត្រូវបានហាមឃាត់ ព្រោះវាក៏បង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សផងដែរ។ ជាលទ្ធផល សត្វត្មាតក្នុងស្រុកទាំងបីប្រភេទ ដែលរស់នៅតាមព្រៃល្បោះនៃប្រទេសកម្ពុជា កំពុងទទួលការគំរាមកំហែងនឹងឈានដល់ការផុតពូជ។

ប្រទេសកម្ពុជាគឺជាក្តីសង្ឃឹមចុងក្រោយសម្រាប់ប្រភេទសត្វត្មាតទាំងនេះនៅក្នុងតំបន់ ប៉ុន្តែចំនួននេះបានធ្លាក់ចុះពាក់កណ្តាលក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។ នៅមានចំនួនសត្វត្មាតមិនច្រើនទេ ដែលកំពង់មានវត្តមាននៅតាមបណ្តោយដងទន្លេមេគង្គ ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទែងត្រែង និងដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ។

លោកម៉ាយឃើល ម៉ីយ័រហូហ្វ (Michael Meyerhoff) នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)បានមានប្រសាសន៍ថា៖ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ អាចមានមោទកភាពចំពោះខ្លួនឯងដែលនៅមានវត្តមានសត្វត្មាតនៅក្នុងប្រទេស ប៉ុន្តែ គ្រប់គ្នាចាំបាច់ត្រូវតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអភិរក្ស តាមរយៈការជួយការពារទីជម្រករបស់សត្វត្មាត និងជាពិសេសត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំបំពុលសត្វព្រៃ។បើមិនដូច្នេះទេ សត្វត្មាតរបស់កម្ពុជានឹងវិនាសផុតពូជដូចនៅក្នុងប្រទេសថៃ និងវៀតណាមជាមិនខាន 

ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានបង្កើតឡើងដោយរួមមាន អង្គការមិនមែនរដ្ឋាភិបាល រដ្ឋាភិបាល និងវិទ្យាស្ថានអប់រំជាន់ខ្ពស់ ក្នុងគោលបំណងទប់ស្កាត់ការផុតពូជរបស់សត្វត្មាតនៅកម្ពុជា។ នៅក្នុងទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិឆ្នាំ២០២០ យើងចូលរួមជាមួយអ្នកអភិរក្សសត្វត្មាតនានានៅទូទាំងពិភពលោកដើម្បីរំឭកដល់សត្វត្មាត។

លោក សេង ទៀក នាយកប្រចាំប្រទេសនៃអង្គការ WWF បានមានប្រសាសន៍ថា “ស្ថានភាពអភិរក្សសត្វត្មាតទាំងបីប្រភេទដែលជាប្រភេទជិតផុតពូជបំផុតនៅកម្ពុជា គឺមានលក្ខណៈគួរឱ្យព្រួយ បារម្ភខ្លាំង។ ថ្នាំសម្លាប់សត្វល្អិតមិនត្រឹមតែបង្កគ្រោះថ្នាក់ខ្លាំងដល់ជីវិតរស់រានរបស់សត្វត្មាតប៉ុ ណ្ណោះទេ វាថែមទាំងប៉ះពាល់ដល់សុខភាពមនុស្ស និងបសុសត្វផងដែរ។ អង្គការ WWF កំពុងតែស្វែងរកការគាំទ្រមតិលើវិធីសាស្ត្រ «សុខភាពមួយ (One Health)» ដែលផ្សារភ្ជាប់សុខភាពរបស់មនុស្ស សត្វ និងបរិស្ថានរួមរបស់យើង ព្រមទាំងជុំរុញឱ្យមានការធ្វើសេចក្តីសម្រេចចិត្តបញ្ឈប់ការបរិភោគសត្វព្រៃ និងការប្រើប្រាស់ដីធ្លី

សមាជិកស្នូលនៃក្រុមអភិរក្សសត្វត្មាតកម្ពុជា (CVWG) រួមមានក្រសួងបរិស្ថាន(MoE) ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ (MAFF) មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ (ACCB) អង្គការជីវិតសត្វស្លាបអន្តរជាតិកម្មវិធីប្រចាំកម្ពុជា (BLI) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) និងសមាជិកសាមញ្ញរួមមាន សមាគម មគ្គុទ្ទេសក៍បក្សីកម្ពុជា (CBGA) អង្គការជីវិតធម្មជាតិកម្ពុជា (NLC)សំ វាសនាខន់សឺវេសិនធួរ (SVC) និងមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ(CBC) នៃសាកល វិទ្យាល័យភូមិន្ទភ្នំពេញ៕ ដោយ៖សំរិត 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print