រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីកាន់បិណ្ឌវេនទី៣ នៅវត្តរាជបូព៌តាមប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ

ចែករំលែក៖

ខេត្តសៀមរាប៖ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីខ្មែរនេះ លោក អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី ព្រមទាំងលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការសាលាខេត្តសៀមរាប បានអញ្ជើញទៅចូលរួមក្នុងពិធីកាន់វេនជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ នៅវេនទី៣ នៅវត្តរាជបូរណ៌ នាថ្ងៃសៅរិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០ ក្នុងសង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ។

បុណ្យភ្ជំបិណ្ឌ ដែលជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ គោរពប្រតិបត្តិតាំងពីដូនតាតរៀងមក ។ ម៉្យាងទៀតពិធីកាន់វេនបិណ្ឌនេះ ពុទ្ធសាសនិកខ្មែរយើងបានប្រារព្ធបដិបត្តិធ្វើឡើងចាប់ពីថ្ងៃ១រោជ ខែភទ្របទ ដល់ថ្ងៃ១៤រោជ ខែ ភទ្របទ រហូតដល់ ថ្ងៃបុណ្យភ្ជំធំ ត្រូវថ្ងៃ១៥រោជ ខែ ភទ្របទ ដែលបងប្អូនជាមន្ត្រីរាជការអ្នកមុខអ្នកការ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋជិតឆ្ងាយបានមកជួបជុំគ្នានាំយកនូវចង្ហាន់ ចំណីអាហារ ទៀនធូក បច្ច័យទៅប្រគេនដល់ព្រះសង្ឃគង់នៅចាំព្រះវស្សា តាមទីវត្តអារាមនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ។

បន្ទាប់ពីការគោរពថ្វាយភួងផ្កា បូជាទៀនធូបចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និង នមសកាព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធរួចមក និង លោក លោកស្រី ថ្នាក់ដឹកនាំ និង បងប្អូនញាតិមិត្ត ពុទ្ធបរិស័ទបានធ្វើពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត ចំពោះមាតាបិតា ជីដូនជីតា និង ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្តដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមឲ្យមកទទួលនូវផល្លានិសង្ឃ ដែលលោក លោកស្រី និង ថ្នាក់ដឹកនាំ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ និង សូមឲ្យអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់ឲ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីឃ្លៀងឃ្លាត ក្នុងឋានសុគតិភពកុំបីខានឡើយ ។

លោក ទៀ សីហា បានលើកឡើងថា បេសកកម្មនៃការថែរក្សាសន្តិភាព និង បន្តឲ្យមាននិរន្តរភាពនៃវឌ្ឍនភាពកម្ពុជា គឺការចូលរួមនិងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជារាស្រ្តកម្ពុជា តាមរយៈនៃការផ្តល់ជំនឿទុកចិត្ត លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និង ជាបីតាសន្តិភាពនៅកម្ពុជា។ ក្នុងនោះឯកឧត្តមក៏បានលើកពី បច្ចុប្បន្នភាព ដែលនៅលើពិភពលោក បានកំពុងជួបនូវបញ្ហាវិបត្តិជម្ងឺកូវិដ១៩ បានធ្វើឲ្យប៉ះពាល់ស្ថានភាពសេដ្ឋកិច្ចយ៉ាងខ្លាំងក្នុងនោះកម្ពុជាក៏បានជួបបញ្ហានេះផងដែរ។ កត្តានេះហើយ អាជ្ញាធរខេត្តសៀមរាប បានកំពុងរួមសហការគ្នាជាមួយវិស័យឯកជន ក៏ដូចបណ្តាអង្គការនានា ក្នុងការស្តារឲ្យរស់ឡើងវិញលើវិស័យទេសចរណ៍នៅខេត្តសៀមរាប ។

លោក បានបន្តទៀតថា ដើមី្បធ្វើស្តារឡើង វិញក្នុងវិស័យទេសចរណ៍ ក៏ត្រូវមានការចូលរួមពីវិស័យពុទ្ធចក្រ ហើយទីវត្តអារាមជាជង្រុកថែរក្សាអភិរក្សនូវ អក្សរសាស្ត្រជាតិ វប្បធម៌ ទំនៀមទម្លាប់ដូនតាខ្មែរយើង និង ជាទីកន្លែងទាកទាញដល់ភ្ញៀវទេសចរណ៍ ចូលមកសិក្សាស្វែងយល់ពីពុទ្ធប្រវត្តិរបស់ ព្រះសម្មាសាម្ពុទ្ធព្រះបរម្យគ្រូនៃយើង ។ ក្នុងនាមប្រជាពលរដ្ឋខេត្តសៀមរាប ក្នុងឱកាសបុណ្យកាន់បិណ្ឌនេះ លោកបានធ្វើការថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់នូវកញ្ចប់ថវិកា ក្នុងការស្តារឡើងវិញលើហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសៀមរាប ចំនួន៣៨ខ្សែ ក្នុងកញ្ចប់ថវិកា១៥០លានដុល្លា ក្នុងការអភិវឌ្ឍន៍ខេត្តទេសចរណ៍មួយនេះ ។ ក្នុងនោះលោកក៏បានធ្វើការក្រើនរំលឹកថ្វាយដល់ព្រះសង្ឃ ពុទ្ធបរិស័យ និង ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌ នេះ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំង បង្កា ទប់ស្កាត់នៃជម្ងឺកូវិដ១៩ គឺត្រូវចេះធ្វើអនាម័យឲ្យបានជាប្រចាំ ដោយដុសលាងដៃនឹងទឹកសាប៊ូ អាល់កុល ឬ ជែល និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ និង រក្សានូវគន្លាតសុវត្ថិភាព ទោះបីនៅកម្ពុជា មិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ក៏ពិតមែន មានតែយើងទេដែលភ្លេចកូវិដ ចំពោះកូវិដមិនភ្លេចយើងឡើយ។

ក្នុងនោះលោកក៏បានធ្វើការវេរប្រគេននូវទ័យ្យទានវត្ថុដល់ព្រះសង្ឃ ដើមី្បសម្រាប់ប្រើប្រាស់នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា នូវគ្រឿងឧបភោគបរិភោគចំនួន ១១ មុខ និង បច្ច័យ ៦លាន ៥៨០ពាន់រៀល និង តាជីយាយជី៥០នាក់ ម្នាក់ៗ ក្រណាត់ស១ដុំប្រាក់១ម៉ឺនរៀលផងដែរ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print