កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបង្ក្រាបថ្នាំញៀនបានជាង២ គីឡូក្រាម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនខ្លួនបុរសម្នាក់ទៅតុលាការក្រោយឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀនជាង២គីឡូក្រាម។ ការបញ្ជូនខ្លួនបុរសខាងលើធ្វើឡើងបន្ទាប់ពីបញ្ជប់សន្និសិទ្ធិកាសែតក្រោមវត្តមានលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក តេង សាម៉ៃ ព្រះរាជអាជ្ញារង អមយការសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០។
លើកឡើងក្នុងសន្និសិទ្ធិកាសែត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថពួនស្ទាក់ឃាត់រថយន្តមួយគ្រឿងដែលចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៦ដែលសង្ស័យ និងបានឃាត់ខ្លួនបុរសម្នាក់ជាមុខសញ្ញាល្មើសនៅវេលាម៉ោង ១០ និង៣៥ នាទីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២០ នៅចំណុចភូមិចក្រី ឃុំជប់វ៉ារី ស្រុកព្រះនេតព្រះ ។  បុរសដែលសង្ស័យមានឈ្មោះ គឹម ហួត ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតរស់នៅភូមិសំរោង ឃុំតាពូង ស្រុកបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិដីក្រហម ឃុំអន្លង់លាបស្រុកវាលវែង ខេត្តពោធិ៍សាត់។ក្រោយឃាត់ខ្លួនកម្លាំងកងរាជអាវុធហត្ថបានដកហូតសម្ភារ និងភស្តុតាងបានមួយចំនួនមានគ្រឿងញៀនមេតំហ្វេតាមីនទឹកកកម្សៅក្រាមពណ៌សថ្លាចំនួន ២ កញ្ចប់ធំទម្ងន់ស្មើនឹង ២.០៦៤ក្រាម រថយន្ត១គ្រឿងម៉ាកតូយ៉ូតាកូរ៉ូឡាពណ៌ប្រផេះខ្មៅ ពាក់ស្លាកលេខភ្នំពេញ2E 3600 ទូរស័ព្ទចំនួន ២ គ្រឿង និងរបស់ពាក់ព័ន្ធជាច្រើនទៀត។
នៅចំពោះមុខសមត្ថកិច្ចជំនាញជនសង្ស័យបានសារភាពថាគ្រឿងញៀនទាំងអស់នេះរូបគេគ្រាន់តែជាអ្នកស៊ីឈ្នួលកាន់យកទៅឲ្យគេប៉ុណ្ណោះ ដោយក្នុងមួយជើងទទួលបានលុយឈ្នួល១,៥០០ដុល្លារ។  នេះជាលើកទីពីរហើយ។
ប្រជាពលរដ្ឋបានសាទរ និងកោតសរសើរដល់កម្លាំងកងរាជអាវុធហត្ថខេត្តមួយនេះដែលប្រតិបត្តិការបង្ក្រាបបានជនសង្ស័យ និងគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់ ។ប្រសិនបង្ក្រាបមិនបាន គ្រឿងញៀនទម្ងន់ជាងពីរគីឡូក្រាមនេះនឹងធ្លាក់ដល់ដៃអ្នកចែកចាយ មិនដឹងជាមានអ្នករងគ្រោះប៉ុន្មាននោះទេ៕

ដោយ៖ សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print