ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំង និងផ្លាស់ប្ដូរមុខតំណែងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត។
ក្នុងពិធីនេះក៏មានការចូលរួមពីលោក ជាវ តាយ អភិបាលខេត្តកំពត លោកសោម ពិសិដ្ឋ អភិបាលខេត្តកែប ប្រតិភូអមដំណើរ ព្រមទាំងមន្ត្រី និងកងកម្លាំងពាក់ព័ន្ធជាច្រើនរូបផងដែរ។
យោងតាមសម្រេចរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្រេចតែងតាំងលោកវរសេនីយ៍ឯក ហុក ចន្តា ពីមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពត ទៅជាមេបញ្ជាការជំនួសលោកឧត្តមសេនីយ៍ទោ យឹន ប៊ុនធឿន ដែលត្រូវតែងតាំងជាមេបញ្ជាការរងយោធភូមិភាគទី៣។
ក្នុងពិធីនោះដែរ ក៏មានការតែងតាំង បំពាក់ឋានន្តរស័ក្តិជូននាយទាហានតំបន់ប្រតិបត្តិការសឹករងកំពតជាច្រើនរូបផងដែរ៕ ដោយ៖ សសម