ក្រុមបាតុករក្នុងទីក្រុង Minsk ប្រទេសបេឡារុស បានដង្ហែក្បួនឆ្ពោះទៅកាន់វិមានប្រធានាធិបតី Alexander Lukashenko ក្នុងសប្តាហ៍ទី៤ដើម្បីប្រឆាំងរដ្ឋាភិបាលនិងទាមទារឱ្យប្រធានាធិបតី លាលែងចេញពីតំណែង។
ក្រុមបាតុករប្រមាណជាង១សែននាក់ចូលរួមបាតុកម្ម ប្រឆាំងរដ្ឋាភិបាល ហើយកម្លាំងប្រឆាំងបាតុកម្មបានបិទផ្លូវចូលទៅកាន់ ទីតាំងរដ្ឋាភិបាលដោយមាន រថក្រោះរថពាសដែកការពារ។ ក្រុមបាតុករជ្រុលនិយមបង្កអំពើហិង្សា បណ្តាលឲ្យមានអ្នករងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ។
សារព័ត៌មាន Interfax បានផ្សាយថា មន្ត្រីបេឡារុសបានចាប់បាតុករជាង១០០នាក់ដែលមានសកម្មភាពហិង្សា។ កម្លាំងប្រឆាំងបាតុកម្មបានចាត់វិធានការតឹងតែងបំផុតប្រឆាំងក្រុមបាតុករ ប៉ុន្តែមិនអាចទប់ស្កាត់ក្រុមបាតុករបានឡើយ។
លោក Barys Goretsky សមាជិក សមាគមអ្នកសារព័ត៌មាន បេឡារុសបានឲ្យដឹងថា «ភាគច្រើនពលរដ្ឋអស់ទំនុកចិត្តទៅលើប្រធានាធិបតី ហើយពលរដ្ឋបានច្រានចោលលទ្ធផលបោះឆ្នោត និងប្រកាសបន្តចូលរួមធ្វើបាតុកម្មក្នុងរយៈពេលវែងទៀតផង។
ការបោះឆ្នោតប្រធានាធិបតីបេឡា
រុសនាពេលកន្លងមក ប្រធានាធិបតី Alexander Lukashenko ទទួលបានការគាំទ្រដល់ទៅ៨០ភាគរយ បន្តដឹកនាំប្រទេសបេឡារុស ក្រោយ២៦ឆ្នាំកាន់អំណាចដឹកនាំប្រទេសនេះ៕ ដោយ៖ធីរីណា