ខេត្តពោធិ៍សាត់៖ ក្រសួងបរិស្ថាននឹងចាត់ចែងកាត់ឆ្វៀលដីក្នុងតំបន់ការពារធនធានធម្មជាតិក្នុងស្រុកចំនួន៣ ជូនប្រជាពលរដ្ឋកាន់កាប់និងអាស្រ័យផលជាក់ស្តែង ។ នេះបើយោងតាមការបង្ហោះលើផេកផ្លូវការរបស់ ក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានដឹកនាំកិច្ចប្រជុំចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋកាន់កាប់និងអាស្រ័យផលជាក់ស្តែង ដើម្បីអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល លើការស្នើសុំកាត់ឆ្វៀលដីក្នុងតំបន់ការពារធនធានធម្មជាតិក្នុងស្រុកចំនួន៣ រួមមានស្រុកក្រគរ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅវេទិកាក្នុងសាលាខេត្ត ដោយបានការអញ្ជើញចូលរួម ពីលោក លោកស្រីអភិបាលរងខេត្តប្រធាន អនុប្រធានមន្ទីរមានការពាក់ព័ន្ធ ប្រតិភូក្រសួងបរិស្ថាន ក្រុមអភិរក្ស អាជ្ញាធរស្រុក ក្រុង និងមេឃុំ ចៅសង្កាត់មានការពាក់ព័ន្ធជាច្រើននាក់ទៀត៕
ដោយ៖ សិលា