លោក ឃួង ស្រេងបើកការដ្ឋានស្ថាបនាមហាវិថីថ្មី១ខ្សែទទឹង៣០ម៉ែត្រ និងបណ្តោយជាង៥គីឡូម៉ែត្រចាប់ពីផ្លូវលេខ១០០៣ដល់មហាវិថីឈ្នះ=ឈ្នះ ដើម្បីជួយសម្រួលចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ ការដ្ឋានស្ថាបនាមហាវិថីថ្មីមួយខ្សែដែលមានទទឹង៣០ម៉ែត្រ និងបណ្តោយផ្លូវជាង៥គីឡូម៉ែត្រដោយចាប់ពីផ្លូវលេខ១០០៣ ផ្លូវបត់ចូលផ្សារទំនើបអុីអនម៉លសែនសុខ ស្របតាមប្រឡាយមេខាងជើងរាជធានីភ្នំពេញ រហូតដល់មហាវិថី ឈ្នះ=ឈ្នះ ក្នុងខណ្ឌឫស្សីកែវបានដំណើរការបើកការដ្ឋានហើយ ។
ពិធីបើកការដ្ឋានបានធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ នៅលើបណ្តោយផ្លូវនេះ ក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងថា មហាវិថីថ្មីនេះរត់ត្រង់ជួរភ្ជាប់មកមហាវិថីអង្គរ ឆ្ពោះមករង្វង់មូលកាំកូ ជាប្រភេទផ្លូវភ្លោះ មានប្រវែង៥.៨៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ ជាផ្លូវបេតុងអាម៉េ កម្រាស់ ២០សង់ទីម៉ែត្រ។ ក្នុងនោះ ផ្លូវសងខាង ១២ម៉ែត្រ សួនកណ្តាល២ម៉ែត្រនិងចិញ្ចើមផ្លូវសងខាង២ម៉ែត្រ ផ្លូវទ្វេទិស មាន៣គន្លងសម្រាប់រថយន្តទៅមក និង១គន្លងសម្រាប់ទោចក្រយានយន្តទៅមក។ ដាក់បណ្តាញលូសងខាងផ្លូវទំហំ០.៨ម៉ែត្រ ប្រវែង ១១.៧២០ម៉ែត្រ និងដាក់លូឆ្លងកាត់ទទឹងផ្លូវចំនួន៨ កន្លែង។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា នៅកណ្តាលសួនច្បារនៃមហាវិថីនេះ ក៏មានដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវព្រែកជា២ ដាំដើមជ្រៃដើម្បីជារបាំងពន្លឺចាំងភ្នែក និងលម្អ និងដាំស្មៅជាមួយនឹងការរៀបការ៉ូឡា និងរៀបខឿនចិញ្ចើមផ្លូវសងខាង និងដាំដើមឈើ ដំឡើងភ្លើងស្តុបចរាចរណ៍ចំនួន៤កន្លែង លាបគំនូសចរាចរណ៍ និងដំឡើងស្លាកសញ្ញាចរាចរ ណ៍ផងដែរ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែនបានធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ មានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនយ៉ាងឆាប់រហ័ស ។ជាក់ស្តែងកំណាត់ផ្លូវយើងបានស្ថាបនាឡើងជាផ្លូវថ្មី ដែលមានទទឺងរហូតជាង៥គីឡូម៉ែត្រនិងមានទទឹង៣០ម៉ែត្រ អាចកាត់បន្ថយការកកស្ទះចរាចរណ៍នៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអុីអន ម៉ល សែនសុខ) ដល់មហាវិថីឈ្នះ=ឈ្នះ ក្នុងខណ្ឌឫស្សីកែវ។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ថា កំណាត់ផ្លូវនេះ ស្ថាបនាដោយក្រុមហ៊ុនឯកជន តែស្ថិតក្រោមការត្រួតពិនិត្យបច្ចេកទេសពីមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។លោកក៏បានស្នើសុំឱ្យប្រជាពលរដ្ឋចូលរួមសហការនិងយោគយល់ចំពោះផលប៉ះពាល់និងការរំខានពីការដ្ឋាននេះ។
លោក ឃួង ស្រេង ក្នុងឱកាសនោះក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋនិងគណៈគ្រប់គ្រងវត្តអារាម វិហារសាសនាទាំងអស់ បង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩ ដោយត្រូវអនុវត្តនូវរាល់វិធានការទាំងឡាយទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ បើទោះបី មកដល់ពេលនេះស្ថានភាពបង្ការ និង គ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ–១៩ នៅរាជធានីភ្នំពេញ គ្មានការចម្លងក្នុងសហគមន៍ក៏ដោយ ប៉ុន្តែនៅលើពិភពលោក និងបណ្តាទីក្រុងនៃប្រទេសមួយចំនួនក្នុងតំបន់អាស៊ានជំងឺនេះនៅតែបន្តរីករាលដាល គួរឲ្យព្រួយបារម្ភបំផុត ៕

ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print