អាជ្ញាធរខេត្ត និងអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានជំរុញដល់មន្ត្រីបច្ចេកទេសពន្លឿនលើការសាងសង់អគារពន្ធនាគារថ្មីឲ្យបានឆាប់និងមានគុណភាព

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ប្រសាសន៍ជំរុញរបស់ អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក ញ៉ែម សារី រួមទាំងអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ លោកអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានលើកឡើងក្នុងពេលលោកអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា «ក្រុងពាលី» សាងសង់សមិទ្ធផលថ្មី នៃពន្ធនាគារខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០។
ពិធីបញ្ចុះបឋមសិលាសាងសង់សមិទ្ធផលថ្មី នៃពន្ធនាគារខេត្តនេះ បានប្រព្រឹត្តទៅតាមបែបសាសនា ដែលមានការចូលរួមពីប្រតិភូអមដំណើរ មន្ត្រីតាមមន្ទីរ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ជាច្រើនរូបចូលរួមផងដែរ។

អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក ឈន សាណាត បានថ្លែងថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង សម្តេចបានផ្តល់ថវិកាសម្រាប់ការសាងសង់សមិទ្ធផលថ្មីនៅក្នុងពន្ធនាគារខេត្ត ដើម្បីប្រើប្រាស់នៅក្នុងអង្គភាពពន្ធនាគារខេត្ត និងបម្រើការងារផ្នែករដ្ឋបាលដល់មន្ត្រីពន្ធនាគារតាមតម្រូវការ ។

រីឯការផ្តល់ជូននេះបានធ្វើឡើងតាមរយៈអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។ លោកថា សមិទ្ធផលថ្មីដែលត្រូវសាងសង់នេះមានដូចជា អគាររដ្ឋបាល អគារស្នាក់នៅរបស់មន្រ្តីពន្ធនាគារ អគារប៉ុស្តិ៍សុខភាព និងអគារឃុំឃាំងថ្មីសម្រាប់ពិរុទ្ធជន ដើម្បីប្រើប្រាស់ក្នុងអង្គភាពពន្ធនាគារ និងការបម្រើផ្នែករដ្ឋបាលពន្ធនាគារ ឲ្យកាន់តែមានភាពងាយស្រួល និងប្រសើរឡើងថែមទៀត ។

លោក ញ៉ែម សារី អភិបាលរងខេត្តបានថ្លែងនិងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្ត ដែលបានខិតខំអនុវត្តការងារនាពេលកន្លងមក ក៏ដូចនៅគ្រាបច្ចុប្បន្ន ប្រកបដោយការទទួល ខុសត្រូវខ្ពស់ និងបានយ៉ាងល្អប្រសើរ ។លោកបានជំរុញដល់មន្ត្រីបច្ចេកទេសដែលទទួលខុសត្រូវលើការសាងសង់សំណង់អគាររដ្ឋបាលពន្ធនាគារ ត្រូវខិតខំយកចិត្តទុកដាក់ និងពន្លឿនលើការងារសាងសង់នេះឲ្យបានកាន់តែឆាប់កាន់តែប្រសើរ ប្រកបដោយស្តង់ដារគុណភាព និងត្រឹមត្រូវតាមក្បួនបច្ចេកទេស នៃសំណង់។

អភិបាលរងខេត្ត លោក ញ៉ែម សារី និងអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ លោក ឈន សាណាត បានក្រើនរំលឹកដល់មន្រ្តីពន្ធនាគារខេត្តទាំងអស់ត្រូវបន្តអនុវត្តតាម សារាចរណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ ជាពិសេសមន្រ្តីពន្ធនាគារទាំងអស់ ត្រូវមានម៉ាស៊ីនវាស់កម្តៅ ទឹកអាល់កុល ជែល និងម៉ាស់ ដើម្បីការពារការឆ្លងជំងឺដ៏កាចសាហាវនេះ៕

ដោយ៖ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print