លោក សុខ សម្បត្តិ អំពាវឲ្យសិស្សានុសិស្សអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ វិធានទប់ស្កាត់ កូវីដ១៩នៃដំណើរការសិក្សាដំណាក់កាលទី២

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសចុះពិនិត្យការបើកដំណើរការសិក្សាដំណាក់កាលទី២របស់សិស្ស នៅសាលាបឋមសិក្សាព្រែកព្នៅ និងអនុវិទ្យាល័យព្រែកព្នៅ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ លោកសុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានអំពាវនាវដល់សិស្សានុសិស្ស ទាំងអស់ត្រូវខិតខំប្រឹង ប្រែងរៀនសូត្រ ស្ដាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលា ពិសេសគឺត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងការរីករាលដាលនៃជម្ងឺកូវីដ១៩ ដែលកំពុង បង្កើនឥទ្ធិពលយ៉ាងខ្លាំងនៅទូទាំងពិភពលោក។ 

 លោកអភិបាលខណ្ឌបានបន្ដថា ទោះជាស្ថាពភាពជម្ងឺកូវីដ១៩នៅកម្ពុជា មានលក្ខណៈល្អប្រសើរក្ដី ក៏យើងមិនអាចធ្វើសប្រហែសបានឡើយ យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់។ ក្នុងនាម សិស្សានុសិស្សក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប គឺមានកាតព្វកិច្ចក្នុងការចូលរួមសកម្មភាពទប់ស្កាត់ជម្ងឺកូវីដ១៩ គ្រប់កាលៈ ទេសៈ គឺត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត ត្រូវអនាម័យលាងដៃនិងសាប៊ូគ្រប់ពេលវេលា និងចៀសវាងការប្រមូលផ្តុំគ្រប់រូបភាព។

លោក សុខ សម្បត្តិ បានលើកឡើងថា ដោយសារតែជម្ងឺ កូវីដ១៩ ក្មួយៗសិស្សានុសិស្ស ខានជួបជុំគ្នា ខានសិក្សារៀនសូត្រអស់រយៈពេលជាច្រើនខែ។ប៉ុន្ដែ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ពេលនេះក្មួយៗបានដំណើរការសិក្សា រៀនសូត្រដំណាក់កាលទី២ឡើងវិញ។

ជាចុងក្រោយលោកអភិបាលខណ្ឌ សំណូមពរដល់ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូទាំងអស់ សូមចូលរួមទាំងអស់គ្នា រឹតបន្តឹងទាំងការបង្រៀន និងការរៀន ការគោរពវិន័យសាលា ពិសេសត្រូវប្រុងប្រយ័ត្នការពារការ ឆ្លងមេរោគកូវីដ១៩ ព្រោះថាវិធានការ ការពារគឺជាវិធីដ៏ប្រសើរបំផុត ដូចមានពាក្យស្លោករបស់អ្នកជំនាញផ្នែកសុខាភិបាលបានលើកឡើងថា ការពារប្រសើជាងព្យាបាល។  

ដោយឡែកសម្រាប់ មាតា បិតា អាណាព្យាបាលសិស្ស ក៏ត្រូវរួមចំណែកក្នុងការត្រៀមលក្ខណៈរៀបចំឲ្យកូនចៅរបស់ខ្លួនឲ្យបាន គ្រប់គ្រាន់ដូចជាម៉ាស់ ទឹក និងអាហារ ព្រោះក្នុងដំណើរការសិក្សាដំណាក់កាលទី២នេះតាមសាលារៀននិមួយៗមិនអនុញ្ញាតិឲ្យលក់អាហារឬទឹកនៅក្នុងសាលាឡើយ។ ជាមួយនេះត្រូវដឹងពីកាលវិភាគ សិក្សាកូនចៅរបស់ខ្លួន ព្រោះការសិក្សាដំណាក់កាលទី២នេះ ផ្នែកសិស្សបឋមសិក្សា គឺរៀនមិនបានពេញលេញដូចដំណាក់កាលទី១ឡើយ ដោយក្នុងថ្នាក់និមួយៗត្រូវបែងចែកជាក្រុម។

សម្រាប់ថ្នាក់ដែលមានសិស្សត្រឹម៤០នាក់ត្រូវចែកជា២ក្រុម រៀន១ថ្ងៃ សម្រាក១ថ្ងៃ ឯថ្នាក់មានសិស្សចាប់ ពី៥០នាក់ឡើងទៅ៦០នាក់ ត្រូវចែកជា៣ក្រុម រៀន១ថ្ងៃសម្រាក២ថ្ងៃ។ ចំណែកសិស្សមធ្យមសិក្សាគឺរៀនពេញម៉ោង សម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២។ ក្រៅពីថ្នាក់ទាំង២ខាងលើ គឺសិក្សាទ្រង់ទ្រាយតូចដោយ ត្រូវជួបជាមួយគ្រូម្ដងឬ២ដងប៉ុណ្ណោះក្នុង១សប្ដាហ៍។ នេះបើតាមយោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជននិងកីឡា៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print