អន្តរជាតិ៖ បើយោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យនៃរដ្ឋកាលីហ្វ័រញ៉ា បានអះអាងកាលពីថ្មីៗនេះថា ករណីភ្លើងឆេះព្រៃនៅស្រុក El Dorado តំបន់ San Bernardino ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា គឺបណ្តាលមកពីផ្សែងកាំជ្រួចក្នុងពិធីជប់លៀងបង្ហាញភេទរបស់ទារកក្នុងផ្ទៃ។ ដោយករណីភ្លើងឆេះព្រៃនេះ បានចាប់ឆាបឆេះឡើងនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ដោយអគ្គិភ័យ បានលេបត្របាក់ផ្ទៃដី២ពាន់៨រយហិកតានិងបង្ខំឲ្យមនុស្សជាច្រើននាក់ជម្លៀសខ្លួនចេញពីលំនៅឋាន។
ក្នុងហេតុការណ៍នេះដែេ អាជ្ញាធររដ្ឋកាលីហ្វ័រញ៉ា ក៏បានបង្ហោះសារក្នុងបណ្តាញសង្គមTwitter ដោយព្រមាន៖ អ្នកដែលធ្វេសប្រហែស ឬធ្វើសកម្មភាពខុសច្បាប់ខាងលើ អាចនឹងត្រូវទទួលទោសព្រហ្មទណ្ឌ ក៏ដូចជាសំណងទឹកប្រាក់។ ភ្លាមៗនោះកម្លាំងនាយកដ្ឋានពន្លត់អគ្គីភ័យនិងអាជ្ញាធរបានប្រើប្រាស់អ្នកពន្លត់អគ្គីភ័យចំនួន៥០០នាក់ និងឧទ្ធម្ភាគចក្រ៤គ្រឿង។
គួរបញ្ជាក់ថា រដ្ឋកាលីហ្វ័រញ៉ា នៅឆ្នាំ២០២០នេះ បានរងគ្រោះពីភ្លើងឆេះព្រៃចំនួន៣ លើកធំៗដែលឆេះរាលដាលគ្របដណ្តប់ផ្ទៃដីចំនួន១,៦លានហិកតា និងបានសម្លាប់មនុស្សចំនួន៨នាក់ ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធចំនួន៣,៣០០ខ្នងក្នុងរយៈពេល៣សប្តាហ៍ចុងក្រោយនេះ។ មិនតែប៉ុណ្ណោះក្រៅតែពីភ្លើងឆេះព្រៃ ដែលបណ្តាលមកពីមនុស្ស កត្តាអាកាសធាតុក្តៅ និងរន្ទះក៏បណ្តាលឲ្យមានភ្លើងឆេះផងដែរ។ ខណៈដែលឆ្នាំនេះអាកាសធាតុ នៅរដ្ឋកាលីហ្វ័រញ៉ាមានសភាពក្តៅ និងស្ងួតខ្លាំង ដោយសីតុណ្ហភាពកើនឡើងខ្ពស់ពីចន្លោះពី ៤៦ទៅ ៤៩ អង្សារសេ។
ជាក់ស្តែងកាលពីថ្ងៃទី២០ ខែសីហា កន្លងទៅ ករណីភ្លើងឆេះព្រៃដែលបណ្តាលមកពីរន្ទះនេះ ត្រូវបានគេឲ្យឈ្មោះថា LNU Complex Fire បានពង្រីកទំហំដល់ទៅ ៥ម៉ឺន៣ពាន់ ហិកតា ដែលមានទំហំ១០ដងធំជាងកោះ Manhattan នៅទីក្រុងញ៉ូវយក។
ចំណែកភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋនេះ ដែលបានឆាបឆេះកាលពីថ្ងៃទី៤ កញ្ញា បានរាលដាលលើផ្ទៃដីចំនួន១ម៉ឺន៨ពាន់ហិកតា ដែលបណ្តាលឲ្យមនុស្សចំនួន២០០នាក់ ជម្លៀសខ្លួនតាមយន្តហោះដោយសារតែផ្លូវត្រូវបានកាត់ផ្តាច់ដោយសារភ្លើងឆេះ។ក្នុងចំណោមនោះ២០នាក់ត្រូវចូលសម្រាកក្នុងមន្ទីរពេទ្យ។ រីឯ ប៉ូលីសក្រុងSan Diego វិញ បានបញ្ជាឲ្យពលរដ្ឋជម្លៀសខ្លួនចេញពីផ្ទះសម្បែងដោយស្ម័គ្រចិត្តខណៈភ្លើងកំពុងតែឆាបឆេះផ្ទៃដី៤,០០០ ហិកតា បំផ្លាញហេដ្ឋារចនាសម្ព័ន្ធអស់១១ខ្នង នៅភាគខាងកើតទីក្រុងដែលមានប្រជាជនរស់នៅប្រមាណ៣លាននាក់។ ជាសរុប រដ្ឋកាលីហ្វ័រញ៉ា បានប្រើប្រាស់អ្នកពន្លត់អគ្គីភ័យចំនួន ១ម៉ឺន៥ពាន់នាក់ ដើម្បីបង្ក្រាប់ភ្លើងឆេះទាំងតូចទាំងធំចំនួន២៤ កន្លែងនៅជុំវិញរដ្ឋ។
បើយោងតាមអ្នកនាំពាក្យក្រុមហ៊ុនអគ្គីសនី លោកReggie Kumar ការអនុវត្តវិធីសាស្ត្រនេះធ្វើឡើងជាលើកចុងក្រោយកាលពី២០ឆ្នាំមុនថា៖ភ្លើងឆេះព្រៃនេះ ក៏បណ្តាលឲ្យខ្វះអគ្គីសនីប្រើប្រាស់ផងដែរ។ មន្ត្រីរដ្ឋកាលីហ្វ័រញ៉ា បានអំពាវនាវឲ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់ឧបករណ៍អគ្គីសនី និងភ្លើងបំភ្លឺ។ចំណែកក្រុមហ៊ុនអគ្គីសនី Southern California Edison ដែលផ្គត់ផ្គង់អគ្គីសនីដល់មនុស្ស៥លាននាក់កាលពីថ្ងៃទី៦ កញ្ញា បានប្រាប់អ្នកប្រើប្រាស់ខ្លួនពីលទ្ធភាពពីការឆ្លាស់ម៉ោងផ្តល់អគ្គីសនីប្រើប្រាស់ពីចន្លោះម៉ោង៤ល្ងាច ទៅ៩យប់។ការឆ្លាស់ម៉ោងផ្តល់អគ្គីសនីប្រើប្រាស់ គឺជារឿងកម្របំផុត ៕ដោយ៖ស តារា