ខេត្តកំពង់ចាមៈ យុវតីម្នាក់បានលង់ទឹកស្លាប់បាត់បង់យ៉ាងអណោចអធ៍ម ខណះពេលដែលរូបនាងនិងក្រុមគ្រួសារបានទៅហែលទឹកលេងកំសាន្តនៅឆ្នេរកោះប៉ែនក្នុងថ្ងៃចូលឆ្នាំចិន វៀតណាមដំបូង។
ហេតុការណ៍នេះកើតឡើងនៅម៉ោង ៣និង១៥នាទី ហើយសាកសពជនរងគ្រោះត្រូវបានសម្មត្ថកិច្ច រាវរកឃើញនៅម៉ោង៤និង១៥នាទី ថ្ងៃទី៧ ខែគុម្ភះ ឆ្នាំ២០១៦ នៅចំណុចតំបន់កំសាន្ត កោះប៉ែន ស្ថិតក្នុងភូមិកោះប៉ែនក ឃំុកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លោកវរសេនីយ៍ ជា ធារិទ្ធ អធិការនគរបាលស្រុកកំពង់សៀម បានបញ្ជាក់ឲ្យបានដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ាន សុខធានី អាយុ១៧ឆ្នាំ រស់នៅភូមិគមមហា ឃំុវិហាធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មុនពេលកើតហេតុជនរងគ្រោះ បានមកលេងជាមួយក្រុមគ្រួសារនៅតំបន់កំសាន្តខាងលើ។
លោកបន្តថា ក្មេងស្រីរងគ្រោះត្រូវបានទឹកហូរគួចយកទៅបាត់ ក្នុងខណៈពេលដែលជនរងគ្រោះបាន និងកំពុង ហែលលេងជាមួយក្រុមគ្រួសាររបស់ខ្លួន។ ហើយភ្លាមៗនោះក្រុមគ្រួសារ រួមជាមួយប្រជាពលរដ្ឋដែលទៅកំសាន្តនៅទីនោះ និងកម្លាំងសមត្ថកិច្ចបានចេញ ជួយអន្តរាគមន៍ដែរ ប៉ុន្តែរកសពមិនឃើញ លុះដល់ម៉ោងប្រមាណ៤៖១៤នាទី រសៀលថ្ងៃដដែលនេះ សពត្រូវបានរកឃើញទាំងដាច់ខ្យល់បាត់ទៅហើយ។
លោកអធិការក៏បានបញ្ជាក់ថា ក្រោយរកឃើញ សពជនរងគ្រោះសមត្ថកិច្ចបានជួយហៅរថយន្តសង្គ្រោះបន្ទាន់ដឹកសពយកទៅធ្វើបុណ្យនៅគេហដ្ឋានតាមប្រពៃណី ។
ជាមួយគ្នានិងឧប្បដិហេតុគួឲ្យអាសូនិងអណោចអធម៍នេះ មតិមហាជនមួយចំនួនក៏បានសំណូមពរទៅអាជ្ញារធរពាក់ព័ន្ធធ្វើរយ៉ាងណា កោះហៅអ្នកគ្រប់គ្រងរឺឈ្មួញដែលដេញភាសីុបាននៅតំបន់កំសាន្តឆ្នេរខ្សាច់កោះប៉ែន មកណែនាំឲ្យមានដាក់សញ្ញានៅតំបន់ទឹកនៅឆ្នេរកោះប៉ែនទាំងនោះថា កន្លែងណាដែលចះុហែលទឹកលេងបាននិងមិនបាន ជៀសវាងមានឧប្បដិហេតុដូចករណីខាងលើ ហើយកំុគិតតែទាថ្លៃសេវ៉ាគ្រប់បែបយ៉ាងហើយគ្មានការទទួលខុសយ៉ាងនេះ៕វណ្ណះ