នៅថ្ងៃទី៨ ខែកញ្ញា មីយ៉ាន់ម៉ា បានចាប់ផ្តើមបើកយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ដោយសារតែបញ្ហាកូវីដ-១៩ ឆ្លងរាលដាលបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពឃោសនាបោះឆ្នោត ហើយអ្នកចូលរួមច្រើនបំផុតមានតែ៥០នាក់ប៉ុណ្ណោះ។ អ្នកនាំពាក្យគណបក្ស ជាតិដើម្បីប្រជាធិបតេយ្យ (NLD) កាន់អំណាច បានប្រកាសថា គណបក្សមានគម្រោងបញ្ជូនក្រុមការងារទៅតាមផ្ទះដើម្បីចែកឯកសារស្តីពីគោលនយោបាយនិងទង់ជាតិ។
មេដឹកនាំគណបក្ស NLD លោកស្រី អង់សាន ស៊ូជី បានប្រកាសលុបចោលដំណើរការឃោសនាបោះឆ្នោតដោយមូលហេតុខ្លាចការឆ្លងរាលដាលកូវីដ-១៩ កាន់តែច្រើនឡើង។
ការបោះឆ្នោតលើកនេះ មាន គណបក្សនយោបាយចូលរួមសរុប៩៧គណបក្ស។ ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា គណបក្សកាន់អំណាចរបស់លោកស្រីអង់សាន ស៊ូជីនឹងទទួលបានការគាំទ្រខ្ពស់បំផុតពីពលរដ្ឋ ។
ពាក់ព័ន្ធការឆ្លងកូវីដ-១៩ មកទល់ពេលនេះ មីយ៉ានម៉ាមានករណីឆ្លងកូវីដ-១៩ សរុប១.៧០៩នាក់ និងមានអ្នកស្លាប់១០នាក់។ ជាមួយគ្នានេះក៏មានអ្នកព្យាបាលជាសះសប្បើយជាង ៤៦០នាក់ ផងដែរ៕