Messi ដែលមានអាយុ៣៣ឆ្នាំបានដាក់សំណើផ្ទេរកាលពីថ្ងៃទី២៥ ខែសីហាកន្លងទៅ ប៉ុន្តែគាត់បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា គាត់នឹងស្នាក់អេស្ប៉ាញបន្តទៀត ពីព្រោះមិនអាចទៅរួចទេសម្រាប់ក្រុមណាមួយក្នុងការចំណាយច្រើនលើរូបគាត់។ នេះជាលើកទី១ ហើយដែលកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានចូលហ្វឹកហាត់នៅក្លិបចាប់តាំងពីការមកដល់របស់អ្នកចាត់ការថ្មីលោក Ronald Koeman ។
Barcelona ចាប់ផ្តើមយុទ្ធនាការ La Liga របស់ពួកគេប្រឆាំងនឹង Villarreal នៅថ្ងៃទី ២៧ ខែកញ្ញា។
Messi បានខកខានមិនបានចូលរួមការធ្វើតេស្តរបស់ក្លិបពីជំងឺកូវីដ-១៩កាលពីថ្ងៃទី៣០ ខែសីហា ហើយគាត់បានអវត្តមានពីការហ្វឹកហាត់ចាប់តាំងពីបានផ្ញើទូរសារជូនដំណឹងដល់ក្លិបអំពីបំណងប្រាថ្នារបស់គាត់ដើម្បីអនុវត្តក្នុងកិច្ចសន្យាដែលគាត់ចង់ចាកចេញដោយឥតគិតថ្លៃ និងមានប្រសិទ្ធិភាពភ្លាមៗ ។ទាំងក្រុម Barcelona និងលីកកំពូលអេស្ប៉ាញ La Liga បានទទូចថា ប្រការនេះមិនមានសុពលភាពទេ ពោលគឺបើមានក្លិបណាដែលមានបំណងចង់ទិញរូបគេតម្រូវឲ្យបង់ប្រាក់ចំនួន៧០០លានអឺរ៉ូ (៦២៤លានផោន) ទើបអាចយកកីឡាកររូបនេះបាន។
លោក Javier Tebas ប្រធាន La Liga បាននិយាយនៅក្នុងពិធីបើករដូវកាល La Liga រដូវកាល២០២០-២០២១ កាលពីថ្ងៃចន្ទថា លោកមិនដែលមានការព្រួយបារម្ភអ្វីឡើយ ពីរឿងដែល Messi នឹងចាកចេញពីក្លិប Barcelona នៅរដូវក្តៅនេះ។ លោកអះអាងថា “យើងចង់ឲ្យ Messi នៅជាមួយយើង គាត់គឺជាកីឡាករឆ្នើមបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ហើយយើងចង់ឲ្យគាត់បញ្ចប់អាជីពរបស់គាត់នៅ La Liga។ គាត់បាននៅជាមួយយើងអស់រយៈពេល២០ឆ្នាំហើយយើងរីករាយណាស់ដែលគាត់បានស្នាក់នៅជាមួយយើងហើយមិនទៅលេងនៅលីកផ្សេងទៀត” ៕ ដោយ៖ ភារៈ