អន្តរជាតិ៖ ប៉ូលីសអេស្បាញ បានចាប់វាយខ្នោះស្ត្រីម្នាក់ ដែលមានវិជ្ជមាន COVID-19 ហើយបានទៅជិះស្គីលំហែកាយនៅសមុទ្រនៅលើឆ្នេរ La Zurriola របស់ទីក្រុង San Sebastian ក្រោមបទឧក្រិដ្ឋនៃការមិនស្តាប់បង្គាប់ និងមិនខ្វល់ពីការណែនាំរបស់មន្ត្រីដែលបានស្នើឱ្យនាងងើបចេញពីទឹក ។ ក្រោយប៉ូលីសឃាត់ខ្លួននាងហើយនោះ ក៏បានធ្វើការផាកពិន័យជាទឹកប្រាក់ ៥,៥០០ ផោន (ស្មើ៧,១០០ដុល្លារ) ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។
បើតាមប្រភពពីប្រជាជនដែលនៅកន្លែងកម្សាន្តខាងលើនេះ បាននិយាយថា ស្ត្រីរូបនោះ ធ្វើការជាអ្នកសង្គ្រោះអ្នកលង់ទឹក (Lifeguard) ហើយមិត្តរួមការងាររបស់នាង គឺជាអ្នកដែលបានទូរស័ព្ទរាយការណ៍ពីករណីនេះ បន្ទាប់ពីបានឃើញស្ត្រីរូបនេះ បានចុះទៅជិះស្គីលំហែកាយទាំងដែលខ្លួនមានផ្ទុកជំងឺ។
បច្ចុប្បន្ន ស្ត្រីរូបនោះត្រូវបានជាប់ពិន័យជាប្រាក់ ៥,៥០០ផោន ហើយប្រសិនបើរកឃើញថានាងបានចម្លងជំងឺទៅអ្នកផ្សេងទៀត នាងនឹងត្រូវប្រឈមការពិន័យជាប្រាក់ ១០០,០០០ផោនឯណ្ណោះ ៕ដោយ៖ស តារា