ក្រុមជម្រើសជាតិបែលហ្ស៊ិក, ក្រុមជម្រើសជាតិបារាំង និងក្រុមជម្រើសជាតិព័រទុយហ្គាល់ទទួលបានជ័យជម្នះរៀងៗខ្លួនលើគូប្រកួតក្នុងព្រឹត្តិការណ៍ប្រកួត National League កាលពីរាត្រីម្សិលមិញ។ ក្នុងនោះក្រុមជម្រើសជាតិបែលហ្ស៊ិកបានយកឈ្នះក្រុមអ៊ីស្លង់ក្នុងលទ្ធផល ៥ទល់១។
ក្នុងការប្រកួតនោះក្រុមអ៊ីស្លង់បានរកគ្រាប់បាល់នាំមុខមុននៅនាទីទី១០ ដោយកីឡាករ Fridjonsson ប៉ុន្តែត្រូវក្រុមបែលហ្ស៊ិកបំបាក់វិញដោយរកបាន២គ្រាប់នៅតង់ទី១ និង៣គ្រាប់នៅតង់ទី២។ គ្រាប់ទី១របស់បែលហ្ស៊ិករកបានដោយកីឡាករ Witsel នៅនាទីទី១៣, គ្រាប់ទី២រកបានដោយកីឡាករ Batshuayi នៅនាទីទី១៧, គ្រាប់ទី៣រកបានដោយកីឡាករ Mertens នៅនាទីទី៥០, គ្រាប់ទី៤រកបានដោយកីឡាករ Batshuayi ដដែលនៅនាទីទី៦៩ និងគ្រាប់ចុងក្រោយរកបានដោយកីឡាករ Doku នៅនាទីទី៧៩។
ចំណែកក្រុមជម្រើសជាតិបារាំងបានយកឈ្នះគូសត្រូវចាស់របស់ខ្លួនគឺក្រុមក្រូអាតក្នុងលទ្ធផល៤ទល់២ ដែលក្រុមជម្រើសជាតិបារាំងបានបាល់ប៉េណាល់ទីរហូតដល់២គ្រាប់។ នៅនាទីទី១៦ កីឡាករ Lovren របស់ក្រុមក្រូអាតបានរកគ្រាប់បាល់នាំមុខទៅលើបារាំង ប៉ុន្តែនៅនាទីទី៤៣ ខ្សែប្រយុទ្ធ Griezmann រកបាន១គ្រាប់សងវិញ ហើយនៅនាទីទី៤៥ជិតចប់ការប្រកួតតង់ទី១ហើយ កីឡាករLivaković បានស៊ុតបាល់ប៉េណាល់ទី១គ្រាប់ទៀតធ្វើឲ្យក្រុមបារាំងនាំមុខ២ទល់១ក្នុងតង់ទី១។ នៅតង់ទី២ក្រុមបារាំងរកបាន២គ្រាប់ទៀត Upamecano នៅនាទីទី៦៥ ហើយនៅនាទីទី៧៧ កីឡាករ Giroud បានបាល់ពិន័យ១១ម៉ែត្រទៀត ធ្វើឲ្យចប់ការប្រកួតបារាំងយកឈ្នះក្រូអាតក្នុងលទ្ធផល ៤ទល់២។
ដោយឡែកក្រុមអតីតម្ចាស់ជើងឯកយូរ៉ូ២០១៧ ព័រទុយហ្គាល់បានយកឈ្នះក្រុមស៊ុយអែតក្នុងលទ្ធផល២ទល់០ ដែល២គ្រាប់នោះរកបានដោយខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ម្នាក់ឯងគឺនៅចុងតង់ទី១ នាទីទី៤៥ និង១គ្រាប់ទៀតនៅនាទីទី៧២ ក្នុងតង់ទី២។ ក្នុងការប្រកួតនេះក្រុមទាំង២មានការគ្រប់គ្រងបាល់ប្រហាក់ប្រហែលគ្នា ប៉ុន្តែឱកាសរបស់ព័រទុយហ្គាល់មានច្រើន ហើយនៅនាទីទី៤៤ កីឡាករ Svensson របស់ក្រុមស៊ុយអែតទទួលបានកាតក្រហម ត្រូវអាជ្ញាកណ្តាលពិន័យឲ្យចេញពីទីលាន ដោយសារតែបង្កកំហុស២ដងទៅលើកីឡាករក្រុមព័រទុយហ្គាល់។ ចប់ការប្រកួតព័រទុយហ្គាល់បន្តទទួលបានជ័យជម្នះជាលើកទី២ក្នុងពានរង្វាន់ National League ៕ ដោយ៖ ភារៈ