រដ្ឋមន្ត្រីការបរទេសចិន៖ អាមេរិកគឺជាអ្នកជម្រុញ ឲ្យមានសកម្មភាពយោធា នៅសមុទ្រចិនខាងត្បូង

ចែករំលែក៖

អន្តរជាតិ៖ បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០នេះថា លោក វ៉ាង យី(Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានថ្លែងថា សហរដ្ឋអាមេរិកបាននិងកំពុងលូកលាន់ដោយផ្ទាល់ ចូលក្នុងជម្លោះដែនដីនិងដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីតែប្រយោជន៍នយោបាយរបស់ខ្លួនឯងប៉ុណ្ណោះ។

លោករដ្ឋមន្ត្រីការបរទេសចិនរូបនេះ ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងវីដេអូខុនហ្វេរិន ជាមួយបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃពុធទី៩ ខែកញ្ញាម្សិលមិញនេះ ហើយក៏បានឆ្លៀតចោទប្រកាន់ត្រង់ៗផងដែរថា សហរដ្ឋអាមេរិកគឺជាកត្តាដ៏ចម្បង ដែលជំរុញឱ្យមានសកម្មភាពយោធានៅក្នុងតំបន់។

លោក វ៉ាង យី បានសង្កត់ធ្ងន់ថា ចិនមានបំណងរក្សាទំនាក់ទំនង និងចង់មានកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការ។ លោករដ្ឋមន្ត្រីការបរទេសរូបនេះ បានគូសបញ្ជាក់ថា «សន្តិភាព និងស្ថេរភាពគឺជាផលប្រយោជន៍យុទ្ធសាស្ត្រដ៏អស្ចារ្យរបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង»

គួរបញ្ជាក់ថា កាលពីខែសីហាកន្លងទៅ សហរដ្ឋអាមេរិកបានកត់បញ្ចូលក្រុមហ៊ុនចិនចំនួន ២៤ និងបុគ្គលជាច្រើននាក់ ទៅក្នុងបញ្ជីខ្មៅទណ្ឌកម្មដោយចោទថា ពួកគេមានជាប់ពាក់ព័ន្ធនឹងសកម្មភាពយោធា និងការសាងសង់ហេដ្ឋរចនាសម្ព័ន្ធយោធាចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បួង។ ក្រៅពីនេះសហរដ្ឋអាមេរិក ក៏បានបញ្ជូននាវាដឹកយន្តហោះចម្បាំង មកកាន់តំបន់សមុទ្រខាងត្បូងផងដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print