ហ៊ីយ៉ាន់ដាយដឹកដីបុកហ៊ីយ៉ាន់ដាយដឹកភ្ញៀវស្លាប់ជនជាតិចិន២នាក់ និងម្នាក់រងរបួសធ្ងន់ម្នាក់

ចែករំលែក៖

​កំពង់ឆ្នាំង ៖ ជនជាតិចិនដែលជាក្រុមសាងសង់ទំនប់អាចាំង នៅស្រុកបរិបូរណ៍ ២នាក់បានស្លាប់ និង ម្នាក់ទៀតបានរងរបួសធ្ងន់ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ករឡើងដោយរថយន្តហ៊ីយ៉ាន់ដាយដឹកដីបុកហ៊ីយ៉ាន់ដាយដឹកភ្ញៀវ​ប្រភេទទេសចរណ៍ ។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៥ល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
​នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក ឈឹម សារុន បានអោយដឹងថា នៅមុនពេលកើតហេតុ បុរសជនជាតិចិន ដែលមានគ្នា៣នាក់ ជិះរថយន្តម៉ាកហីយ៉ាដាយមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ២S -០៦៦៣ ចេញពីផ្លូវលំ ឃុំអញ្ចាញរូង ឆ្ពោះមកកាន់ផ្លូវជាតិលេខ៥ ។ ពេលមកដល់ផ្លូវជាតិ បុរសជនជាតិចិនទាំង៣នាក់នោះ បានឈប់រថយន្ត នៅក្បែចិញ្ចើមផ្លូវ រួចចុះពីលើរថយន្តមកឈចាំមិត្តភ័ក្តិមួយក្រុម ទៀតមកពីខេត្តពោធិសាត់ ។
​ក្នុងខណៈពេលនោះ ស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងទៀត ជាប្រភេទរថយន្តបែនដឹកដី ពាក់ស្លាកលេខកំពង់ឆ្នាំង ៣A-០៦០៥ បើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ។ រថយន្តនេះបានបើកយ៉ាងលឿន ហើយបានបើកវ៉ាជែង រថយន្តនៅខាងមុខ ដោយសារផ្លូវមានសណ្ឋានកោងផងនោះ បានជ្រុលទៅបុក រថយន្តនិងបុរសជនជាតិទាំងបីនាក់នោះ ពេញមួយទំហឹង បណ្តាលអោយរថយន្តបង្ករ ក្រឡាប់ធ្លាក់ទៅក្នុងប្រឡាយទឹកបះជើងទ្រមេឃតែម្តង ។
​ប្រភពនៅកន្លែងកើតហេតុបានអោយដឹងទៀតថា បុរសជនជាតិចិន ដែលស្លាប់នៅកន្លែងកើតហេតុ មានឈ្មោះ ជូ ឆាយឈាន អាយុ៤៦ឆ្នាំ និង ២នាក់ទៀតដែលរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនតាមរថយន្តសង្រ្គោះ ភ្លាមៗមកកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ប៉ុន្តែក្រោយមកបានស្លាប់ម្នាក់ទៀតដោយសារស្ថានភាពធ្ងន់ធ្ងរមិនអាចសង្រ្គោះបាន ។
ក្រោយពេលកើតហេតុគេឃើញអ្នកបើកបររថយន្តបង្ក គេចខ្លួនបាត់ ចំពោះមធ្យោបាយបង្ករត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរិបូរណ៍ រង់ចាំធ្វើកាដោះស្រាយទៅតាមផ្លូវច្បាប់។ ចំពោះសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមការងារ ចាត់ចែងតាមនីតិវិធី ។ចន្ថា

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print