លែងប្រពន្ធហើយមិនអស់ចិត្ត មកអោបប្រពន្ធតែប្រពន្ធមិនឲ្យអោបក្លាយជាហិង្សាប្តីចិត្តប្ញស្យា កាប់ប្រពន្ធ៥កាំបិតរបួសធ្ងន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់លែងលះគ្នាជាមួយប្រពន្ធរយៈពេលជាង១០ថ្ងៃមកហើយគិតពី(២៨ខែសីហា២០២០ដល់ថ្ងៃទី១១កញ្ញា២០២០បែរមានចិត្តប្រចណ្ឌជាមួយស្ត្រីជាប្រពន្ធ ក៏យកកាំបិតមកកាប់យ៉ាងសាហាវគ្មានញញើតដៃ បណ្តាលឲ្យរងរបួសធ្ងន់ ខណៈពេលស្ត្រីរងគ្រោះមកពីហូបបាយជាមួយមិត្តភក្តិស្រីដូចគ្នានៅវេលាម៉ោង០៩និង២០នាទីយប់ថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០២០ នៅភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកមាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ ជនរងគ្រោះ ឈ្មោះ ឃាង ឆវី ភេទស្រី អាយុ ៤៨ឆ្នាំ នៅភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ចំណែកជនសង្ស័យ ឈ្មោះ ហាន តៃ ភេទប្រុសអាយុ៤៩ឆ្នាំ (អតីតជាប្តី ជនរងគ្រោះ) ។
លោកអធិការបានបញ្ជាក់ថា៖ ស្ត្រីរងគ្រោះ និងជនដៃដល់ជាប្តី បានធ្វើលិខិតលែងលះគ្នា កាលពី ថ្ងៃទី២៨ខែសីហា ឆ្នាំ២០២០ ដោយបាននាំគ្នាទៅផ្តិតមេដៃ នៅផ្ទះលោកមេភូមិ។ ចំណែកបុរសជាប្តីសុខចិត្ត ចុះចេញពីផ្ទះហើយ ទៅរស់នៅជាមួយប្អូន ដែលមានផ្ទះជិតផ្ទះជនរងគ្រោះ ។ចំណែកស្ត្រីរងគ្រោះរស់នៅម្នាក់ឯង ចំណែកកូនចំនួន៣នាក់ បានទៅធ្វើការនៅប្រទេសថៃ ។ចំពោះការលែងលះគ្នានេះ គឺដោយសារតែបុរសជាប្តីបានយកស្រីមកដេកនៅនឹងផ្ទះខណៈពេល ដែលស្ត្រីរងគ្រោះជាប្រពន្ធទៅធ្វើការនៅថៃជាមួយកូន ដើម្បីរកលុយមកដោះសងបំណុលគេ តែប្តីបានសុំទិញម៉ូតូសិន ប្រពន្ធក៏ព្រមឲ្យទិញ ។ក្រោយទិញម៉ូតូបានហើយប្រពន្ធតែងតែផ្ញើលុយមកជារៀងរាល់ខែដើម្បីឲ្យប្តីដោះសងជំពាក់គេ តែប្តីមិនបានសងគេទេបែរយកលុយនាំស្រីមកដេកនឹងផ្ទះទៀត។នៅថ្ងៃមួយនៅពេលប្រពន្ធត្រឡប់ពីថៃមកផ្ទះវិញបានជួបហេតុការណ៍ឃើញប្តីយកស្រីមកដេកនឹងផ្ទះ តែជនរងគ្រោះមិនបាននិយាយស្តីអ្វីទេ ដោយគ្រាន់តែប្រាប់ថាបើលេងស្រីឲ្យចេះការពារ ហើយក៏មានរឿងបន្តិចបន្តួចក៏ឈប់ទៅ បន្ទាប់មកបុរសជាប្តីបានដឹកស្រីទៅបាត់ ។ក្រោយមកបានរយៈពេលប្រហែល ជាមួយសប្តាហ៍ ជនដៃជាប្តីបានសុំលុយប្រពន្ធចំនួន៥ពាន់បាតធ្វើម៉ូតូ តែប្រពន្ធថាម៉ូតូថ្មីខូចអី ធ្វើម៉ូតូមួយទៀត ។ពេលប្រពន្ធឲ្យលុយយកលុយនោះទៅដេកជាមួយស្រី ចំណែកម៉ូតូក៏មិនបានធ្វើហើយកើតជារឿងរ៉ាវ បុរសជាប្តីថារស់នៅជាមួយគ្នាមិនបានទេ មានតែលែងលះគ្នា ។ដោយប្រពន្ធឆ្អែតចិត្តដែរ ថាលែងគ្នាក៏បាន ប្តីចិត្តកំណាចបានសរសេរលិខិតដោយខ្លួនឯងហើយនាំគ្នាទៅផ្តិតមេដៃនៅផ្ទះមេភូមិ ។
លោកអធិការបានបន្តថា៖ក្រោយពីលែងលះគ្នាហើយ បុរសជាប្តីនោះចង់មកផ្សះផ្សារជាមួយប្រពន្ធវិញតែប្រពន្ធមិនព្រម ហើយប្អូនបង្កើតជនដៃនិយាយថារឿងនេះបងទេជាអ្នកខុស តែបើចង់ជួបចែវិញចាំរកចាស់ទុំទៅនិយាយជាមួយចែ ។នៅយប់ថ្ងៃកើតហេតុមានមិត្តភក្តិជនរងគ្រោះឈ្មោះ ខាន់ សុលេម ភេទស្រី អាយុ៤៨ឆ្នាំនៅភូមិជាមួយគ្នា បានមកឌុបជនរងគ្រោះទៅហូបបាយនៅផ្ទះរបស់គេ នៅពេលត្រឡប់មកវិញ មិត្តភក្កិនោះក៏ឌុបមកផ្ទះវិញឈប់នៅមុខផ្ទះ ស្រាប់តែពេលនោះ បុរសជាប្តីបានដើរតម្រង់មកដោយមានកាន់កាំបិតខ្វែវ ស្ទុះមកអោបស្ត្រីរងគ្រោះ ពេលនោះក៏មានការប្រតាយប្រតប់គ្នា ជនដៃដល់កាប់ ស្ត្រីរងគ្រោះត្រូវចំនួន០៥កន្លែង៖ ត្រូវមុខចំច្រមុះមកត្រចៀក, ត្រូវមាត់មកថ្គាម , ត្រូវស្មា ខាងស្តាំ, ត្រូវកញ្ចឹង ក , ត្រូវកំភួនដៃឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមង្គលបូរី។ជនដៃដល់ជាប្តី ក្រោយពីធ្វើសកម្មភាពរួចបានកាន់កាំបិតរត់គេចខ្លួនបាត់ ពេលនេះកម្លាំងនគរបាលស្រុក កំពុងធ្វើ ការស្រាវជ្រាវ ដើម្បីចាប់ឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕ដោយ៖វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print