ខេត្តតាកែវ៖ លោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានដឹកនាំកម្លាំងចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់នៅភូមិបឹងលាច ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលតែងតែធ្វើសកម្មភាពចែកចាយយ៉ាងអនាអធិបតេយ្យនោះបានហើយ និងរកឃើញគ្រឿងញៀនមួយចំនួនផងដែរ ។
ការចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនបានដោយជោគជ័យនេះគឺ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ។
ការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១៦៖០០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិបឹងលាច ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។
មុខសញ្ញារូបនេះ មានឈ្មោះ ធន គែល ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិបឹងលាច ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។
លោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទីបានថ្លែងប្រាប់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះថា បន្ទាប់ពីទទួលបានព័ត៌មានពីពលរដ្ឋល្អថា មានករណីជួញដូរនិងចែកចាយគ្រឿងញៀនយ៉ាងសកម្មនោះ លោកបានបញ្ជាកម្លាំងសហការគ្នាដឹកនាំដោយផ្ទាល់ចុះបង្ក្រាបតែម្តង ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី ។
ជុំវិញការបង្ក្រាបនេះ ប្រជាពលរដ្ឋរស់នៅភូមិបឹងលាច បានថ្លែងអំណរអរគុណយ៉ាងសប្បាយរីករាយដល់លោកអធិការនគរបាលស្រុកបាទី ដែលបានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនរូបនេះ ហើយសង្ឃឹមថា នៅភូមិបឹងលាច នឹងលែងកើតមានបទល្មើសគ្រឿងញៀនទៀតហើយ ៕ ដោយ៖ ចេស្តា