ក្រសួងការបរទេស​ចិន៖ ព្រមានទៅទីក្រុង​វ៉ាស៊ីនតោន បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​និស្សិត​ចិន ​ដែល​កំពុង​រៀនសូត្រ​នៅ​ទឹកដី​អាមេរិក

ចែករំលែក៖

អន្តរជាតិ៖ ក្រោយ​ពីសហរដ្ឋអាមេរិក​ បានដកហូត​ទិដ្ឋាការ​ពី​និស្សិត និង​អ្នកស្រាវជ្រាវ​ចិន ​ប្រមាណ​ជា១០០០​នាក់​ក្រោម​ហេតុផល​ថា លួច​ស៊ើបការណ៍​ឲ្យ​រដ្ឋាភិបាល​ចិននោះ ។ ក្រសួងការបរទេស​ចិន បានប្រតិកម្មទៅវិញភ្លាមៗ ដោយស្នើ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​និស្សិត​ចិន ​ដែល​កំពុង​រៀនសូត្រ​នៅ​ទឹកដី​អាមេរិក ព្រោះ​វា​ប៉ះពាល់​ដល់​ការផ្លាស់ប្ដូរ​រវាង​ប្រជាជន​ប្រទេស​ទាំងពីរ​ ។ មិនតែប៉ុណ្ណោះអ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ ក៏បានព្រមាន​ថា ចិន​អាច​ចាត់វិធានការ​តប​វិញ​។​

​ជាក់ស្តែង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Zhao Lijian នា​សន្និសីទ​សារព័ត៌មាន​មួយកាលពីថ្ងៃទី​១០ ខែកញ្ញាថ្មីៗនេះ បានចាត់ទុកថា៖ ​ការដកហូត​ទិដ្ឋាការ​ពី​និស្សិត និង​អ្នកស្រាវជ្រាវ​ចិន​ ដោយ​ក្រសួងការបរទេស​អាមេរិក នេះគឺជា​ទង្វើ​ឆ្គាំឆ្គង ដែល​ផ្ទុយ​ពី​ការអះអាង​របស់ខ្លួន​ថា ជា​ប្រទេស​បើកចំហ និង​មាន​សេរីភាព​។ ដែលសកម្មភាព​នេះ ក៏​ដើរ​ផ្ទុយ​ពី​ការ​យោបល់​របស់​សាធារណជន​ទូទៅ​ក្នុងប្រទេស​ទាំងពីរ ក៏ដូចជា​និន្នាការ​ផ្លាស់ប្ដូរ​រវាង​ប្រជាជន​នៅលើ​ពិភពលោក​ជាទូទៅ​។​

​សូមជម្រាបថា ក្រសួងការបរទេស​អា​មេ​រិ​ក កាលពីថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ២០២០ បានប្រកាសថា ខ្លួន​បាន​លុបចោល​ទិដ្ឋាការ​ដែល​ផ្ដល់​ឲ្យ​ជនជាតិ​ចិន​ជាង​១០០០​នាក់​គិត​តាំងពី​ថ្ងៃទី​១ ខែមិថុនា​មក ដែល​ក្នុងនោះ​មាន​ទាំង​និស្សិត​កំពុង​សិក្សា​នៅ​អាមេរិក និង​អ្នកស្រាវជ្រាវ​នៅតាម​សាកលវិទ្យាល័យ​នានា​ផង​។ ការលុបចោល​នេះ ជាការ​អនុវត្តតាម​បញ្ជា​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​តែង​ចោទ​ចិន​ថា ប្រើប្រាស់​និស្សិត​ចិន​ដើម្បី​ប្រមូល​ព័ត៌មាន​នានា​ឲ្យ​រដ្ឋាភិបាល​ប៉េកាំង​។

​ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិនលោក Zhao ប្រាប់​អ្នកកាសែត​ជាច្រើន​ថា សកម្មភាព​បែបនេះ ប៉ះពាល់​ផលប្រយោជន៍ និង​សិទ្ធិ​ស្របច្បាប់​របស់​និស្សិត​ចិន​ដែល​កំពុង​សិក្សា​នៅ​អាមេរិក ហើយក៏​ជាការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ពេញទី ការរើសអើង​ជាតិ​សាសន៍ព្រមទាំង​បំពាន​សិទ្ធិមនុស្ស​របស់​ជនជាតិ​ចិន​ទាំងនោះ​។ អ្នកនាំពាក្យ​រូបនេះ ប្រាប់​អាមេរិក​ឲ្យ​បញ្ឈប់​ការ​រឹតត្បិត​ដែល​គ្មាន​ហេតុផល និង​ការ​សង្កត់សង្កិន​សិទ្ធិ​និស្សិត​ចិន​ក្រោម​ហេតុផល​គ្រប់​ទម្រង់​។​

ជាមួយគ្នានេះដែរ ​មន្ត្រី​ក្រសួងការបរទេស​ចិន​រូបនេះ​ ជាសារព្រមានទៅកាន់​អាមេរិក​ លោកនិយាយថា៖«​យើង​គាំទ្រ​និស្សិត​ចិន​ក្នុងការ​ការពារ​សិ​ទ្ទិ​ស្របច្បាប់ និង​ផលប្រយោជន៍​ក្រោម​ច្បាប់​កំណត់​។ ចិន​រក្សា​សិទ្ធិ​ក្នុងការ​ឆ្លើយតប​ថែមទៀត​។​»

​គួរបញ្ជាក់ថា បច្ចុប្បន្ននេះសិស្ស​ចិន​រៀន​នៅ​អាមេរិក ប្រភព​ចំណូល​ដ៏​សំខាន់​មួយ​របស់​បណ្ដា​សាកលវិទ្យាល័យ​អាមេរិក​ក្នុង​កាលៈទេសៈ​ដែល​ជំងឺ COVID-19 កំពុង​រាតត្បាត​នោះ​។ នៅ​ឆ្នាំ​២០១៩ និ​ស្សិ​ចិន​មាន​ជិត​៣៧​ម៉ឺន​នាក់ រៀន​នៅ​អាមេរិក ជាមួយ​អ្នកស្រាវជ្រាវ​ជាច្រើន​ទៀត​។ យ៉ាងណាមិញ ទីក្រុង​វ៉ាស៊ីនតោន​អះអាងថា និស្សិត​ចិន​កាន់តែច្រើន បាន​ក្លាយជា​ឧបករណ៍​របស់​បក្ស​កុម្មុយនីស្ត​ចិន​ក្នុងការ​លួច​ស៊ើបការណ៍​សំងាត់​ពី​អាមេរិក​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print