តៃវ៉ាន់ ត្រូវតែត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់ក្នុងការ​ធ្វើសង្គ្រាម​ជាមួយ​ចិន​ ,នេះបើតាមការអះអាងពីក្រសួងការពារជាតិ​តៃវ៉ាន់

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពី​ចិន​ បានធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​នៅក្បែរ​ឆ្នេរ​ភាគ​និរតី និង​បញ្ជូន​យន្តហោះ​ចម្បាំង​ហោះចូល​ដែនអាកាស​របស់​តៃវ៉ាន់​ ក្នុងរយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​។ លោក Yeh Kuo-hui អនុប្រធាននាយកដ្ឋាន​គម្រោង និង​ប្រតិបត្តិការ​នៃ​ក្រសួងការពារជាតិ​តៃវ៉ាន់ កាលពីថ្ងៃទី​១០ ខែកញ្ញា​ ឆ្នាំ២០២០ បានប្រកាសថា៖ តៃវ៉ាន់ ត្រូវតែ​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់ ក្នុងការ​ធ្វើសង្គ្រាម​ជាមួយ​ចិន​។

ជាក់ស្តែង បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​ បានចេញផ្សាយថា កាលពីថ្ងៃទី​១០ ខែកញ្ញាកន្លងទៅ លោក​Yeh Kuo-hui អនុប្រធាននាយកដ្ឋាន​គម្រោង និង​ប្រតិបត្តិការ​នៃ​ក្រសួងការពារជាតិ​តៃវ៉ាន់ បានលើកឡើង​យ៉ាង​ដូច្នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាន់​មួយ​ថា​៖«​យើង​ត្រូវតែ​រៀបចំ​ឲ្យ​បាន​គ្រប់គ្រាន់​ទាំងអស់ ដើម្បី​រួចរាល់​ក្នុងការ​ធ្វើសង្គ្រាម​»​។ ការលើកឡើង​របស់លោក​Yeh បែបនេះធ្វើឡើង​បន្ទាប់ពី​យន្តហោះ​ចម្បាំង​ចិន​ប្រភេទ Su-30 និង​J-10 ជាច្រើន​គ្រឿង បាន​ហោះចូល​ក្នុង​ដែនអាកាស​របស់​តៃវ៉ាន់​២​ថ្ងៃ​ជាប់​គ្នា​។

​ជាមួយគ្នានេះ លោក​Yeh Kuo-hui ក៏បាន​ទទូច​ឲ្យ​ចិន​គ្រប់គ្រង​កងទ័ព​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ ដើម្បី​បញ្ចៀស​ការប៉ះទង្គិច​ណាមួយជាពិសេស​គឺ​យន្តហោះ​ចម្បាំង​របស់​ចិន ដែល​ហោះចូល​តំបន់​ឆ្លើយតប​របស់​តៃវ៉ាន់​។

​បើយោងតាម​រាយការណ៍តៃវ៉ាន់ ថា៖ ចិន​បានធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក និង​អាកាស នៅក្បែរ​ឆ្នេរ​ភាគ​និរតី​របស់ខ្លួន ដែល​សកម្មភាព​នេះទីក្រុង​តៃប៉ិ​បាន​ចាត់ទុកថា គឺជា​សកម្មភាព​គំរាម​របស់​ចិន ដើម្បី​ឲ្យ​តៃវ៉ាន់​ទទួលយក​ច្បាប់ ឬ​តាម​សំណើ​របស់​ចិន ក្នុងការ​បង្រួបបង្រួម​ប្រទេស​។ សមយុទ្ធ​យោធា​នេះ បានធ្វើ​ឡើង​នៅ​ចន្លោះ​កោះ​តៃវ៉ាន់ និង​ប្រជុំ​កោះ Pratas ដែល​ស្ថិតក្រោម​ការ​គ្រប់​គ្រង់​របស់​តៃវ៉ាន់​ផងដែរ​។​ ហើយសមយុទ្ធ​យោធា​របស់​ចិន កំពុង​គំរាមកំហែង​ស្ថិរភាព​ក្នុង​តំបន់ និង​បង្ក​គ្រោះថ្នាក់​ដល់​ការហោះហើរ​អន្តរជាតិ​។ មិនតែប៉ុណ្ណោះលោកYeh បាន​យល់ឃើញ​បែបនេះ និង​ប្រាប់​ទៅ​ចិន​ថា​៖ «​យើង​សូម​និយាយ​ម្តងទៀត កុំ​មើលស្រាល​ការប្តេជ្ញា​របស់​យោធា​តៃវ៉ាន់​ក្នុងការ​ការពារ​ទឹកដី​។ យើង​ជឿជាក់ និង​អាច​ការពារ​ប្រទេស​របស់​យើង​»​។

​សូមជម្រាបផងដែរថា តៃវ៉ាន់ ក៏បាន​ចែករំលែក​ព័ត៌មាន​នេះ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ផងដែរ​។ ហើយសហរដ្ឋអាមេរិក ទំនងជា​ប្រទេស​ដែល​តៃវ៉ាន់​ផ្ដល់ព័ត៌មាន​លើ​សកម្មភាព​យោធា​របស់​ចិន​។ ជុំវិញបញ្ហានេះ មន្ទីរ​បញ្ច​កោណ​អាមេរិក ក៏​អះអាងដែរថា៖ ខ្លួន​បាន​តាមដាន​សមយុទ្ធ​យោធា​នេះ​យ៉ាង​ម៉ត់ចត់​។

​គួរបញ្ជាក់ថា ចិន​មួយរយៈ​ចុងក្រោយ​នេះ បាន​បង្កើន​ការធ្វើ​សមយុទ្ធ​យោធា​លើទឹក​យ៉ាងខ្លាំងបំផុត​។ បន្ទាប់ពី​ធ្វើ​សមយុទ្ធ​យោធា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នៅក្នុង​ខែសីហា​កន្លងទៅ ចិន​បានធ្វើ​សមយុទ្ធ​នៅក្នុង​សមុទ្រ Bohai នៅ​ថ្ងៃទី​៧ ខែកញ្ញា និង​នៅ​ភាគខាងត្បូង​នៃ​សមុទ្រ​លឿង នៅ​ថ្ងៃទី​៨ និង​៩ ខែកញ្ញា​។ ខណៈសមយុទ្ធ​យោធា​ចុងក្រោយ គឺ​នៅក្បែរ​ឆ្នេរ​ភាគ​និរតី​របស់​តៃវ៉ាន់​តែម្តង​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print