អន្តរជាតិ៖ លោក គីម ជុងអ៊ុន (Kim Jong Un) មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) បានចុះត្រួតពិនិត្យការដ្ឋានសាងសង់ឡើងវិញ នៃតំបន់ដែលរងគ្រោះដោយទឹកជំនន់នៅភាគខាងជើង ខេត្តវ៉ាងហេង (Hwanghae)។ នេះបើតាមទីភ្នាក់ងារព័ត៌មានមជ្ឈិមរបស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃសៅរ៍ទី១២ ខែកញ្ញា ឆ្នាំ២០២០ ។
បើតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានចេញផ្សាយនៅរសៀលថ្ងៃសៅរ៍ទី១២ ខែកញ្ញា ឆ្នាំ២០២០នេះថា ក្នុងអំឡុងពេលនៃការត្រួតពិនិត្យនៅឯតំបន់អ៊ុនផា (Unpha County) នៃភាគខាងជើងខេត្ត Hwanghae លោក គីម ជុងអ៊ុន បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃការកសាងឡើងវិញ និងផែនការការងាររបស់កងទ័ពកូរ៉េខាងជើង ដោយលោកបាននិយាយថា «ភូមិមួយដែលបានផ្លាស់ប្តូររូបរាងរបស់វាមកវិញ ក្នុងរយៈពេលប្រហែល ៣០ថ្ងៃនេះ គឺជាអព្ភូតហេតុមួយដែលអាចបង្កើតឡើងបាន ដោយសារតែបុគ្គលិកផ្តល់សេវាកម្ម នៃកងទ័ពប្រជាជនកូរ៉េរបស់យើងតែប៉ុណ្ណោះ»។
លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា នៅឆ្នាំនេះលោកបានប្រមូលកងទ័ពជាច្រើន ដើម្បីស្រោចស្រង់ពីការខូចខាត ដែលបណ្ដាលមកពីគ្រោះទឹកជំនន់ និងឥទ្ធិពលព្យុះទីហ្វុង ហើយកងទ័ពទាំងអស់គួរតែចាត់ទុកការស្តារឡើងវិញនេះ ជាការងារនយោបាយមួយសម្រាប់ ការផ្សាភ្ជាប់សាច់ឈាមរវាងគណបក្ស និងប្រជាជនយើង។
សូមជម្រាបថា ប្រទេសកូរ៉េខាងជើងបានជួបប្រទះព្យុះ និងភ្លៀងធ្លាក់យ៉ាងដំណំនៅរដូវក្តៅនេះ ដែលមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកហើយ និងបានទទួលរងនូវការខាតបង់យ៉ាងធំធេង ដោយគេហដ្ឋានរាប់ពាន់ខ្នងបានរងការខូចខាត និងមួយផ្នែកធំនៃដីស្រែបានលិចលង់ ដោយសារតែឥទ្ធិពលខ្យល់ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយចំនួន ដែលបានបោកបក់ប្រទេសនេះជាបន្តបន្ទាប់ ចាប់តាំងពីចុងខែសីហាមកម្ល៉េញ៕ដោយ៖ស តារា