អភិបាលស្រុកបន្ទាយស្រី “ភូមិព្រះដាក់” គឺជាផ្នែកមួយនៃបេសកកម្មអភិរក្សភូមិបុរាណនៅក្នុងតំបន់បេតិកភណ្ឌ

ចែករំលែក៖

ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី១៣ កញ្ញានេះថា ភូមិព្រះដាក់ ជាភូមិបុរាណមួយក្នុងតំបន់អង្គរ ដើម្បីរក្សាតម្លៃនៃភូមិនេះ ក៏ដូចជាដើម្បីភាពទាក់ទាញនៃវិស័យទេសចរណ៍ផងនោះលោក កំពុងអនុវត្តន៍ផែនការចែកកូនឈើមួយចំនួនដូចជា៖ ដើមស្លា ដើមយិតថោ ដើមឥន្ទនេលជាដើម ដើម្បីឱ្យអ្នកភូមិដាំនៅតាមផ្ទះ ដែលដើមឈើទាំងនោះ ធ្លាប់ជាអត្ដសញ្ញាណសម្រាប់ភូមិបុរាណក្នុងតំបន់អង្គរ។

ជាក់ស្តែងនៅក្នុងសំណេរគណនីហ្វេសប៊ុករបស់លោកអភិបាលស្រុកបន្ទាយស្រីរូបនេះ បានបញ្ជាក់ថា៖ «ជាផ្នែកមួយនៃបេសកកម្មអភិរក្សភូមិបុរាណនៅក្នុងតំបន់បេតិកភណ្ឌមួយនេះ ឱ្យរក្សាបាននូវអត្ដសញ្ញាណដើមនៃទម្លាប់រស់នៅរសប់ខ្លួនតាមបែបជនបទ និងបង្កើតគុណនៃភាពទាក់ទាញខាងផ្នែកទេសចរណ៍ រដ្ឋបាលស្រុកកំពុងសហការជាមួយអាជ្ញាធរភូមិ ឃុំ សប្បុរសជន អ្នកស្ម័គ្រចិត្តសង្គម និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកភូមិខ្លួនឯងផ្ទាល់ ដើម្បីប្រែក្លាយភូមិព្រះដាក់ឱ្យទៅជាភូមិគំរូប្រចាំស្រុកបន្ទាយស្រី» តាមការលើកឡើងរបស់លោក ហ្វីណង់ កូនឈើសរុបប្រមាណ៣០០ដើម មានដើមស្លា ដើមយិតថោ និងដើមឥន្ទនេល បានចែកជូនដល់អ្នកភូមិព្រះដាក់ សម្រាប់ដាំលម្អនៅតាមផ្ទះ។

យ៉ាងណាមិញ លោក ហ្វីណង់ បានហៅសកម្មភាពនេះថា ជាផ្នែកមួយនេះផែនការ យុទ្ធសាស្រ្ដភាពជាគំរូ ដែលរដ្ឋបាលស្រុកកំពុងយកមកអនុវត្តន៍ជាបណ្ដើរៗ ដែលរួមមានការជំរុញឱ្យរស់នៅស្អាត ការស្វ័យគ្រប់គ្រងលើបញ្ហាសំរាម ការតម្រង់ទិសខាងមុខរបរនិងជីវភាព និងចលនាប្រឡងប្រណាំងផ្ទះស្អាតជាដើម។

បន្ថែមពីនេះ អភិបាលស្រុកបន្ទាយស្រីរូបនេះ រំពឹងថា៖ អ្នកភូមិព្រះដាក់នឹងមានមោទកភាពចំពោះអ្វីដែលខ្លួនមាន ស្ងប់ស្ញែងនឹងកេរដំណែលចាស់ និងបង្កើតភាពអស្ចារ្យតាមរយៈការមិនផ្លាស់ប្ដូរនូវអត្ដសញ្ញាណ។ លោកបន្ថែម៖« បុរាណមិនយឺត សម័យមិនបរទេស គួរតែជាអ្វីដែលអ្នកព្រះដាក់គ្រប់ៗគ្នាតោងធ្វើឱ្យបាន»៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print