នាយករដ្ឋមន្ត្រីនូ​វែ​ល​សេ​ឡង់ អះអាងថា៖ នឹង​លើក​ចោលការ​រឹតត្បិត​នៅ​ទូទាំងប្រទេស​នៅសប្ដាហ៍ក្រោយនេះ

ចែករំលែក៖

អន្តរជាតិ៖ នៅ​ថ្ងៃចន្ទទី​១៤ ខែកញ្ញា ឆ្នាំ២០២០នេះ លោកស្រី​ចា​ស៊ីន​ដា អា​ឌើ​ន (Jacinda Ardern) នាយករដ្ឋមន្ត្រីនូ​វែ​ល​សេ​ឡង់ បាន​លើកឡើងថា ប្រទេសរបស់ខ្លួន នឹង​លើក​ចោលការ​រឹតត្បិត​នៅ​ទូទាំងប្រទេស​ត្រឹម​ថ្ងៃទី​២១ ខែកញ្ញា​ខាងមុខនេះ ។ ប៉ុន្តែ​ទីក្រុង Auckland ដែលជា​កន្លែង​ផ្ទុះ​COVID-19 ចុងក្រោយ នៅតែ​បន្ត​ស្ថិតក្រោម​ការ​រឹតត្បិត​ដដែល​។​

បើតាម​ការអះអាង​រប​ស់លោក​ស្រី​នាយករដ្ឋមន្ត្រី ចា​ស៊ីន​ដា អា​ឌើ​ន នូ​វែ​ល​សេ​ឡង់​សម្រេច​លុបចោល​ការ​រឹតត្បិត ការរក្សា​គម្លាត​លើ​យន្តហោះ និង​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ទាំងអស់​នៅក្នុង​ប្រទេស​។ ចំណែក​ទីក្រុង​Auckland រដ្ឋាភិបាល​នឹង​ពិចារណា នៅ​សប្តាហ៍​ក្រោយ​។ ខណៈ​ករណី​ឆ្លង​បាន​ធ្លាក់​ចុះមក​ក្នុង​ចំនួន​តិចតួច ដែលមាន​ករណី​ឆ្លង មួយ ឬ​ពីរ​ករណី​ក្នុង​មួយថ្ងៃ នូ​វែ​ល​សេ​ឡង់ បានសម្រេច​លើកចោល ការ​រឹតត្បិត​នៅក្នុង​ប្រទេស នា​ថ្ងៃទី​២១ ខែកញ្ញា​ខាងមុខ​។

​បើតាម​ លោក Jami-Lee Ross អ្នករៀបចំ​ឲ្យ​មានការ​តវ៉ា​ម្នាក់ និង​ជា​មេដឹកនាំ​របស់​បក្ស​នូ​វែ​ល​សេ​ឡង់​ចម្រើន​ទៅមុខ (Advance New Zealand party)​ បានអះអាងថា៖ នៅ​ថ្ងៃ​ចុង​សប្តាហ៍​កន្លងទៅ មនុស្ស​ជាច្រើន​ពាន់​នាក់​នៅក្នុង​ទីក្រុង​Auckland បាន​ជួបប្រជុំគ្នា ដើម្បី​ប្រឆាំងនឹង​វិធានការ​រឹតត្បិត​របស់​រដ្ឋាភិបាល ដោយ​ក្រុម​តវ៉ា​មិនបាន​គោរព​វិធាន​ការរក្សា​គម្លាត ឬ​ការពាក់​ម៉ាស់​អ្វី​ឡើយ​។ «​យើង​នៅ​កន្លែង​នេះ ក្នុងថ្ងៃនេះ ដោយសារ​យើង​ជឿថា យើង​ត្រូវការ​ក្រោកឈរ​ទាមទារ សិទ្ធិ​របស់​ពួកយើង​»​។

គួរបញ្ជាក់ថា ទីក្រុង Auckland ត្រូវបាន​រាយការណ៍​ថា​គឺជា​កន្លែង​ផ្ទុះ​COVID-19 ចុងក្រោយ​របស់​នូ​វែ​ល​សេ​ឡង់​។ ករណី​ផ្ទុះ​ដំបូង នៅក្នុង​ទីក្រុង​មួយ​នេះ មិនទាន់​ត្រូវបាន​គេ​រកឃើញ​ប្រភព​ចម្លង​នៅឡើយ​ទេ បើទោះបីជា​អាជ្ញាធរ​សុខាភិបាល បានដាក់​ការសង្ស័យ​លើ​ឃ្លាំង​ក្លាសេ​មួយកន្លែង​ក៏ដោយ​។ ជាមួយ​វិធានការ​រឹតត្បិត និង​ទប់ស្កាត់​ COVID-19 នូ​វែ​ល​សេ​ឡង់ បាន​ទប់ស្កាត់​COVID-19 បានល្អ​ប្រសើរ​នៅក្នុង​ប្រទេស​។

​បើគិត​មក​ត្រឹម​ថ្ងៃទី​១៤ ខែកញ្ញានេះ ប្រទេសនូ​វែ​ល​សេ​ឡង់ មាន​ករណី​ឆ្លង COVID-19 សរុប​ចំនួន ១៧៩៨​ករណី អ្នកស្លាប់​មាន​ចំនួន ២៤​នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន ១៦៧៨​នាក់​៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print