ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់បេសកកម្មរយៈពេលមួយឆ្នាំ ក្នុងការរក្សាសន្តិភាពនៅប្រទេសម៉ាលី ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ កងទ័ពមួកខៀវកម្ពុជា១៣៩នាក់ ក្នុងនោះមានស្រី១១នាក់ បានមកដល់កម្ពុជាវិញ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។
អ្នកនាំពាក្យនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព គឺលោកស្រី កុសល ម៉ាលីនដា នៅរសៀលថ្ងៃទី១៤កញ្ញានេះ បានឱ្យដឹងថា ៖ កងទ័ពមួកខៀវទាំង១៣៩នាក់ ត្រូវធ្វើតេស្តរកកូវីដ-១៩ភ្លាមៗ បន្ទាប់ពីចុះពីលើយន្តហោះ ហើយត្រូវបានបញ្ជូនទៅដាក់ចត្តាឡីស័ក។ លោកស្រី បន្តថា ក្នុងចំណោមទ័ពមួកខៀវទាំង១៣៩នាក់នោះ ៤៥នាក់ ត្រូវបានដាក់ចត្តាឡីស័កនៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព បណ្តុះបណ្តាលបោសសំអាតមីន និង កាកសំណល់សង្គ្រាម ក្នុងស្រុកឧដុង្គ និង៩៤នាក់ នៅសាលាហ្វឹកហ្វឺនកងកម្លាំងពហុសាន៍ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកស្រី បញ្ជាក់ថា៖«មកដល់ពេល យើងមិនមានព័ត៌មានថា នរណាម្នាក់មានជំងឺកូវីដ-១៩ទេ ប៉ុន្តែនឹងតាមដាននិងធ្វើចត្តាឡី១៤ថ្ងៃដដែល ដើម្បីសុវត្ថិភាព»។
សូមជម្រាបថា៖ កាលពីថ្ងៃទី១១ ខែកញ្ញានេះ មានកងទ័ពមួកខៀវកម្ពុជា២១៨នាក់ ត្រូវបានបញ្ជូនទៅប្រទេសម៉ាលី ដើម្បីរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ អ្នកនាំពាក្យនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងសន្តិភាព អះអាងថា កងទ័ពដែលបញ្ជូនទៅ គឺសុទ្ធតែបានពិនិត្យសុខភាពនិងហ្វឹកហាត់វិធានការពារកូវីដ-១៩ទាំងអស់ ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានរម្លឹកថា៖ កម្ពុជាយើងមានយុទ្ធសាស្ត្រ៥យ៉ាង ដើម្បីជាវិធានការ ការការពារជំងឺវីរុសកូវីដ-១៩ រួមមាន៖
ទី១ -យើងត្រូវតែ រុករកស្រាវជ្រាវ ឲ្យបានទាន់ពេលវេលានូវអ្នកដែល វិជ្ជមានវីរុសកូវីត19
ទី២ -យើងត្រូវតែតាមស្រាវជ្រាវជាបន្តទៀត នូវអ្នកដែល សង្ស័យរកបណ្ដាញនៃការចម្លងបន្តនូវវីរុសកូវីដ-១៩ តាមរយៈក្រុមណាមួយ ឬទីតាំងណាមួយ កន្លែងណាមួយមានការសង្ស័យ ដែលអាចមានការចម្លង ពីបុគ្គលមួយទៅបុគ្គលមួយ គឺត្រូវធ្វើឲ្យបានលឿនជាទីបំផុត
ទី៣ -នៅពេលដែលយើងរកឃើញ ឬក៏សង្ស័យ ឆ្លងកូវីដ-១៩ គឺយើងត្រូវ ដាក់បុគ្គលទាំងនោះ ឱ្យមនុស្សដាច់ដោយឡែកភ្លាមមិនឱ្យ ទុកពេលយូរដាច់ខាត គឺត្រូវធ្វើភ្លាមៗតែម្ដង
ទី៤ -ប្រសិនបើរកឃើញអ្នកដែលមានវិជ្ជមានវីរុស កូវីដ-១៩ ទៅទទួលការព្យាបាល ទៅមន្ទីរពេទ្យរដ្ឋរបស់យើងឲ្យបានលឿនជាទីបំផុត ដោយមិនរង់ចាំទុកយូរ មានន័យថាបើរកឃើញថាមានភ្លាមគឺមិនរង់ចាំយូរត្រូវបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យរដ្ឋ ដើម្បីព្យាបាលឲ្យបានលឿនជាទីបំផុតដែលអាចធ្វើទៅបាន
ទី៥ -យើងត្រូវតែអនុវត្តវិធានការ ការពារ ប្រសើរជាងព្យាបាល ឲ្យបានលឿន បើបុគ្គលណាមួយនោះឬក៏ក្រុមមនុស្សមួយណានោះ មានការចម្លងនូវវីរុសកូវីដ19 ការការពារនិងការចម្លងវីរុសកូវីដ-១៩។ លោកស្រីបន្តថា៖ ត្រង់ចំណុចទី៥នេះគឺសំខាន់មែនទែន ។ បច្ចុប្បន្ននេះយើងនៅតែអនុវត្តយុទ្ធសាស្ត្រទី៥នេះនៅឡើយទេ មានន័យថាក្រសួងសុខាភិបាល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែអំពាវនាវហើយ អំពាវនាវម្ដងទៀត ដល់បងប្អូនជនជាតិជាប្រជាពលរដ្ឋ ឲ្យចូលរួមអនុវត្តនូវ វិធានការការពារកុំឱ្យមានការចម្លងនូវវីរុសកូវីដ-១៩។ នេះគឺជាវិធានការមួយដែលយើងកំពុងតែអនុវត្ត ហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋ របស់យើងឲ្យបានចូលរួមគ្រប់គ្នា ដើម្បីការពារកុំឲ្យមានការចម្លងមកបុគ្គល ចំលងមកក្រុមគ្រួសារ នឹកចម្លងចូលទៅក្នុងសហគមន៍។ នេះគឺជាយុទ្ធសាស្ត្រទាំង ៥យ៉ាង នៃព្រះរាជាណាចក្រកម្ពុជារបស់យើង ប្រកាន់យកដើម្បីធ្វើការឆ្លើយតប ទប់ស្កាត់នីកាចម្លងវីរុសកូវីដ-១៩ ។ ដោយឡែក យើងមិនអាចបំភ្លេចបានទេនៅចំណុចសំខាន់ ចាំបាច់បំផុតមួយទៀតនោះ ក្រោមការដឹកនាំប្រកបដោយ ភាពឆ្លាតវៃ ឈ្លៀសវៃ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា របស់យើង ដែលលោកតែងតែ គិតគូរខ្ពស់ណាស់ ហើយក៏ដាក់ចេញនូវវិធានការបានទាន់ពេលវេលានៅក្នុងការទប់ស្កាត់ ការចម្លងនូវជំងឺវីរុសកូវីដ-១៩ ។ ចំណុចនេះគឺជាចំណុចពិសេសធំណាស់ ប្រសិនបើគ្មាន ការដឹកនាំដ៏ឈ្លាសវៃ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់យើងនេះទេ ការទប់ស្កាត់ ចម្លងជំងឺវីរុសកូវីដ-១៩ ក៏ប្រហែលជាមិនមានលទ្ធផលដូចថ្ងៃនេះដែរ។ លោកស្រីបានបន្តថា ក្នុងនាមជាពលរដ្ឋមួយរូប ក្នុងនាមជាមន្ត្រីដឹកនាំក្រសួងសុខាភិបាលខ្ញុំសូមសម្ដែងនិងគោរពដ៏ជ្រាលជ្រៅជាទីបំផុតរកអ្វីមកប្រៀបពុំបានទេ នូវការយកចិត្តទុកដាក់និងការចង្អុលបង្ហាញនានារបស់សម្ដេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ លោកស្រីបន្តថា សម្តេចមានទឹកចិត្តមនុស្សធម៌ទូលំទូលាយ បានធ្វើអោយព្រះរាជាណាចក្រកម្ពុជារបស់យើងនេះរួចចាកផុតពី ពីការរាតត្បាតក្នុងលក្ខណៈធំធេងនៅក្នុងប្រទេសរបស់យើង ។ លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាល បានរំលឹកផងដែរ ពីការចូលរួមដ៏ស្រស្រាក់ស្រស្រាំពីបងប្អូនប្រជាពលរដ្ឋ នៅក្នុងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ទៅតាមការអំពាវនាវរបស់សម្ដេចតេជោហ៊ុន សែន ក៏ដូចជាការអំពាវនាវរបស់ក្រសួងសុខាភិបាល នេះគឺជាចំណុចសំខាន់មួយទៀតដែលជាកត្តាមួយផ្ដល់នូវលទ្ធផលចូលរួមមិនឱ្យមានចម្លងនូវវីរុសកូវីដ-១៩ចូលនៅក្នុងសហគមន៍របស់យើងបានយ៉ាងល្អ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
លោកស្រីបានបន្តថា ៖ ចំណុចសំខាន់ដែលយើងមិនត្រូវបំភ្លេចដែរនោះ។គឺការខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់លោកបណ្ឌិតម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្នាក់ដឹកនាំក្រសួងសុខាភិបាលគ្រប់ជាន់ថ្នាក់ មន្ត្រីបុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស ។ ជាពិសេសគឺក្រុមគ្រូពេទ្យជួរមុខរបស់យើង បានខិតខំប្រឹងនូវការជួយ នូវសេវាពិនិត្យព្យាបាល ក៏ដូចជាការស្រាវជ្រាវរក អ្នកជំងឺកូវីដ-១៩ នេះគឺបានល្អប្រសើរ។ មកដល់ពេលនេះគឺយើងមិនមានអ្នកជំងឺកូវីដ-១៩ នៅសេសសល់សម្រាកនៅក្នុងមន្ទីរពេទ្យរដ្ឋរបស់យើងនោះឡើយ៕
ដោយ៖ សិលា