អ្នកជំនាន់ក្រោយគួរយល់ដឹងហេតុអី ​​​ចាស់​​ទុំ​ណែ​​​នាំ​ពេលរាប់​បាត្រថា៖ “កុំឲ្យស្លាប​​​ព្រាប៉ះ​​​បាត្រ​​លោក​» និង​​ «ប្រយ័ត្ន​​រឿង​​ជ្រុះ​​បាយ​ចេញ​​​ពី​បាត្រ​”?

ចែករំលែក៖

ព័ត៍មានចែករំលែកចំណេះដឹង៖ អ្នកជំនាន់ក្រោយគួរតែស្វែងយល់ថា តើហេតុអ្វីបានចាស់ទុំ បាន​ណែនាំថា៖ នៅពេលអ្នកដាក់បាត្រ គឺត្រូវប្រយ័ត្នកុំឲ្យ“ស្លាបព្រាប៉ះជាមួយបាត្ររបស់ព្រះសង្ឃ និងរក្សា​ឥរិយាបថ​យ៉ាងណា មិនត្រូវឲ្យជ្រុះបាយពីស្លាបព្រាពេលរាប់បាត្រ“។ជាក់ស្តែង នារដូវកាលបុណ្យទាន ប្រជាពលរដ្ឋខ្មែរនិយមធ្វើម្ហូបអាហារយកទៅវត្ត ដើម្បីប្រគេន​ព្រះសង្ឃដោយ​ប៉ងប្រាថ្នាសុំសេចក្តីសុខនិងឧទ្ទិសកុសលជូនញាតិសន្តានដែលបានចែកឋាន ហើយការអប់រំបែបនេះ ត្រូវបានយុវជនខ្មែរអនុវត្តន៍តាម ។ ប៉ុន្តែបើចង់ដឹងអំពីមូលហេតុអ្វីនៅពីក្រោយការអប់រំរបស់ចាស់ទុំបែបនេះ? ហើយអ្វីជាដំណើរដើមទងនាំឲ្យមានពិធី​រាប់បាត្រនេះឡើង? ។

តោះដើម្បីស្រាយចម្ងល់ទាក់ទិននឹងប្រធានបទខាងលើ ក្នុងអំឡុងថ្ងៃកាន់បិណ្ឌនេះ ​សូមអញ្ជើញអាននៃការបកស្រាយពីព្រះតេជគុណ ពេញ​ វិបុល ជាព្រះសង្ឃនាវត្តបទុមវតី និងជាសាស្ត្រាចារ្យថ្នាក់​បណ្តុះ​គុណធម៌នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ ដោយព្រះតេជគុណបានមានសង្ឃដីកាថា៖ តាមពិតហេតុផលដើមឡើយចាស់ទុំហាមមិនឲ្យប៉ះបាត្រលោក គឺដោយសារសម័យមុន​បាត្រលោកគេធ្វើពីដីដែលការប៉ះ អាចធ្វើឲ្យងាយខូចទ្រង់ទ្រាយ ហើយចាស់ទុំណែនាំមិនឲ្យធ្វេសប្រហែសធ្វើឲ្យ​បាយ​ជ្រុះចេញពីបាត្រលោកឡើយ គឺដោយសារមិនចង់ឲ្យមានការប្រមាទ។ ព្រះតេជគុណមានសង្ឃដីកា បន្ថែមថា៖ «សម័យដើមបាត្រលោកគេធ្វើពីដី ដូច្នេះបើដាក់បាត្រទៅមានការប៉ះនឹងស្លាបព្រា ឬវត្ថុរឹងអាចបែក ឬឆែបបាត្ររបស់ព្រះសង្ឃ។ ម្យ៉ាងទៀតចាស់ទុំលោកថា កុំមានការប្រមាទ ធ្វេសប្រហែសស្មារតី​ដែលជា​ហេតុអាច​ធ្វើឲ្យបាយជ្រុះ ឬខ្ទាតចេញពីបាត្រលោក»។

ព្រះតេជគុណ ពេញ​ វិបុល បន្តសង្ឃដីកាថា ចំពោះដំណើរដើមទងដែលនាំឲ្យមានការប្រារព្ធរាប់បាត្រនេះឡើង គឺដោយពុទ្ធសាសនិកយក​លំនាំ​តាមព្រះសារីបុត្រជាអគ្គសាវ័កស្តាំធ្លាប់បានយកចង្ហាន់បិណ្ឌបាត្ររបស់ព្រះអង្គ ទៅប្រគេនព្រះភិក្ខុសង្ឃ​ដើម្បីឧទ្ទិស​កុសលដល់ញោមស្រីរបស់លោកដែលបានកើតជាបេតជន (ប្រេត)។ ព្រះតេជគុណ បន្ថែមសង្ឃដីកាទៀតថា៖ «ការរាប់បាត្រត្រូវគេប្រារព្ធឡើងដោយយកលំនាំព្រះសារីបុត្រជា​អគ្គសាវ័ក​ស្តាំធ្លាប់បានយកចង្ហាន់ បិណ្ឌបាត្ររបស់ព្រះអង្គទៅប្រគេនព្រះភិក្ខុសង្ឃដើម្បីឧទ្ទិសកុសល​ដល់ញោម​ស្រីរបស់លោកដែលបានកើតជាបេតជន។ ម្យ៉ាងទៀតការឆាន់ចង្ហាន់បិណ្ឌបាត្ររបស់ព្រះភិក្ខុសង្ឃ គឺត្រូវនឹង​ពុទ្ធានុញ្ញាតដែលតម្រូវឲ្យបួសត្រូវអាស្រ័យនឹងចង្ហាន់​បិណ្ឌបាត្រជានិស្ស័យ»។

គួរបញ្ជាក់ថា សាស្ត្រាចារ្យថ្នាក់បណ្តុះគុណធម៌នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ វ័យ ២៨ព្រះវស្សា និងបានបួសជាព្រះសង្ឃតាំង​ពីនៅកុមារភាព​អង្គនេះ បានលើកទឹកចិត្តឲ្យយុវជនគួរសង្រួមកាយ វាចា ចិត្តឲ្យស្ងប់ និងមានសតិស្មារតីប្រុងប្រយ័ត្ន ព្រមទាំងផ្ចង់ចិត្តឧទ្ទិសដល់លោកអ្នកមានគុណក្នុងពេលរាប់បាត្រផងដែរ។ មិនតែប៉ុណ្ណោះព្រះតេជគុណ ពេញ វិបុល មានសង្ឃដីកាសង្កត់ធ្ងន់ថា៖ «យុវជនគួរសង្រួមកាយ និងវាចាចិត្តឲ្យស្ងប់ និងមានសតិស្មារតីប្រុងប្រយ័ត្ន​ដើម្បីកុំ​មាន​សេចក្តីប្រមាទកើតឡើង​ក្នុងខន្ធសន្តាន និងផ្ចង់ចិត្តឧទ្ទិសដល់លោកអ្នកមានគុណ»៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print