បញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ វរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍រួមមាន សម្ភារ មធ្យោបាយ និងអាវុធគ្រាប់ ទៅតាមផែនការដែរថ្នាក់លើបានចុះ នៅទីបញ្ជាការកងពល ដែលស្ថិតនៅឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ការត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ពេលនេះ គឺបានចាត់តាំងក្រុមការងារដឹកនាំដោយមេបញ្ជាការរង នាយសេនាធិការ កងពល លោកមេបញ្ជាការរង ទទួលបន្ទុកកម្លាំងអន្តរាគមន៍ ចុះត្រួតពិនិត្យ និងសួរសុខទុក្ខកងកម្លាំងដែលកំពុងត្រៀមអន្តរាគមន៍ ឈរជើងនៅតាមអង្គភាព ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ រួមមាន វរសេនាតូចថ្មើរជើងលេខ៥១១ លេខ៥១៣ និងលេខ៥១៤។

មេបញ្ជាការ កងពល បានបញ្ជាក់ឱ្យដឹងថា ស្ថិតនៅក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេស សប្បាយរីករាយក្នុងពីធីបុណ្យភ្ជុំបិណ្ឌ កងកម្លាំងមានភារកិច្ចប្រចាំការត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីចល័តអន្តរាគមន៍ សហការជាមួយកងកម្លាំងមានសមត្ថកិច្ចក្នុងភូមិសាស្រ្តដែលអង្គភាពឈរជើង ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជួយគ្រោះមហន្តរាយ និងដោះស្រាយយថាហេតុផ្សេងៗ។

ទន្ទឹមនឹងនោះ មេបញ្ជាការ បានថ្លែងអំណរគុណដល់ក្រុមគ្រួសារកងទ័ព ដែលបានយោគយល់ដល់ភារកិច្ចកងកម្លាំង ដោយមិនបានឈប់សម្រាកជួបជុំគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print