អន្តរជាតិ៖ បើតាមកាសែតញូយ៉កថែមស៍ (New York Times) បានធ្វើការស្រង់ស្ថិតិនៅតាមមហាវិទ្យាល័យ និងសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកជាង ១,៦០០កន្លែងបានបង្ហាញឲ្យឃើញថា យ៉ាងហោចណាស់និស្សិត និងបុគ្គលិកសាលាសរុប ៨៨,០០០នាក់បានឆ្លងCOVID-19 ក្នុងនោះ ៦០នាក់បានស្លាប់ ចាប់តាំងពីមានការរាតត្បាតនៃជំងឺសកលនេះ។
បើតាមសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ ដែលបានដកស្រង់ចេញពីកាសែត New York Times បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ភាគច្រើននៃការស្លាប់ខាងលើ ត្រូវបានរាយការណ៍នៅនិទាឃរដូវ និងភាគច្រើនជាបុគ្គលិកមហាវិទ្យាល័យមិនមែនជានិស្សិតនោះទេ»។
ជាមួយគ្នានេះ មហាវិទ្យាល័យជាង ១៥០កន្លែង ក៏បានរាយការណ៍ពីករណីឆ្លង COVID-19 យ៉ាងហោចណាស់ ១០០ករណីចាប់តាំងពីការរាតត្បាតនៃជំងឺសកលនេះផងដែរ រាប់បញ្ចូលទាំងមនុស្សរាប់សិបនាក់ទៀត ដែលបានកត់សម្គាល់ឃើញនូវការកើនឡើង ក្នុងរយៈប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្របពេលដែលថ្នាក់រៀន និងកន្លែងស្នាក់នៅបានចាប់ផ្តើមបើកទ្វារឡើងវិញ។
បន្ថែមពីនេះករណីឆ្លង COVID-19 រាប់រយករណីផ្សេងទៀត ត្រូវបានរាយការណ៍ពីសាកលវិទ្យាល័យអាមេរិក រួមទាំងសកលវិទ្យាល័យអុកស្វឺដ (Oxford) នៃរដ្ឋមីសួរី (Missouri), សកលវិទ្យាល័យអាធិនស៍ (Athens) នៃរដ្ឋហ្សកហ្ស៊ី (Georgia) និងសកលវិទ្យាល័យ ខេមផេញ(Champaign នៃរដ្ឋអ៉ីលីណយស៍ (Illinois) ដែលជាកន្លែងដែលមានករណីឆ្លងច្រើនជាងគេ។ ប៉ុន្តែទោះជាយ៉ាងណា មហាវិទ្យាល័យ និងសកលវិទ្យាល័យមួយចំនួន បាននិងកំពុងព្យាយាមដោះស្រាយ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃ COVID-19 នេះផងដែរ ស្របពេលនៃការចាប់ផ្ដើមឡើងវិញនូវរដូវឆមាសថ្មី ដែលជិតនឹងមកដល់នេះ ហើយក៏ជាហេតុដែលធ្វើឲ្យមានការស្មុគស្មាញយ៉ាងខ្លាំង ដល់តំបន់ដែលមានករណីឆ្លងច្រើន។
ដោយឡែកបើតាមគេហទំព័រ worldometer ក៏បានអះអាងថា រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកបានកត់ត្រានូវករណីឆ្លង COVID-19 សរុបជាង ៦.៧៤លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ១៩ម៉ឺននាក់ និងអ្នកជាសះស្បើយជាង ៤លាននាក់៕ដោយ៖ស តារា