រមណីយដ្ឋានថ្មី ប្រាសាទបាគងភូមិខ្ញុំ កំពុងទទួលបានការគាំទ្រពីភ្ញៀវទេសចរជាតិ អន្ដរជាតិយ៉ាងច្រើនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ខេត្តសៀមរាប៖  ក្រៅពីប្រាសាទបុរាណនៅក្នុងតំបន់រមណីយដ្ឋានអង្គរ សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំមានសក្តានុពលដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តសៀមរាប ។  

   សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ដែលស្ថិតនៅក្នុងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បន្ទាប់ពីបានប្រកាសដំណើរការជាសាធារណៈប្រមាណជា២សប្តាហ៍កន្លងមកនេះ ឃើញថាបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរក្នុងស្រុក ដោយក្នុង១ថ្ងៃៗមានភ្ញៀវចូលទៅកម្សាន្ត និងទទួលសេវាបម្រើម្ហូប អាហារនៅទីនោះប្រហែលពី២០០ ទៅ ៣០០នាក់។

   លោក សូត្រ សួ ប្រធានសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ បានឱ្យដឹងនៅថ្ងៃទី១៦ កញ្ញា ឆ្នាំ២០២០នេះថា៖ សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ បង្កើតឡើងដើម្បីផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋជាសមាជិកសហគមន៍ និងប្រជាពលរដ្ឋនៅតំបន់ជុំវិញ។ បច្ចុប្បន្ននេះ នៅក្នុងសហគមន៍មានប្រជាពលរដ្ឋទាំងយុវវ័យ និងវ័យកណ្តាលជាង៤០នាក់ ដែលកំពុងបំពេញការងារបម្រើសេវាកម្ម និងកំពុងទទួលបានការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចជាបណ្តើរៗផងដែរ។

   លោកបន្តថា ក្រៅពីបុគ្គលិកបម្រើការងារ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ដែលមានបន្លែធម្មជាតិ នំនែកដែលធ្វើដោយពួកគាត់ផ្ទាល់ ក៏ត្រូវបានអនុញ្ញាតឱ្យយកមកលក់នៅតំបន់កម្សាន្តរបស់សហគមន៍នេះផងដែរ។ អ្វីៗទាំងអស់នោះ ក៏មិនអាចកាត់ផ្តាច់បាននោះទេអំពីការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អាជ្ញាធរខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរជាតិអប្សរា ជាពិសេសនោះគឺការយកចិត្តទុកដាក់ជំរុញ និងផ្តល់ការបណ្តុះ បណ្តាលពីស្ថាប័នជំនាញទេសចរណ៍។

   លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានបង្ហាញអំពីការចូលរួមគាំទ្រ និងអបអរសាទរចំពោះការចាប់ផ្តើមធ្វើដំណើររបស់សហគមន៍។ លោកថា អ្វីដែលសហគមន៍កំពុងបង្ហាញផ្លែផ្កាក្នុងរដូវកាលដំបូងរបស់ខ្លួន ច្បាស់ណាស់ថា ទី១ សហគមន៍បានបង្កើតការងារធ្វើ និងទី២ គឺការបង្កើតមុខរបរ។ ជាទូទៅ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ទាំងមូល នឹងត្រូវទទួលបានផលប្រយោជន៍ពីការកកើតឡើងនៃសហគមន៍មួយនេះ ដោយការខិតខំបង្កបង្កើនផល ដាំបន្លែធម្មជាតិ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ភ្ញៀវ និងតាមរយៈសេវាកម្មកម្សាន្តជាច្រើនប្រភេទទៀត។

   ភ្ញៀវទេសចរដែលបានមកកម្សាន្តនៅក្នុងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំនេះ បានបង្ហាញពីអារម្មណ៍ប្រហាក់ប្រហែលគ្នាថា តំបន់សហគមន៍ ទេសចរណ៍បាគងភូមិខ្ញុំ ជាតំបន់កម្សាន្តមួយដ៏ល្អសម្រាប់ជាលក្ខណៈគ្រួសារ និងមកជាក្រុម ដោយសារកន្លែងនេះ មានភាពស្ងប់ស្ងាត់ល្អ ទេសភាពបៃតងស្រស់បំព្រង ខ្យល់បរិសុទ្ធ ជាពិសេសនោះមានកន្លែងជិះទូកលេងសប្បាយ រួមជាមួយកន្លែងកម្សាន្តជាច្រើនទៀត ដូចជាការបោះតង់ ស្ទូចត្រីជាដើម ដែលសក្តានុពលទាំងនេះ បាននិងកំពុងតែទាក់ទាញភ្ញៀវទេសចរមកសម្រាកលំហែកាយ និងទទួលទានអាហារនៅទីនោះច្រើនឡើងៗ៕ ដោយ៖សំរិត

...

          

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print