នៅថ្ងៃទី ១៨ខែកញ្ញា ថៃមានករណីស្លាប់ម្នាក់ដោយកូវីដ១៩ លើកដំបូង ក្រោយរយៈពេលជាង១០០ថ្ងៃ មិនមានអ្នកស្លាប់ ។ សារព័ត៌មានរ៉យទ័រ បានដកស្រង់សំដីប្រធាន នាយកដ្ឋានទេសចរណ៍ថៃលោក Somsak Akksilp បានលើកឡើងថា មានអ្នកជំងឺកូវីដ១៩ ម្នាក់ស្លាប់ មានអាយុ៥៤ឆ្នាំ ជាជនជាតិថៃមកពីបរទេសកាលពីដើមខែកញ្ញា។
បុរសវ័យ ៥៤ឆ្នាំ ជាអ្នកបកប្រែនៅ ប្រទេសសាឌីអារ៉ាប៊ី និងធ្វើការនៅក្នុងក្រសួងពលកម្មថៃ ត្រូវបានព្យាបាលជំងឺនៅមន្ទីរពេទ្យមួយក្នុងទីក្រុងបាងកក ក្នុងរយៈពេល ២សប្តាហ៍កន្លងមក ហើយបានស្លាប់នៅថ្ងៃទី១៨ខែកញ្ញា។
ពាក់ព័ន្ធស្ថានភាពកូវីដ១៩នៅក្នុង ប្រទេសថៃ មកទល់ពេលនេះមានអ្នកឆ្លងសរុបដល់ទៅ ៣៤៩៧នាក់ និងស្លាប់៥៨នាក់ ។ ជាមួយគ្នានោះដែរអ្នកព្យាបាលជាសះស្បើយមានដល់ទៅ ៣៣២៨នាក់ នៅសល់អ្នកជំងឺកំពុងតែព្យាបាលជាង១០០នាក់ទៀតប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោកបានព្រមានថា ចំនួនអ្នកឆ្លងគួរឲ្យបារម្ភ ដោយមានជាង ៣០លាននាក់ហើយឆ្លងកូវីដ១៩ នៅទូទាំងពិភពលោក និងស្លាប់ជិត ១លាននាក់។ ជាមួយគ្នានេះ ក៏មានអ្នកព្យាបាលជាសះស្បើយជាង ២២លាននាក់ផងដែរ៕
ដោយ៖ធីរីណា