ខេត្តត្បូងឃ្មុំ ៖ មានគេទម្លាយថា ជនជាតិខ្មែរអាចនាំគ្នាចូលលេងម៉ាសេរីនៅកន្លែងកម្សាន្ត តែជាប្រភេទល្បែងភ្នាល់ដាក់លុយទេ ដែលអ្នកនិយមលេងគេហៅថា ល្បែងបញ្ជល់មាន់ បៀ អាប៉ោង យូគី បេីកលេងនៅចំណុចច្រកទ្វារព្រំដែនដូង៧ដើម ស្ថិតក្នុងភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈដែលកាស៊ីណូ មានច្បាប់អនុញ្ញាត គ្រប់គ្រងដោយនាយកដ្ឋានប្រឆាំងបទល្មើសពាណិជ្ជកម្មនៃក្រសួងមហាផ្ទៃ ។
យោងតាមប្រភពព័ត៌មានទម្លាយឱ្យដឹងថា
ទីតាំងកាស៊ីណូច្រកដូង៧ដើមនេះ បើកលេងល្បែងភ្នាល់ឈ្នះចាញ់ទ្រង់ទ្រាយធំ បានដំណើរការជាង១ខែមកហើយ ខណៈទីតាំងកាសុីផ្សេងៗទៀតដែលមានច្បាប់អនុញ្ញាតពីរាជរដ្ឋភិបាលដូចគ្នានៅក្នុងខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធរមូលដ្ឋានចេញបញ្ជាឲ្យបិទគ្រប់កន្លែង ដោយសារអ្នកចូលទៅលេងល្បែងភ្នាល់នោះសុទ្ធតែជាជនជាតិខ្មែរ និងដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។
បេីរាប់ត្រួសៗនិងកត់សម្គាល់ឃេីញថា ក្នុង១ថ្ងៃៗ ពលរដ្ឋខ្មែររាប់រយនាក់បានសម្រុកចូលទៅលេងល្បែងភ្នាល់នៅក្នុងកាសុីណូមួយនេះ ដោយសារតែមានការធានាក្តែងៗថា គ្មានមន្ត្រីមានសមត្ថិច្ចណាក្នុងខេត្តត្បូងឃ្មុំហ៊ានចេញមុខមកធ្វើការបង្ក្រាបឡើយ ព្រោះមន្ត្រីពាក់ព័ន្ន្ធទាំងនោះ ទំនងសុខចិត្តទទួលផលប្រយោជន៍ផ្ទាល់ខ្លួន ប្រសើរជាងប្រឈមមុខជាមួយលោក ហេង ដែលជាម្ចាស់កាសុីដ៏មានលុយ មានអំណាចនោះ និយាយរួមត្រូវមហាជនមើលឃើញថា រដ្ឋបាលខេត្តត្បូងឃុំអនុវត្តច្បាប់មិនស្មើភាពគ្នាចំពោះកាសុីណូផ្សេងៗទៀត ដែលមានច្បាប់អនុញ្ញាតដូចគ្នា។
បច្ចុប្បន្នកាសុីច្រកទ្វារដូងរបស់លោក ហេង បានក្លាយជាទីតាំងដ៏មានប្រជាប្រិយភាពសម្រាប់ក្រុមអ្នកញៀនល្បែងគ្រប់ស្រទាប់វណ្ណៈ ចូលទៅលេងល្បែងគ្រប់ប្រភេទដូចបានរៀបរាប់ខាងលើ ពិសេសល្បែងបញ្ជល់មាន់ មានភ្នាល់តម្លៃចាប់១ពាន់ដុល្លារអាមេរិកឡើងទៅ រហូតដល់រាប់មុឺនដុល្លារក៏មានដែរបើជាលក្ខណៈគូពិសេស ហើយក្នុង១ថ្ងៃៗមានបញ្ជល់មាន់ចាប់២០ទៅ៣០គូឯណោះ ហើយអ្នកចូលទៅលេងល្បែងបានប្រជ្រៀតគ្នាណែនណាន់តាន់តាប់ មិនខ្វល់ពីការឆ្លងរីករាលដាលនៃជំងឺcovid-19ឡើយ ។
ទាក់ទិននិឹងការលើកឡើងខាងលើ លោក ហេង យើងមិនអាចសុំការបំភ្លឺបានទេដោយទូរស័ព្ទចូលហើយតែមិនលើក។ ចំណែកនាយកដ្ឋានប្រឆាំងបទល្មើសពាណិជ្ជកម្មនៃក្រសួងមហាផ្ទៃ ក៏មិនអាចសុំការពន្យល់បានដែរព្រោះពុំមានលេខទូរស័ព្ទ ៕ ដោយ៖ វណ្ណៈ