ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃសុក្រទី១៨ ខែកញ្ញា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បាននាំយកសាររំលែកទុក្ខ និងបច្ច័យ ប្រគល់ជូនដល់គ្រួសារសព ដែលជួបឧបវហេតុ (រន្ទះបាញ់ស្លាប់ ចំនួន៨នាក់ និងរបួស ៣នាក់) នៅឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង នៅក្នុងពិធីនោះក៏មានអញ្ជើញចូលរួមពី លោកសមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលខេត្ត មន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋានផងដែរ។
លោក ងួន រតនៈ បាននាំសាររំលែកទុក្ខដ៏ក្រៀមក្រំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកស្រី និងបច្ច័យក្នុងមួយសពចំនួន ៣លាន ដល់អ្នកស្លាប់ឧបវហេតុ ចំនួន៨នាក់ ស្មើនឹង ២៤ លានរៀល និងអ្នករងរបួស ២ លានរៀល ចំនួន៣នាក់ ស្មើនឹង ៦លានរៀល ដែលសរុបជាទឹកប្រាក់អស់ ៣០ លានរៀលផងដែរ។
លោក អភិបាល នៃគណៈអភិបាលខេត្ត នាំយកសាររំលែកទុក្ខបស់រដ្ឋបាលខេត្ត និងថវិកា ៤លានរៀល សម្រាប់ឧបត្ថម្ភចាត់ចែងវិធីបុណ្យតាមទំនៀមទម្លាប់ព្រៃណីសាសនាផងដែរ។ ដោយឡែកសាខាកាកបាទក្រហមកម្ពុជាចូលរួមក្នុងវិធីបុណ្យរួមមានអង្ករ ១០០ គីឡូក្រាម ទឹកសុទ្ធ ១០កេស និងថវិកា ៥០ម៉ឺនរៀល។
សូមជម្រាបជូនដែរថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោងប្រមាណ ៦ ល្ងាច មានករណីរន្ទះបាញ់ ២ករណី ដោយករណីទី១ ខណៈដែលបងប្អូនកំពុងមានជួបជុំគ្នានារដូវភ្ជុំ និងបានហូបបាយជុំគ្នា ក៏ត្រូវរន្ទះបាញ់ស្លាប់ ចំនួន៧ នាក់ និងរងរបួស ៣ នាក់ ក្នុងនោះមានស្រី ២នាក់ នៅភូមិធ្នួយ ឃុំព្រែកជីក ដោយករណីទី២ បុរសម្នាក់ដើរទៅវាលស្រែ ក៏បានរន្ទះបាញ់ស្លាប់ផងដែរ ហើយបច្ចុប្បន្នសពកំពុងតំកល់ធ្វើបុណ្យតាមព្រៃណីសាសនា នៅវត្តព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី៕
ដោយ៖ សិលា