ក្រោយជាប់ជានាយករដ្ឋមន្ត្រីជប៉ុនថ្មី លោក ស៊ូហ្គា ត្រៀមជួបពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក, ឥណ្ឌា និងអូស្ត្រាលី នៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយ

ចែករំលែក៖

អន្តរជាតិ៖ លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) ក្រោយជាប់ជានាយករដ្ឋមន្រ្តីជប៉ុនថ្មីៗ លោក បាននិងកំពុងត្រៀមជួបជាមួយលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក នៅឯទីក្រុងតូក្យូនាដើមខែក្រោយនេះ ។ ក្នុងជំនួបនេះដែរ គឺជាកម្រិតខ្ពស់លើកដំបូង ជាមួយមន្ត្រីជាន់ខ្ពស់ពីបរទេស គិតចាប់តាំងពីលោក Suga បានក្លាយជាមេដឹកនាំថ្មីរបស់ជប៉ុន បន្ទាប់ពីលោក អាបេ ស៊ីនហ្សូ (Abe Shinzo) លាលែងចេញពីតំណែងកាលពីដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍រដ្ឋជប៉ុន NHK នៅថ្ងៃសៅរ៍ទី១៩ ខែកញ្ញា ឆ្នាំ២០២០។

ទូរទស្សន៍ NHK បាននិយាយថា លោក ម៉ៃក៍ ប៉ុមប៉េអូ ត្រូវបានគេរំពឹងថា នឹងមកធ្វើទស្សនកិច្ចនៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន, អូស្ត្រាលី, និងឥណ្ឌា ជុំវិញកិច្ចសហប្រតិបត្តិការស្តីពីការការពារ និងទប់ស្កាត់ជំងឺរាតត្បាតសកល COVID-19 ជាអ្វីដែលប្រទេសទាំងនេះហៅថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ។

ជាមួយគ្នានោះ លោក ស៊ូហ្គា ក៏ត្រូវបានគេរំពឹងថា នឹងបើកកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តាមរយៈទូរស័ព្ទនៅថ្ងៃអាទិត្យសប្ដាហ៍នេះផងដែរ។

គួរបញ្ជាក់ផងដែរថា លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) បានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន ដែលមិនធ្លាប់មាននៅក្នុងរយៈពេលជិត ៨ឆ្នាំ កាលពីថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០ ក្រោយពីលោកត្រូវបានគណបក្សកាន់អំណាច (LDP) បោះឆ្នោតគាំទ្រឲ្យឡើងជាប្រធានបក្ស និងទទួលការគាំទ្រពីសភាសម្រាប់ការបន្តតំណែងពីលោក អាបេ ស៊ីនហ្សូ៕

ដោយ៖ស តារា  

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print