លោកស្រី ឱ វណ្ណឌីន ៖ ទប់ស្កាត់ការចម្លងបន្តគ្នា និងផ្តល់ការព្យាបាលជូនដល់ព្រះសង្ឃ និងអ្នកជំងឺ បានជាសះស្បើយ ១០០%ហើយ ករណីជំងឺគ្រុនផ្តាសាយធំ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា៖ ទប់ស្កាត់ការចម្លងបន្តគ្នា និងផ្តល់ការព្យាបាលជូនដល់ព្រះសង្ឃ និងអ្នកជំងឺ បានជាសះស្បើយ ១០០%ហើយ ករណីជំងឺគ្រុនផ្តាសាយធំ ។
លោកស្រី បានបញ្ជាក់ថា៖ ពីថ្ងៃទី១៥ ខែសីហា ដល់ទី១៨ ខែកញ្ញា ឆ្នាំ២០២០
មុនពេល និងកំឡុងពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ (ពីថ្ងៃទី១៥ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០) ក្រសួង បានសង្កេតឃើញ មានការចម្លងនូវជំងឺគ្រុនផ្តាសាយធំ ដែលភាសាបច្ចេកទេសពេទ្យហៅថា “Influenza A” នៅក្នុងចំណោមព្រះ សង្ឃ (ខេត្តតាកែវ បាត់ដំបង ត្បូងឃ្មុំ និងបន្ទាយមានជ័យ) នៅក្នុងក្រុមអ្នកទោសក្នុងពន្ធនាគារ (ខេត្តព្រះវិហារ កោះកុង និង កំពង់ធំ) និងនៅក្នុងសហគមន៍មួយដែលមានប្រជាជនរស់នៅក្នុងតំបន់គ្របដណ្តប់នៃមណ្ឌលសុខភាពសោមធំ (ខេត្តរតនគីរី)។ ឆ្លើយតបទៅនឹងជំងឺគ្រុនផ្តាសាយធំនេះ ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តទាំង ០៨ នេះ បានធ្វើសកម្មភាពយ៉ាងសកម្ម និង ឆ្លើយតបបានយ៉ាងរហ័ស ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នា និងផ្តល់ការព្យាបាលជូនដល់ព្រះសង្ឃ និងអ្នកជំងឺ បានជាសះស្បើយ ១០០%ហើយសម្រាប់ខេត្តចំនួន០៧ នៅសល់តែខេត្តកំពង់ធំ ដែលបានជាសះស្បើយ ១៥% ហើយ ដែលនឹងអាចមានការជា សះស្បើយ ជាបណ្តើរៗទៀតក្នុងពេលខាងមុខនេះ។

ការវិភាគរបស់មន្ទីរពិសោធន៍នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លើករណីអ្នកជំងឺខាងលើ បានបង្ហាញលទ្ធផលថា៖ មិនមានវីរុសកូដ-១៩ តែមានវិជ្ជមានវីរុសផ្តាសាយធំ (Influenza A ប្រភេទ H3 N2) ដែលជាប្រភេទ ដែលអាចឆ្លងបន្តគ្នាដែរ។

គិតត្រឹមម៉ោង ០៩ព្រឹកនៃថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ ព្រះសង្ឃ និងអ្នកឈឺ ដោយសារជំងឺគ្រុនផ្តាសាយធំ សរុប មានចំនួន ៥៧៥នាក់ (ស្រី ៧២នាក់) ដែលមានដូចតទៅ៖

១. ខេត្តតាកែវ ៖ ព្រះសង្ឃសាមណេ ចំនួន ៣៦អង្គ បានជាសះស្បើយអស់ហើយ ។ ២. ខេត្តព្រះវិហារ ៖ ក្រុមអ្នកជាប់ទោសក្នុងពន្ធនាគារ ចំនួន ១៤៧នាក់ ( ១៩នាក់) បាន ជាសះស្បើយអស់ហើយ។

៣. ខេត្តបាត់ដំបង ៖ ក្រុមព្រះសង្ឃចំនួន ៤៦អង្គ បានជាសះស្បើយអស់ហើយ។
៤. ខេត្តត្បូងឃ្មុំ ៖ ក្រុមព្រះសង្ឃចំនួន ១៧ អង្គ បានជាសះស្បើយអស់ហើយ ។

៥. ខេត្តបន្ទាយមានជ័យ ៖ ក្រុមព្រះសង្ឃចំនួន ២៦អង្គ បានជាសះស្បើយអស់ហើយ។

៦. ខេត្តកោះកុង ៖ ក្រុមអ្នកជាប់ទោសក្នុងពន្ធនាគារចំនួន ១៦៩នាក់ (ស្រ្តី ១១នាក់) បាន ជាសះស្បើយអស់ហើយ។
៧. ខេត្តរតនគីរី ៖ ប្រជាជនក្នុងសហគមន៍រស់នៅក្នុងតំបន់គ្របដណ្តប់នៃមណ្ឌលសុខភាពសោមធំ ស្រុកអូរយ៉ាដាវចំនួន ៦៧នាក់ បានជាសះស្បើយអស់ហើយ។

៨. ខេត្តកំពង់ធំ ៖ ក្រុមអ្នកទោសចំនួន ៦៧នាក់ បានជាសះស្បើយចំនួន ១០នាក់ ហើយ កំពុងតែបន្តការយកចិត្ត ទុកដាក់ព្យាបាលដោយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ធំ។

ដើម្បីចៀសវាងការចម្លងជំងឺគ្រុនផ្តាសាយធំខាងលើនេះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិ បាល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ លោកតាអាចារ្យ លោកតា-លោកយាយជី គណកម្មការវត្ត និងព្រះសង្ឃទាំងអស់នៅ ទូទាំងប្រទេស ចូលរួមអនុវត្តវិធានការការពារដូចតទៅ ៖

– ត្រូវមានអនាម័យខ្លួនប្រាណ អនាម័យកន្លែងរស់នៅ ជាពិសេសអនាម័យដៃឲ្យបានស្អាតជាប់ជានិច្ច ដោយលាងសម្អាតឲ្យ បានញឹកញាប់តាមបច្ចេកទេសណែនាំរបស់ក្រសួងសុខាភិបាល។

ប្រើម៉ាសក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាស់ពេលចូលក្នុងទីវត្តអារ៉ាម ស្តាប់ព្រះធ៌ម ឬកន្លែងដែលមានមនុស្ស ម្នាច្រើន ហើយពេលក្អកកណ្ដាស់ ត្រូវខ្ទប់មាត់ និងច្រមុះ ដោយប្រើកន្សែង ក្រម៉ា ក្រដាសជូតមាត់ ឬកែងដៃ ជាដើម។

ត្រូវចេះរក្សាគម្លាតសុវត្ថិភាពបុគ្គល ពីមួយម៉ែត្រកន្លះឡើងទៅ។ ព្រះសង្ឃ ឬអ្នកដែលមានជំងឺគ្រុនផ្តាសាយធំ ឬជំងឺ ឆ្លង ចាំបាច់ត្រូវគង់នៅក្នុងកុដិ ឬនៅកន្លែងដាច់ដោយឡែក ពីព្រះសង្ឃមិនមានអាពាធ ឬពីអ្នកជា កុំឲ្យមានការចម្លងបន្តគ្នា។

– ចៀសវាងការប៉ះពាល់ជាមួយសត្វដែលបំបៅកូនដោយទឹកដោះ និងសត្វបក្សី ដោយផ្ទាល់។ ប្រសិនបើបានប៉ះពាល់ ត្រូវតែ លាងដៃជាមួយសាប៊ូ ឲ្យបានឆាប់ មុននឹងចាប់កាន់របស់របរ ឬមុននឹងប៉ះពាល់ផ្ទៃមុខរបស់ខ្លួន។
– ត្រូវពិសារទឹកដាំពុះ ក្តៅអ៊ុនៗ និងបរិភោគម្ហូបអាហារឆ្អិនល្អ រក្សាអនាម័យចំណីអាហារ ព្រមទាំងទុកដាក់ម្ហូបអាហារដាច់

ដោយឡែកពីគ្នា តាមការណែនាំបច្ចេកទេសរបស់ក្រសួងសុខាភិបាលជារឿយៗរួចមកហើយ។ – ចៀសវាងនៅកន្លែងដែលត្រជាក់ខ្លាំងដូចជា ម៉ាស៊ីនត្រជាក់ និមន្ត ឬដើរក្រោមទឹកភ្លៀង ជាដើម។

– បើមានបញ្ហាសុខភាព មិនត្រូវចូលរួមពិធី ឬកម្មវិធីណាមួយនោះឡើយ ដោយត្រូវគង់នៅក្នុងកុដិ ឬស្នាក់នៅទីកន្លែងណា មួយដាច់ដោយឡែកពីគេ កុំឲ្យមានការចម្លងបន្តគ្នា ហើយស្វែងរកការពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក។

– រាយការណ៍ទៅលេខ ១១៥ (មិនមានថវិកា ក៏អាចហៅចូលបានដែរ) ឬទៅមន្ទីរសុខាភិបាលខេត្ត ឬទៅមណ្ឌលសុខភាព
ដែលនៅជិតលោកអ្នក៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print