រដ្ឋាភិបាលស្វ៊ីស គម្រោងចាយរាប់ពាន់លានដុល្លារ ដើម្បីទិញយន្តហោះចម្បាំងថ្មី នឹងធ្វើប្រជាមតិសួរយោបល់ពីពលរដ្ឋខ្លួន

ចែករំលែក៖

អន្តរជាតិ៖ ដើម្បីឲ្យប្រជាជនបញ្ចេញមតិរបស់ខ្លួន ក្នុងគម្រោងចាយរាប់ពាន់លានដុល្លារ ដើម្បីទិញយន្តហោះចម្បាំងថ្មី ខណៈដែលប្រទេសស្វ៊ីស ដែលចាត់ទុកជាប្រទេសអព្យាក្រឹត ហើយបច្ចុប្បន្នគ្មានសត្រូវនៅចំពោះមុខ ហើយគម្រោងនេះ ត្រូវបានរងការរិះគន់ធ្ងន់ៗពីប្រជាជននិងអ្នកនយោបាយស្វ៊ីស ខណៈប្រជាមតិមួយនឹងរៀបចំនៅចុងសប្ដាហ៍នេះ

អ្នកស្រី Priska Seiler Graf សមាជិកសភាស្វ៊ីស បាននិយាយថា៖ «តើនរណាជាសត្រូវរបស់យើង។ តើនរណាកំពុងវាយប្រហារប្រទេសតូច និងអព្យាក្រឹតមួយនេះ ដែលហ៊ុមព័ន្ធដោយសមាជិកនៃអង្គការណាតូ មិនតែប៉ុណ្ណោះ លោកស្រី បានចោទសំណួរត្រង់ៗបែបនេះដោយសង្កត់ធ្ងន់ថា នេះគឺជារឿងដែលមិនសមហេតុសមផលសោះ។ ក្រៅពីអ្នកនយោបាយស្វ៊ីសមួយរូបនេះ ព្រមទាំងប្រជាជនស្វ៊ីសមួយចំនួនធំក៏មាននិន្នការប្រឆាំងគម្រោងទិញយន្តហោះចម្បាំងរបស់រដ្ឋាភិបាលផងដែរ។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ប្រភពពីប្រជាជន ដោយពួកគេអះអាងថា ប្រទេសអព្យាក្រឹតនេះមិនត្រូវការយន្តហោះសង្គ្រាមទំនើបៗ ដើម្បីការពារប្រទេសដែលមានភូមិសាស្រ្តហ៊ុមព័ទ្ធការពារដោយជួរភ្នំខ្ពស់ៗឡើយ ហើយម្យ៉ាងទៀតអៀរឡង់ ម៉ាល់ត៍  និងលុចសំបួរដែលនៅទ្វីបអឺរ៉ុបដែរ គ្មានយន្តហោះចម្បាំងឡើយ ដែលការណ៍នេះធ្វើឲ្យគម្រោងតម្លៃជាង៦,៦ពាន់លានដុល្លាររបស់ស្វ៊ីស ត្រូវមើលឃើញថា ជាការខ្ជះខ្ជាយលុយ។

សូមជម្រាបថា យោបល់ជំទាស់នេះ លេចឡើងមុនស្វ៊ីសរៀបចំការធ្វើប្រជាមតិមួយនៅថ្ងៃទី ២៧ ខែកញ្ញា ដើម្បីសម្រេចថា រដ្ឋាភិបាលបន្តឬបញ្ឈប់គម្រោងទិញយន្តហោះចម្បាំងនាឆ្នាំក្រោយ។ បើសិនជាទទួលបានភ្លើងបៃតងពីការបោះឆ្នោតប្រជាមតិនេះ រដ្ឋាភិបាលស្វ៊ីស នឹងសម្រេចរើសទិញយន្តហោះចម្បាំងក្នុងចំណោមយន្តហោះដូចជា Eurofighter ផលិតដោយក្រុមហ៊ុន Airbus, Rafale របស់បារាំង,  F/A-18 Super Hornet របស់ Boeing  ឬក៏ F35-A Lightning II របស់ Lockheed Martin

ទីភ្នាក់ងារ Reuters បាននិយាយទៀតថា អ្នកស្រី Seiler Graf ស្នើឲ្យរដ្ឋាភិបាលពិចារណាទិញយន្តហោះចម្បាំងមានតម្លៃថោកៗជំនួសវិញ។ ខណៈដែលយន្តហោះចម្បាំង ដែលស្វ៊ីសគ្រោងទិញនេះ នឹងជំនួសយន្តហោះចាស់ៗ សេរ៊ី F/A-18 Hornets ៣០គ្រឿង ដែលនឹងប្រើលែងកើតនាឆ្នាំ២០៣០ខាងមុខ។

ទាក់ទិននឹងបញ្ហានេះដែរ លោក Thomas Hurter ដែលជាសមាជិកសភាស្វ៊ីសម្នាក់ទៀត និងជាអតីតយោធានៃកងទ័ពជើងអាកាស ក៏បានអះអាងថា ប្រទេសស្វ៊ីស ត្រូវតែការពារខ្លួនឯង ដោយពុំចាំបាច់ពឹងពាក់ប្រទេសដទៃ។ ត្រង់ចំណុចនេះ លោកនិយាយដូច្នេះថា៖«ប្រសិនបើយើងមិនជំនួសយន្តហោះចាស់ៗទាំងនោះទេ នេះមានន័យថា យើងគ្មានកងទ័ពជើងអាកាសឡើយ។ យើងគ្មានអ្វីទៅការពារប្រទេស ហើយយើងនឹងមិនបំពេញតាមរដ្ឋធម្មនុញ្ញយើងឡើយ»

គួរបញ្ជាក់ថា កាលពី៦ឆ្នាំមុន ប្រជាជនស្វ៊ីស បានបោះឆ្នោះបដិសេធគម្រោងទិញយន្តហោះចម្បាំងសេរ៊ី Gripen ពីស៊ុយអែត  ហើយក្នុងឆ្នាំ១៩៨៩ សេចក្តីស្នើមួយដែលលុបបំបាត់ទាហានស្វ៊ីសទាំងស្រុង ទទួលការគាំទ្រពីប្រជាជន ប្រមាណ ៣៥ភាគរយ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print