ខេត្តព្រះសីហនុ៖ ប្រភពពីរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
គួរបញ្ជាក់ផងដែរថា ក្នុងគម្រោងសាងសង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំការសាងសង់អាគារ ចំណែកផ្នែកម៉ាសុីន ឧបករណ៍ និងបរិក្ខារបំពាក់ផ្សេងៗសម្រាប់ពិនិត្យវិភាគ គឺទទួលការឧបត្ថម្ភពីប្រទេសចិន។ ក្រោយការការសាងសង់អាគារមន្ទីរពិសោធន៍នេះរួចរាល់ជាស្ថាពរ នឹងជួយសម្រួលក្នុងការពិនិត្យ វិភាគជំងឺទូទៅ ពិសេសជំងឺឆ្លងដូចជាជំងឺកូវីដ-១៩ ជាដើម។ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅក្នុងខេត្តព្រះសីហនុ អាចទទួលបានសេវាពិនិត្យវិភាគជំងឺផ្សេងៗនៅទីនេះតែម្តងដោយមិនចាំបាច់ចំណាយពេលយកទៅវិភាគនៅរាជធានីភ្នំពេញដូចមុនទៀតឡើយ៕ដោយ៖ សិលា