មេបញ្ជាការជាន់ខ្ពស់កងកម្លាំងទាហានឥណ្ឌានិងចិនបានជួបពិភាក្សាគ្នាជាថ្មីក្រោយការជាប់គាំងជិតពីរខែកន្លងមក។ កិច្ចពិភាក្សាចុងក្រោយបំផុតរវាងមេទ័ពប្រទេសទាំងពីរ គឺនៅថ្ងៃទី២ ខែសីហា ដោយកិច្ចពិភាក្សានោះមានរយៈរហូតដល់ទៅ១០ម៉ោង តែមិនទទួលបានលទ្ធផលវិជ្ជមានឡើយ។
មេបញ្ជាការកងទ័ពឥណ្ឌានិងចិនបានជួបពិភាក្សាគ្នា ក្រោយរយៈពេលគាប់គាំងជាង៥០ថ្ងៃ។ជំនួបពិភាក្សាគឺដើម្បីបញ្ចប់ភាពតានតឹង ខណៈរដូវរងាជិតមកដល់ ធ្វើឱ្យប៉ះពាល់ដល់សកម្មភាពយាមល្បាតតាមព្រំដែន។
ជំនួបពិភាក្សាខាងលើកើតឡើងក្រោយពេលឥណ្ឌាបានប្រកាសចំណាយប្រាក់៤០០លានដុល្លារ ជីករូងក្រោមដីនៅព្រំដែនជាប់ប្រទេសចិន ដើម្បីកាត់បន្ថយពេលវេលាបញ្ជូនទាហានទៅព្រំដែនដោយប្រើពេលតែ១០នាទីប៉ុណ្ណោះ។
សារព័ត៌មាន South China Morning Postបានផ្សាយថា ជំនួបពិភាក្សាបានធ្វើឡើងនៅថ្ងៃទី២១ខែកញ្ញា នៅតំបន់ Moldo ក្នុងខ្សែបន្ទាត់ព្រំដែននៃប្រទេសចិន។ គណៈប្រតិភូយោធាឥណ្ឌា ដឹកនាំដោយឧត្តមសេនីយ៍ Harinder Singh មេបញ្ជាការកងពលលេខ១៤ឈរជើងនៅតំបន់Leh និងមន្ត្រីក្រសួងការបរទេសឥណ្ឌាក៏បានចូលរួមផងដែរ។
កិច្ចពិភាក្សាខាងលើធ្វើឡើងក្រោយរយៈ១០ថ្ងៃដែលរដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរ បានជួបពិភាក្សាគ្នានៅទីក្រុងមូស្គូប្រទេសរុស្ស៊ី ហើយក៏បានព្រមព្រៀងគ្នា៥ចំណុចបញ្ចប់វិវាទផងដែរ៕