គណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB)បានអនុម័តយល់ព្រមលើកញ្ចប់ស្តង់ដាបណ្តុះបណ្តាលលើ ៦វិស័យ ចំនួន ៣៣មុខរបរ

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB) បានផ្តល់យោបល់ ឯកភាព អនុម័តយល់ព្រមលើកញ្ចប់ស្តង់ដាបណ្តុះបណ្តាល និងលិខិតបទដ្ឋានគតិយុត្តដែលបានអភិវឌ្ឍក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់គាំទ្រដល់ការអនុវត្តក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា(CQF) ឱ្យផ្សារភ្ជាប់ទៅនឹងក្របខ័ណ្ឌគុណវុឌ្ឍិយោងអាស៊ាន(AQRF) ដូចជាការគាំទ្រប្រព័ន្ធវាយតម្លៃផ្អែកលើសមត្ថភាព និងការផ្តល់គុណវុឌ្ឍិសម្រាប់កម្ពុជា(CBACS) ដើម្បីលើកកម្ពស់និងជំរុញការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឱ្យឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គមសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ននិងទៅអនាគត ។

ការពិនិត្យ និងផ្តល់ការអនុម័តយល់ព្រមលើឯកសារគាំទ្រថ្នាក់ជាតិ ព្រមទាំងប្រកាសបច្ចុប្បន្នភាពសមាសភាព និងតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាលថ្មី ធ្វើឡើងក្រោមវត្តមានលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល (National Training Board, NTB) នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ ។

លោកបណ្ឌិត អ៊ិត សំហេង ជាប្រធានអង្គប្រជុំបានលើកឡើងថា កន្លងមកគណៈកម្មាធិការជាតិបណ្តុះបណ្តាល ធ្លាប់បានអនុម័តយល់ព្រមដាក់ឱ្យប្រើប្រាស់ និងអនុវត្តគោលនយោបាយមួយចំនួនសម្រាប់អនុវត្តនៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងកញ្ចប់ស្តង់ដាបណ្តុះបណ្តាលតាមវិស័យអាទិភាពលើមុខរបរដែលទីផ្សារកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគតជាច្រើនរួចមកហើយ ដែលកញ្ចប់ស្តង់ដាបណ្តុះបណ្តាលនេះ គឺជាឯកសារគោលក្នុងការកំណត់សមត្ថភាពសំខាន់ៗ ដូចជាសមត្ថភាពមូលដ្ឋាន ឬសមត្ថភាពគាំទ្រការបំពេញការងារ (ជំនាញទន់) និងសមត្ថភាពស្នូល (ជំនាញបច្ចេកទេសបំពេញការងារ)ជាដើម។

កិច្ចប្រជុំលើកទី១០ នេះ អង្គប្រជុំបានអនុម័តយល់ព្រមលើកញ្ចប់ស្តង់ដាបណ្តុះបណ្តាលលើ ៦វិស័យ ចំនួន ៣៣មុខរបរ ចាប់ពីកម្រិត ១ ដល់កម្រិត ៥ នៃក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (CQF) ក្នុងនោះ ១)វិស័យសំណង់មាន ៨មុខរបរ, ២)វិស័យមេកានិក (អនុវិស័យរថយន្ត) មាន ៧មុខរបរ, ៣)វិស័យអគ្គិសនី និងថាមពលមាន ៥មុខរបរ, ៤)វិស័យធុរកិច្ច និងព័ត៌មានវិទ្យាមាន ៤មុខរបរ, ៥)វិស័យកម្មន្តសាលមាន ៧មុខរបរ, ៦)វិស័យបរិក្ខារត្រជាក់ និងកំដៅមាន ២មុខរបរ និងកញ្ចប់ស្តង់ដាបណ្តុះបណ្តាលអ្នកវាយតម្លៃសមត្ថភាពកម្រិត១។

គួររំលឹកថា កិច្ចប្រជុំរបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាលលើកទី៩ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ បានអនុម័តលើគោលនយោបាយមួយចំនួន សម្រាប់អនុវត្តនៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមមាន ប្រព័ន្ធវាយតម្លៃផ្អែកលើសមត្ថភាព និងផ្តល់គុណវុឌ្ឍិសម្រាប់កម្ពុជា (Competency Based Assessment and Certification System, CBACS) គោលនយោយបាយស្តីពីការវាយតម្លៃផ្អែកលើសមត្ថភាព និងផ្តល់គុណវុឌ្ឍិ (Policy on Assessment and Certification, PAC) គោលនយោបាយស្តីពីកម្មសិក្សា (Policy on Internship, PI) ដែលជាឯកសារសំខាន់ៗគាំទ្រដល់ការអនុវត្តក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (Cambodian Qualification Framework, CQF) និងកញ្ចប់ស្តង់ដាបណ្តុះបណ្តាលមួយចំនួនទៀត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print