រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២០

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និង នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២០របស់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម។ ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធានតុលាការខេត្ត លោកអភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត លោកឧត្តមសេនីយ៍ស្នងការ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រីសមាជិកគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធ ចំនួន ៣២១នាក់។

តាមរបាយការណ៍របស់ លោក កៅ សុខអាន ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក្នុងឆមាសទី១ ឆ្នាំ២០២០ នេះ សមត្ថកិច្ចបានបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅទូទាំងខេត្តកំពង់ចាម បានចំនួន ១៩៩ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៧០នាក់ ស្រី៣០នាក់ វត្ថុតាងចាប់យករួមមាន គ្រឿងញៀនម្សៅក្រាមពណ៌សថ្លា ប្រភេទមេតំហ្វេតាមីន ១.៤១៦,៨៦ក្រាម(ទាំងសំបក) ជញ្ជីញអេឡិចត្រូនិច ១០គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។ អនុវត្តតាមគោលការណ៍ណែនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសដោយបានការដឹកនាំផ្ទាល់ពីលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានដាក់ចេញនូវវិធានការត្រួតពិនិត្យ ការស្រាវជ្រាវមុខសញ្ញានៃការជួញដូរ រួមជាមួយការអប់រំផ្សព្វផ្សាយតាមរយៈប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ជាប់ជាប្រចាំដល់សហគមន៍។ ក្នុងរយៈពេល៦ខែចុងឆ្នាំ២០១៩ និងរយៈពេល៦ខែដើមឆ្នាំ២០២០ នេះ ថ្វីត្បិតមុខសញ្ញានៃការប្រើប្រាស់គ្រឿងញៀនមានការកើនឡើង ក៏ពិតមែនប៉ុន្តែមុខសញ្ញានៃការជួញដូរមានការថយចុះគួរឲ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ដើមឆ្នាំ២០១៩។

លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំង និងមន្ត្រីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារអប់រំផ្សព្វផ្សាយ ទប់ស្កាត់ និងប្រឆាំងនូវបទល្មើសជួញដូរគ្រឿងញៀន និងការប្រើប្រាស់គ្រឿងញៀនក្នុងភូមិសាស្ត្ររបស់ខេត្តឲ្យទទួលបានលទ្ធផលល្អប្រសើរ។ ជាលទ្ធផលក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះ មានការថយចុះគួរឲ្យកត់សម្គាល់ និងសូមគាំទ្រ លើកទឹកចិត្តដល់គ្រប់សមត្ថកិច្ចគ្រប់លំដាក់ថ្នាក់ ត្រូវនៅបន្តពង្រឹងវិធានការរដ្ឋបាល រួមនឹងវិធានការផ្សេងៗទៀត ដើម្បីលុបបំបាត់គ្រឿងញៀន នៅសហគមន៍។ លោកអភិបាលខេត្ត បានធ្វើការណែនាំដល់សមត្ថកិច្ច និងអ្នកពាក់ព័ន្ធ
១-បន្តយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់នៃគ្រឿងញៀន តាមរយៈការចូលរួមវេទិកាផ្សេងៗ ការអប់រំផ្សព្វផ្សាយនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាដើម។
២-ត្រូវបន្តតាមដាន និងក្តាប់អោយជាប់នូវមុខសញ្ញាប្រើប្រាស់ និងមុខសញ្ញាជួញដូរឲ្យបានជាប់ព្រោះជាមូលដ្ឋានក្នុងការបង្ក្រាបបានទាន់ពេលវេលា។
៣-ត្រូវចាត់តាំងកម្លាំងដើម្បីតាមដាន សកម្មភាពឧក្រិដ្ឋជនជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួនជាប់ជាប្រចាំ និងចាត់វិធានការបង្ក្រាបឲ្យបានទាន់ពេលវេលា។
៤-ត្រូវជម្រុញ និងបន្តដាក់សារហាមឃាត់ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៅក្នុងបទបញ្ជាផ្ទៃក្នុង របស់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ក្លឹបកំសាន្ត ទីសប្បាយដ្ឋាននានា។
៥-សមត្ថកិច្ច និងអ្នកពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយទិសស្លោក «៣កុំ ១រាយការណ៍ » របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺ១-កុំពាក់ព័ន្ធ, ២-កុំអន្តរាគមន៍ ៣-កុំលើកលែង និងត្រូវរាយការណ៍គ្រប់ករណីបទល្មើសគ្រឿងញៀន។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំង និងមន្ត្រីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ចាម ដែលបំពេញការងារយ៉ាងសកម្មក្នុងការអប់រំ ទប់ស្កាត់ និងប្រឆាំងនូវបទល្មើសជួញដូរ និងការប្រើប្រាស់គ្រឿងញៀន នាពេលកន្លងទៅ និងបន្តរក្សាកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលសម្រេចបានបន្តទៀត។ លទ្ធផលជោគជ័យនេះ គឺផ្តើមចេញពីតួអង្គដែលពាក់ព័ន្ធទាំងអស់នៅឯមូលដ្ឋាន ដែលបានរួមគ្នាដោះស្រាយ តាមលំដាប់ថ្នាក់រហូតដល់ថ្នាក់ជាតិ

លោក បានគូសបញ្ចាក់អំពីចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ចូលរួមអនុវត្តវត្តនៅសុចនាករ ក៏ដូចជាការការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការនិងការណែនាំនានារបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ក្នុងទប់ស្កាត់ និងប្រឆាំងបទល្មើសគ្រឿងញៀន ឲ្យទទួលបានជោគជ័យដើម្បីឱ្យភូមិ-ឃុំ គ្មានគ្រឿងញៀន៕ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print