វិមាន Taj Mahal របស់ឥណ្ឌា ចាប់​ផ្ដើមបើកទទួល​ភ្ញៀ​វិញ​ បើទោះជាករណី​ឆ្លង COVID-19 នៅតែបន្តកើនឡើងក៏ដោយ

ចែករំលែក៖

អន្តរជាតិ៖ អាជ្ញាធរឥណ្ឌា នៅ​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ បានប្រកាស​បើក​ឲ្យ​ភ្ញៀវទេសចរ​ចូល​ទស្សនា​វិមាន Taj Mahal ដែល​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មួយរបស់ប្រទេសឥណ្ឌា ដែល​នេះ​ជា​សញ្ញា​នៃ​ការបើក​ដំណើរការ​អាជីវកម្ម​ដូច​ធម្មតា​វិញ​។ បើទោះបីជាស្ថានភាព COVID-19 នៅ​ប្រទេស​មួយនេះ នៅតែបន្ត​អាក្រក់​ដដែល​ដោយ​ករណី​ឆ្លង​នៅ​ឥណ្ឌា អាចមាន​ច្រើនជាង​ចំនួន​ឆ្លង​នៅ​អាមេរិក​នៅពេល​ខ្លី​ខាងមុខ​។​

​បើតាម​របាយការណ៍​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP បាននិយាយថា ឥណ្ឌា​ដែលមាន​ប្រជាជន ១,៣ ពាន់​លាន​នាក់ បាន​កត់ត្រា​ករណី​ឆ្លងCOVID-19 ជាង ៥.៤ លាន​ករណី ។ ចំណែកអ្នក​ឆ្លង​ថ្មី​មាន​ជិត ១០ ម៉ឺន​នាក់​ ក្នុងនោះ​អ្នកស្លាប់​ជាង ១.០០០ នាក់​ត្រូវបាន​រាយការណ៍​ស្ទើរ​រៀងរាល់ថ្ងៃ​។ ជាក់ស្ដែងក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ រដ្ឋាភិបាល​ក្រុង​ញូវដែលី ក៏​ចាប់ផ្ដើម​បន្ធូរបន្ថយ​ការ​រឹតត្បិត​បន្តិច​ម្តងៗ​ដែល​ក្នុងនោះ​រាប់បញ្ចូល​ទាំង ការ​ដំណើរការ​ផ្លូវ​រថភ្លើង ការបើក​ជើងហោះហើរ​ក្នុងស្រុក​វិញ ការបើក​ទីផ្សារ ភោជនីយដ្ឋាន​ជាដើម​។ ចាប់ពី​ថ្ងៃទី​២១ខែ​ក​ញ្ញ​ទៅ វិមាន Taj Mahal ក៏​ចាប់​ទទួល​ភ្ញៀ​វិញ​ដែរ​។

​សូមជម្រាបថា វិមាន Taj Mahal ត្រូវបាន​បិទ​តាំងពី​ខែមីនា​កន្លងទៅ នៅពេលដែល​ជំងឺ COVID-19 រាលដាល​ដល់​ប្រទេសឥណ្ឌា​ ហើយការបិទ​វិមាននេះ គឺជាវិធាន​ការបិទ​ប្រទេស​របស់​រដ្ឋាភិបាល​លោកនាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី ដើម្បី​កាត់បន្ថយ​ការឆ្លង​។ ប៉ុន្តែយ៉ាងណាក៏ដោយ ការ​រឹតត្បិត​នេះ បានធ្វើឲ្យប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​ឥណ្ឌា ខណៈដែល​លោក ម៉ូ​ឌី វិញ ក៏មាន​ការស្ទាក់ស្ទើរ​ក្នុងការ​ធ្វើ​ដូច​ប្រទេស​ផ្សេងទៀត លើ​ការ​រឹតបន្តឹង​ម្តងទៀត​។​

​ទន្ទឹមនឹងនេះ មន្ត្រីសុខាភិបាល​ឥណ្ឌា ក៏បាន​សង្កត់ធ្ងន់ថា វិធានការ​ការរក្សា​គ​ម្លា​ត ក៏ត្រូវ​រឹតបន្តឹង​ដែរ ហើយ​ចំនួន​អ្នកទស្សនា​ប្រចាំថ្ងៃ​នឹងត្រូវ​បានកំណត់​ត្រឹមតែ​៥០០០​នាក់​ប៉ុណ្ណោះ​។ ចំនួន​នេះ ស្មើនឹង​មួយ​ភាគ​បួន​នៃ​ចំនួន​អ្នក​ចូល​ទស្សនា​នៅពេល​ធម្មតា​។ ព្រោះជារៀងរាល់ឆ្នាំ វិមានTaj Mahal បាន​ទាក់ទាញ​ភ្ញៀវ​អោយចូល​ទស្សនា​ចំនួន ៧ លាន​នាក់​ក្នុង​មួយឆ្នាំ​។ លើសពីនេះទៅទៀត សំបុត្រ​អាច​ទិញ​បាន​តាម​អ៊ីនធឺណិត​តែប៉ុណ្ណោះ​។​

​ដោយឡែកអ្នកជំនាញ​ខាង​បុរាណវិទ្យា​ជាន់ខ្ពស់​ដែល​ទទួលបន្ទុក​វិមាន​ក្នុង​ទីក្រុង Agra លោក Vasant Swarnkar បាន​ប្រាប់​ក្រុមអ្នកសារព័ត៍​ថា ៖«​រង្វង់​សម្រាប់​ឈរ​កំពុង​ត្រូវ​បានកំណត់​។ ជាមួយគ្នា​នោះ​ផងដែរ​អ្នក​ចូល​ទស្សនា​នឹងត្រូវ​តម្រូវអោយ​ពាក់​ម៉ាស់​ជា​ចាំបាច់​ហើយ​គ្មាន​នរណាម្នាក់​អនុញ្ញាតអោយ​ចូល​ដោយ​គ្មាន​ការ​វាស់​កម្តៅ​បានទេ​»៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print