សម័យសន្តិភាពទៅហើយ នៅឡើយលោកមេនគរបាលដកកាំភ្លើងភ្ជង់ថៅកែហាង ក្នុងរង្វង់ផឹកសុី អត់ខ្លាចគុកទេអី..!

ចែករំលែក៖

ភ្នំពេញ៖ ឋានៈដល់ជាប្រធានការិយាល័យប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃ ដកកាំភ្លើងភ្ជង់ថៅកែហាងគុយទាវអង្គរជុំ ក្នុងវង់ផឹកស៊ី, ថៅកែអង្គរជុំសាខាទួលគោកប្តឹងទារសំណងជំងឺចិត្ត១០ម៉ឺនដុល្លារ ។ ទង្វើនេះ សុទ្ធតែបន្សល់ទុក នូវនិទណ្ឌភាព លែងស្គាល់ច្បាប់ទម្លាប់ អាចគុកច្រវ៉ាក់ បើព្រហើនកោងកាចខុសតម្រា ។

សូមបញ្ជាក់ថា៖ បើយោងតាមពាក្យបណ្តឹងដែលអង្គភាព «នគរដ្រេហ្គន»ទទួលបាននៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ គឺម្ចាស់ហាងគុយទាវអង្គរជុំសាខាទួលគោក រាជធានីភ្នំពេញ បានដាក់ពាក្យប្តឹងប្រធានការិយាល័យប្រឆាំងភេរវកម្ម នៃក្រសួងមហាផ្ទៃ ឈ្មោះ ថ្លាង ភិនរ៉ា បន្ទាប់ពីនាយមន្ត្រីនគរបាលរូបនេះបានដកកាំភ្លើងគំរាមបាញ់សម្លាប់លោក និងភរិយា។

ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។
ជនរងគ្រោះឈ្មោះ ជុយ សុខហេង ភេទប្រុស អាយុ៥៣ឆ្នាំ ទីលំនៅសព្វថ្ងៃផ្ទះលេខ៩១ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាម្ចាស់ហាងគុយទាវអង្គរជុំសាខាទួលគោក បានប្ដឹងលោក ថ្លាង ភិនរ៉ា ជានាយមន្ត្រីនគរបាល ឋាន:ជាប្រធានការិយាល័យប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃ ទៅកាន់ស្ថាប័នចំនួន៣
ទី១៖ ប្តឹងទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ទី២៖ ប្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ទី៣៖ ប្តឹងទៅកាន់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
ការប្ដឹងនេះបានធ្វើឡើងបន្ទាប់ពីមន្ត្រីនគរបាលខាងលើ បានជេរប្រមាថ និងគំរាមបាញ់សម្លាប់ជនរងគ្រោះ និងភរិយា ដោយដកកាំភ្លើងពីចង្កេះអាមេបញ្ចូលគ្រាប់តម្រង់ ទៅលើជនរងគ្រោះ និងភរិយា ដែលកំពុងហូបអាហារថ្ងៃត្រង់នៅក្នុងហាគុយទាវអង្គរជុំ សាខាទួលគោកផ្ទាល់តែម្ដង។
លោក ជុយ សុខហេង បានរៀបរាប់នៅក្នុងពាក្យបណ្តឹងថា ៖ នៅថ្ងៃកើតហេតុថ្ងៃទី២០ ខែកញ្ញា វេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ លោកបានរៀបចំការហូបចុកជុំជាមួយមិត្តភក្តិប្រមាណ៨នាក់ជាលក្ខណៈមិត្តភាព នៅទីតាំងហាងគុយទាវរបស់ខ្លួន ព្រោះមិនមានការបើកលក់នោះទេជាថ្ងៃបុណ្យភ្ជុំ។
លោក សុខហេង រៀបរាប់ទៀតថា ៖ លុះការហូបចុកបានមួយសន្ទុះ ក៏លោក ថ្លាង ភិនរ៉ា ដើរចូលកន្លែងហូបចុករបស់លោកដោយមិនមានការអញ្ជើញនោះឡើយ តែដោយសារធ្លាប់ស្គាល់គ្នាទើបអ្នករួមតុអនុញ្ញាតឱ្យលោក ថ្លាង ភិនរ៉ា រួមតុតែម្តង។
លោក សុខហេង បន្តថា ៖ ការហូបចុកបានបន្តរហូតដល់ម៉ោងប្រមាណ២រសៀល មិត្តភក្តិមួយចំនួនបានត្រឡប់ទៅផ្ទះអស់ នៅសល់មនុស្សប្រមាណតែ៥នាក់ប៉ុណ្ណោះ រួមមានរូបលោក និងភរិយាផង អង្គុយហូបចុកមួយតុរួមគ្នា។ ពេលនោះលោក ថ្លាង ភិនរ៉ា ដែលមានអាការៈស្រវឹងស្រាផងនោះ ក៏បានចាប់ផ្តើមប្រើពាក្យសម្តីព្រមានពីការបិទហាង ឬដាក់នគរបាលចាំត្រួតពិនិត្យជាតិអាល់កុលនៅមុខហាងគុយទាវជាដើម។ មិនត្រឹមតែប៉ុណ្ណោះ លោក ថ្លាង ភិនរ៉ា ថែមទាំងបានអួតអាងថា ខ្លួនអាចទូរស័ព្ទទៅ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យបិទហាងគុយទាវអង្គរជុំពេលណាក៏បានថែមទៀតផង។
នៅក្នុងពាក្យបណ្តឹងលោក សុខហេង បានរៀបរាប់ថា ៖ ក្រោយមានការលើកឡើងបែបនេះ លោកក៏បានតមាត់ទៅវិញថា ហាងរបស់លោកលក់គុយទាវ កាហ្វេ មិនបានលក់គ្រឿងញៀនអីនោះទេ ហេតុអ្វីក៏ចង់បិទហាងរបស់លោក។
បើតាមការរៀបរាប់របស់លោក សុខហេង ក្រោយពីប៉ះសម្តីគ្នាបែបនេះ លោក ថ្លាង ភិនរ៉ា ប្រធានការិយាល័យប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃ បានដកកាំភ្លើងពីចង្កេះរួចអាមេបញ្ចូលគ្រាប់ភ្ជង់ទៅលើរូបលោក និងភរិយា។ លោក សុខហេង បានបន្តថា ៖ មិនត្រឹមតែបានដកកាំភ្លើងមកភ្ជង់នោះទេ លោក ភិនរ៉ា បានប្រើសម្តីធ្ងន់ៗគំរាមសម្លាប់រូបលោក និងភរិយាថែមទៀតផង។
ក្នុងពាក្យបណ្ដឹងដដែលនេះជនរងគ្រោះបានទាមទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារអាមេរិក និងបានស្នើសូមឲ្យច្បាប់ផ្តន្ទាទោសលើមន្ត្រីនគរបាលនោះធ្ងន់ធ្ងរជាទីបំផុត មិនអាចលើកលែងបាន។
សូមរំឮកថា៖ ចុះបើផឹកសុីស្រវឹង អាចធ្វើជាពលរដ្ឋល្អបានទេ កុំអាងអំណាច តួនាទី ខុសគោលដៅ យកមកបំផ្លាញសេចក្តីថ្លៃថ្នូរ ខ្លួនជាមន្ត្រីនគរបាលយុត្តិធម៍ អ្នកអនុវត្តច្បាប់បានទេ..?

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print