នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន បញ្ជាឱ្យអង្គភាពជំនាញចាត់លើ លោក ថ្លាង ភិនរ៉ា ! ករណីដកកាំភ្លើងភ្ជង់ពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ កាន់តែដំណើរការទៅមុខហើយ រឿងក្ដីរបស់ លោក ថ្លាង ភិនរ៉ា ជាមន្ត្រីនគរបាល ប្រធានការិយាល័យប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃ ដែលដកកាំភ្លើងភ្ជង់ថៅកែហាងគុយទាវអង្គរជុំ ក្នុងវង់ផឹកស៊ីនោះ គឺត្រូវបាន នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យអង្គភាពជំនាញកោះហៅ មកសួរនាំ និងធ្វើកំណត់ហេតុ ដើម្បីឈានដល់ការចាត់ការតាមនីតិវិធី។
បើតាម លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការនគរបានជាតិ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននៃការសកម្មភាពរបស់ប្រធានការិយាល័យប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃរូបនេះ ( លោក ថ្លាង ភិនរ៉ា), នាយឧត្តមសេនីយ៍ នេត សាវឿន បានចេញវិធានការណ៍ និងចំណាត់ការតាមផ្លូវច្បាប់ចំពោះមន្ត្រីនគរបាលរូបនេះ ដោយហៅមកធ្វើកំណត់ហេតុ, ឱ្យសារភាពពីទោសកំហុស, ឲ្យសម្របសម្រួល ឬសុំទោសចំពោះជនរងគ្រោះ បើសិនពិតជារកឃើញកំហុសមែន ហើយប្រសិនបើការសម្របសម្រួលមិនត្រូវគ្នាទេ នឹងបញ្ជូនទៅតុលាការ និងដាក់ពិន័យកងកម្លាំង។
លោកឧត្តមសេនីយ៍ អ៉ី សុខឃី បញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ មិនបានទុកសកម្មភាពរបស់មន្ត្រីនគរបាលណាដែលខុសឆ្គង ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងនគរបាលជាតិទាំងមូលទេ គឺតែងតែដាក់ទោសទណ្ឌចំពោះនគរបាលដែលប្រព្រឹត្តបទល្មើសជានិច្ច។
សូមរំលឹកថា ៖ បន្ទាប់ពីភ័យព្រលឹងចុងសក់ លោកម្ចាស់ហាងគុយទាវអង្គរជុំសាខាទួលគោក រាជធានីភ្នំពេញ បានដាក់ពាក្យប្តឹងលោកប្រធានការិយាល័យប្រឆាំងភេរវកម្ម នៃក្រសួងមហាផ្ទៃ ឈ្មោះ ថ្លាង ភិនរ៉ា បន្ទាប់ពីមន្ត្រីនគរបាលរូបនេះ បានដកកាំភ្លើង អាមេបញ្ចូលគ្រាប់ គំរាមបាញ់សម្លាប់រូបលោក និងភរិយា ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ហើយថាលោកម្ចាស់ហាងប្ដឹងទាមទារជំងឺចិត្ត ១០ម៉ឺនដុល្លារ។
ជនរងគ្រោះ មានឈ្មោះ ជុយ សុខហេង ភេទប្រុស អាយុ៥៣ឆ្នាំ ទីលំនៅសព្វថ្ងៃផ្ទះលេខ៩១ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាម្ចាស់ហាងគុយទាវអង្គរជុំសាខាទួលគោក, ឯអ្នកដកកាំភ្លើងគំរាមបាញ់ទៅលើម្ចាស់ហាង គឺ លោក ថ្លាង ភិនរ៉ា ជាមន្ត្រីនគរបាល ឋាន:ជាប្រធានការិយាល័យប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃ។ ពេលនេះ លោក ជុយ សុខហេង ម្ចាស់ហាងគុយទាវអង្គរជុំសាខាទួលគោក បានប្ដឹង លោក ថ្លាង ភិនរ៉ា ប្រធានការិយាល័យប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃ ទៅកាន់ស្ថាប័នចំនួន៣ ÷
១- ប្តឹងទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ,
២- ប្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ,
៣- ប្តឹងទៅកាន់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ៖ ការប្ដឹងនេះ បានធ្វើឡើងបន្ទាប់ពីមន្ត្រីនគរបាលខាងលើ បានជេរប្រមាថ និងគំរាមបាញ់សម្លាប់ជនរងគ្រោះ និងភរិយា ដោយដកកាំភ្លើងពីចង្កេះអាមេបញ្ចូលគ្រាប់ គំរាមទៅលើជនរងគ្រោះ និងភរិយា ដែលកំពុងហូបអាហារថ្ងៃត្រង់នៅក្នុងហាងគុយទាវអង្គរជុំ សាខាទួលគោកផ្ទាល់តែម្ដង។ ក្នុងពាក្យបណ្ដឹង ជនរងគ្រោះបានទាមទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារអាមេរិក និងបានស្នើសូមឲ្យច្បាប់ផ្តន្ទាទោសលើមន្ត្រីនគរបាលរូបនោះធ្ងន់ធ្ងរជាទីបំផុត មិនអាចលើកលែងបាន។
មហាជនដែលបានឃើញរូបភាព និងដឹងអំពីសាច់រឿងនេះ បានលើកឡើងថា ជាធម្មតាមនុស្សម្នាក់ៗ តែងតែមានកំហឹងកើតឡើងនៅពេលដែលប្រតិកម្មនឹងអ្វីមួយ… ប៉ុន្តែទោះជាខឹងយ៉ាងណា ក៏ត្រូវទប់អារម្មណ៍ឲ្យនឹងនរសិនដែរ ពីព្រោះថា ទី១- សីលធម៌ , ទី២- មិនត្រូវបង្កបញ្ហាទំនាស់ឲ្យកាន់តែធំ , ទី៣- ការដកកាំភ្លើងត្រូវគិតគូរពីផ្លូវច្បាប់ , ទី៤- ខ្លួនឯងជាមន្ត្រីនគរបាល រឹតតែមិនត្រូវដកកាំភ្លើងគំរាមប្រជាពលរដ្ឋ ឬជនស៊ីវិលនោះឡើយ… តែបើយ៉ាងណា ពេលនេះអគ្គស្នងការនគរបាលជាតិ បានចាត់វិធានការទៅលើបុគ្គលរូបនេះហើយ , ហើយមហាជន ក៏កំពុងរង់ចាំមើលថា តើស្ថាប័នតុលាការ នឹងមាននីតិវិធីបែបណាទៅលើ លោក ថ្លាង ភិនរ៉ា នេះ ?
ទាក់ទិននឹងករណីនេះ អង្គភាព «នគរដ្រេហ្គន» មិនអាចទាក់ទងសុំការបំភ្លឺពីលោក ថ្លាង ភិនរ៉ា បាននៅឡើយទេ ហើយយើងរង់ចាំការបំភ្លឺបកស្រាយ ដោយរីករាយពីភាគីពាក់ព័ន្ធ ជាពិសេសលោក ថ្លាង ភិនរ៉ា ផ្ទាល់តែម្ដង ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print