ភ្នំពេញ៖ លេចចេញករណីបោកប្រាស់ថ្មីមួយដោយការប្រើ គណនីយហ្វេសប៊ុកមិនពិតដោយបានប្រើប្រាស់រូបថតផលិតករភាពយន្តនៃស្ថានីយទូរទស្សន៍របស់ប្រទេសថៃម្នាក់ឆាតទៅកាន់យុវជនដែលមានរូបសម្រស់ស្រស់ស្អាត និងស្រស់សង្ហាឲ្យមកធ្វើការដាក់ពាក្យដោយសន្យាថានឹងផ្តល់ការងារសិល្បៈជាច្រើនជុំវិញការថតភាពយន្ត និងឈុតផ្សព្វផ្សាយពាណិជ្ជកម្ម ដែលជាឱកាសជួយឲ្យពួកគេរកប្រាក់កម្រៃបានរាប់រយដុល្លារអាមេរិកក្នុងមួយថ្ងៃៗ ។
ការបែកធ្លាយករណីនេះត្រូវបានទម្លាយឲ្យដឹងពីក្រុមយុវជនដែលធ្លាប់រងគ្រោះព្រោះជឿជនឆបោកទាំងនោះ។ ពួកគេលើកឡើងថាគណនីយហ្វេសប៊ុកដែលគេសង្ស័យថាជាការបោកប្រាស់ពួកគេនេះមានឈ្មោះជាភាសាខ្មែរថា”នឹងទីផ្សារស្ពតពាណិជ្ជកម្ម អ្នកបង្ហាញម៉ូត” ដោយបានប្រើប្រាស់រូបថតផលិតករនៃស្ថានីយទូរស្សន៍ប៉ុស្តិ៍លេខ៣នៃព្រះរាជាណាចក្រថៃ ដោយមានទាំងរូបលើ Profile Cover រួមជាមួយតារាសម្តែងថៃល្បីឈ្មោះ។ យុវជនម្នាក់ដែលធ្លាប់បានគណនីយហ្វេសប៊ុកនេះបានទំនាក់ទំនងទៅបានរៀបរាប់ថា អ្នកប្រើហ្វេសប៊ុកខាងលើបានទាក់ទងទៅកាន់ខ្លួនដោយសួរនាំអំពីការមានបំណងចូលប្រឡូកក្នុងវិស័យសិល្បៈដែរឬទេ? ដោយអ្នកប្រើប្រាស់នោះលើកឡើងថានឹងជួយឲ្យខ្លួនក្លាយជាតារាល្បីបានដែលត្រឹមតែមកជួបពួកគេនៅភ្នំពេញប៉ុណ្ណោះ។ ប្រភពថាក្រោយពីមកជួបផ្ទាល់គឺមិនមែនជាបុគ្គលដូចក្នុងរូបថតលើហ្វេសប៊ុកនោះទេ គឺជាបុគ្គលផ្សេង ហើយពួកគេលើកឡើងថា ផលិតករថៃដែលមានរូបក្នុងហ្វេសប៊ុកនោះគឺជាម្ចាស់ភាគហ៊ុន និងសហការគ្នាក្នុងការផលិតភាពយន្ត និងឈុតផ្សព្វផ្សាយពាណិជ្ជកម្ម។ ប្រភពបន្តថា មានការអូសទាញជាច្រើនរូបភាពដែលតម្រូវឲ្យយុវជនធ្វើការបង់ប្រាក់ដើម្បីកក់សម្លៀកបំពាក់ក្នុងការថតផ្សព្វផ្សាយពាណិជ្ជកម្មដោយតម្រូវឲ្យពួកគេកក់ឈុតបុរាណ៣ទៅ៤ឈុតដើម្បីថតនិងទទួលបានប្រាក់កម្រៃមកវិញប្រមាណជិត២០០ដុល្លារអាមេរិកក្នុងមួយថ្ងៃៗនោះ។ ប្រភពថាមានយុវជនមួយចំនួនបានចាញ់បោកការអូសទាញដោយបានស្វែងរកប្រាក់ពីសាច់ញាតិមិត្តភ័ក្កិដើម្បីបង់ឲ្យជនទាំងនោះដោយរំពឹងថានឹងបានថតភាពយន្តឬឈុតផ្សព្វផ្សាយពាណិជ្ជកម្ម ប៉ុន្តែដល់ថ្ងៃថតត្រូវបានក្រុមទាំងនោះលើកពេលថតពីមួយថ្ងៃទៅមួយថ្ងៃ ដែលសូម្បីទូរស័ព្ទក៏មិនងាយទទួលខណៈដែលឈុតដែលត្រូវកក់បង់ប្រាក់នោះមិនដឹងនៅទីណា។ ប្រភពថាយុវជនខ្លះនៅខេត្តឆ្ងាយៗត្រូវមកភ្នំពេញចំណាយទាំងថ្លៃធ្វើដំណើរការស្នាក់នៅរហូតមានអ្នកខ្លះត្រូវរងការស្តីបន្ទោសខ្លាំងពីក្រុមគ្រួសារព្រោះខាតបង់ប្រាក់ និងពេលវេលាជាច្រើន។
ពួកគេរំពឹងថាក្រសួងពាក់ព័ន្ធនឹងធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យមកផ្តន្ទាទោសទៅតាមច្បាប់ និងជាការព្រមានសម្រាប់ជនយកសិល្បៈជាឈ្នាន់កេងប្រវ័ញ្ចបោកប្រាស់យុវជនជាច្រើនបន្តទៀត ៕
ដោយ វឌ្ឍនា