សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដេីម្បីសិក្សានិងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨​ ខ្សែនៅក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ សេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការអន្តរក្រសួងដេីម្បីសិក្សានិងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨​ ខ្សែនៅក្រុងសៀមរាប​ ខេត្តសៀមរាប ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា៖ គណៈកម្មការក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទី នៅសាលប្រជុំសាលាខេត្តសៀមរាប គណៈកម្មការអន្តរក្រសួងដើម្បីសិក្សានិងអនុវត្តគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំដំបូងរបស់ខ្លួនក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា ប្រធានគណៈកម្មការអន្តរក្រសួង និងមានការអញ្ជើញចូលរួមរបស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង លោក ស៊ុនចាន់ថុលទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ អន្តរក្រសួង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសមាជិកគណៈកម្មការអន្តរក្រសួង លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសមាជិកគណៈកម្មការអន្តរក្រសួង លោក អ៊ុង អឿង ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប និងលោកជាសមាជិកគណៈកម្មការអន្តរក្រសួង ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីបច្ចេកទេសនៃក្រសួង ការពារជាតិ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងមន្ត្រី តំណាងអង្គភាពពាក់ព័ន្ធនៃរដ្ឋបាលខេត្តសៀមរាប សរុប ១១១នាក់។

កិច្ចប្រជុំបានសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចផ្តល់ថវិកាសម្រាប់ស្ថាបនាហេដ្ឋារចនា សម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ក្នុងបំណងកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុង បង្កើតការងារ ស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សម្រួលចរាចរណ៍ បង្កើនសោភ័ណភាព ជំរុញកំណើនភ្ញៀវទេសចរ និង កំណើនសេដ្ឋកិច្ចជាតិ។

ក្រោយពីស្តាប់របាយការណ៍ស្តីពីផែនការមេនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុងសៀមរាប ខេត្ត សៀមរាប របស់ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការនិងដឹកជញ្ជូន និងបទបង្ហាញស្តីពីនគរូបនីយកម្ម និងស្ថាបត្យកម្មផ្លូវក្រុង របស់ក្រុមការងារបច្ចេកទេសនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កិច្ចប្រជុំ បានពិភាក្សានិងសម្រេចជ្រើសរើសខ្សែផ្លូវសរុបចំនួន៣៨ខ្សែ ប្រវែងសរុប ១០០គ.ម និងតាមប្លង់គោលប្រើប្រាស់ ដោយអនុលោមតាមផែនការមេ ដីក្រុងសៀមរាបចក្ខុវិស័យឆ្នាំ២០៣៥ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយសេចក្តីសម្រេច លេខ០០៤ សសរ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ របស់គណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ និង ផែនការមេនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងគោលដៅលើកកម្ពស់ការបម្រើសេវាជូនប្រជាពលរដ្ឋនិងអ្នកទេសចរនៅក្នុងក្រុងសៀមរាប និងធ្វើឱ្យក្រុងសៀមរាបក្លាយទៅជាទីក្រុងទេសចរណ៍កម្រិតពិភពលោក ខ្សែផ្លូវដែលត្រូវធ្វើការស្ថាបនានិងកែលម្អឡើងវិញ ទាំងអស់ នឹងត្រូវធ្វើឱ្យក្លាយទៅជាផ្លូវដែលមានមេត្រីភាពជាមួយវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ និងស្របតាម
រូបសាស្ត្រទីក្រុង និងត្រូវមានការគិតគូរជាប្រព័ន្ធនិងលើគ្រប់ទិដ្ឋភាព មាន
ជាអាទិ៍ ប្រព័ន្ធលូទឹកកខ្វក់ លូទឹកភ្លៀង
ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនមានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញា និងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រះទឹកកខ្វក់ និងការធ្វើសួននិងដាំដើមឈើ ។
គណៈកម្មការអន្តរក្រសួង អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅក្រុងសៀមរាបទាំងអស់ ចូលរួមសហការប្រកបដោយការយោគយល់ជាមួយគណៈ កម្មការអន្តរក្រសួង ក្រុមការងារបច្ចេកទេស និងអង្គភាពនិងក្រុមហ៊ុនសាងសង់ ដើម្បីឱ្យការសិក្សានិងការអនុវត្ត គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្រុងសៀមរាប ខេត្តសៀមរាប ប្រព្រឹត្តទៅបានដោយរលូននិងទទួលបាន ផ្លែតាមការរំពឹងទុក៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print