អន្តរជាតិ៖ លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូណេស៊ី នៅក្នុងសុន្ទរកថាមួយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ(UNGA) លើកទី៧៥ នៅថ្ងៃពុធទី២៣ ខែកញ្ញានេះ បានព្រមានថា៖ ស្ថេរភាព និងសន្តិភាពសកលអាចនឹងត្រូវបានបំផ្លាញ ប្រសិនបើជម្លោះឬការប្រជែងភូមិសាស្ត្រនយោបាយ នៅតែបន្តរីកកាន់តែធំឡើង ហើយសង្រ្គាមនឹងមិនផ្ដល់ផលចំណេញដល់នរណាម្នាក់ឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០។
នៅក្នុងសុន្ទរកថាដដែល ប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះ មិនបានបញ្ជាក់ចំៗឈ្មោះក៏ដោយ ប៉ុន្តែគ្រប់គ្នាក៏អាចដឹងដែរថា លោកចង់និយាយសំដៅលើភាពតានតឹងបច្ចុប្បន្នរវាងសហរដ្ឋអាមេរិក និងមហាយក្សចិន។ លោក Joko Widdo បានគូសបញ្ជាក់ដូច្នេះថា«សង្រ្គាមមិនដែលផ្ដល់ផលចំណេញ ដល់នរណាម្នាក់ឡើយ។ គ្មានឡើយការអបអរជ័យជម្នះនៅក្នុងចំណោមការបំផ្លិចបំផ្លាញ ហើយក៏គ្មានដែរការក្លាយជាមហាអំណាចសេដ្ឋកិច្ច នៅពេលពិភពលោកដែលកំពុងលិចលង់»។
បន្ថែមពីនេះ លោក វីដូដូ បានសង្កត់ធ្ងន់ថា ខណៈជំងឺ COVID-19 កំពុងរាតត្បាត វាគឺជាពេលដែលពិភពលោកត្រូវសាមគ្គីគ្នា។ តែផ្ទុយទៅវិញអ្វីដែលយើងកំពុងឃើញ នោះការបែកបាក់គ្នា និងការប្រជែងគ្នាកាន់តែខ្លាំង ហើយបើសិនជាការបែកបាក់ និងការប្រជែងទុកគ្នាជាសត្រូវនៅតែបន្តកើតមាន នោះសន្តិភាព និងស្ថេរភាពសកលនឹងត្រូវបានបំផ្លាញ។
គួរបញ្ជាក់ថា លោក ចូកូ វីដូដូ ការលើកឡើងបែបនេះ គឺកើតមានឡើងនៅក្នុងបរិបទដែលអាមេរិក និងចិន កំពុងមានភាពតានតឹងគ្នាលើបញ្ហាជាច្រើន ក្នុងនោះរួមមមានទាំងសមុទ្រចិនខាងត្បូង ជាទីដែលឥណ្ឌូណេស៊ី និងចិនកំពុងដំឡើងសសៃកដាក់គ្នា ក្នុងមួយរយៈពេលចុងក្រោយនេះ។
ជាក់ស្ដែង រដ្ឋាភិបាលទីក្រុងហ្សាការតា នៅក្នុងខែកញ្ញានេះបានសម្ដែងការខឹងសម្បារយ៉ាងខ្លាំង ជុំវិញនាវាឆ្មាំសមុទ្រចិនមួយគ្រឿង ដែលបានចូលក្នុងដែនទឹកមួយនៃតំបន់សមុទ្រចិនខាងត្បូង ដែលឥណ្ឌូណេស៊ីអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន៕ដោយ៖ស តារា