ខេត្តកំពង់ធំ ៖ មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ០១ ខ្នង ធ្វើអំពីឈើប្រក់ស័ង្កសី ដែលមានទំហំ ៥,មx៧ម កាលពីវេលាម៉ោង ២២:២០ នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កន្លងមកនេះ នៅភូមិសំរិត ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
លោក ឡុច ប៊ុន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជាម្ចាស់ផ្ទះ បានបញ្ជាក់ប្រាប់ថា រូបគាត់ បានមកអង្គុយលេងនៅផ្ទះអ្នកភូមិទល់មុខផ្ទះរបស់គាត់ ចំណែកកូនៗបានទៅដេកនៅផ្ទះជីដូននៅក្បែរនោះដែរ រីឯភរិយាបានទៅលេង និងសម្រាកនៅផ្ទះម្ដាយ ឯចុងភូមិ ។ បន្ទាប់មកស្រាប់តែឃើញមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅផ្ទះរបស់ខ្លួន លោក ឡុច ប៊ុន និងបងប្អូនប្រជាពលរដ្ឋ បានស្ទុះមកជួយដើម្បីពន្លត់ភ្លើង តែអកុសលភ្លើងបានឆេះសន្ឋោសន្ឋៅ ហើយ មិនអាចពន្លត់ឈ្នះ និងចូលយកទ្រព្យសម្បត្តិឬសម្ភារៈអ្វីផ្សេងៗបានឡេីយ ។
ដោយទទួលបានពត៌មាននេះ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ដែលជានិច្ចកាល លោកតែងតែឧបត្ថម្ភស្បៀងអាហារ ថវិកា និងសម្ភារៈ ផ្សេងៗជាច្រើនទៀត តាមរយៈ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាត និងរងគ្រោះដោយប្រការណាមួយ ក្នុងការងារមនុស្សធម៌ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ចំពោះបញ្ហាអគ្គីភ័យ មុនធ្វើដំណើរទៅណា ត្រូវពន្លត់ភ្លើង ចង្ក្រាន ធូប ទាន បិទចរន្តអគ្គិសនីក្នុងលំនៅដ្ឋានរបស់ខ្លួន ដើម្បីជៀសវាងមានការទុសេ ដែលបង្កឲ្យមានការឆ្លងចរន្តអគ្គិសនីដូចករណីនះ៕
ដោយ៖ សិលា