ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ខណ្ឌដង្កោ ដឹកនាំដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានចាប់ខ្លួនជនសង្ស័យ២នាក់ដែលជាបងប្អូនបង្កើតនឹងគ្នា ខណ:ពួកគេបម្រុងធ្វើសកម្មភាពលួចយកម៉ូតូប្រជាពលរដ្ឋ កាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចវាលស្រែផ្លូវលេខ២១៧ ភូមិព្រែកកំពិឹស សង្កាត់ព្រែកកំពិឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងអន្តរាគមន៍ចុះល្បាតក្នុងមូលដ្ឋានដើម្បីការពារបទល្មើសនិងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូមួយគ្រឿងម៉ាកScoopy ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1 AF-7177 ឌុបគ្នាមកឈប់ក្បែរម៉ូតូប្រជាពលរដ្ឋដែលចតនៅក្បែរវាលស្រែហើយចុះទៅបង់សំណាញ់ ខណៈនោះជនសង្ស័យទាំង២នាក់ក៏យកសោអក្សរតេបម្រុងនិឹងធ្វើសកម្មភាពកាច់ ក យកម៉ូតូរបស់ប្រជាពលរដ្ឋម៉ាកហុងដាឌ្រីម សេ១២៥។ ដោយមានការសង្ស័យសមត្ថកិច្ចក៏ហៅសួរនាំ ពេលនោះជនសង្ស័យទាំង២នាក់បានដកទូរស័ព្ទបម្រុងនិឹងថតសមត្ថកិច្ចវិញផងដែរ ។ បន្ទាប់មកសមត្ថកិច្ចក៏បានឆែកឆេរលេីដងខ្លួនជនសង្ស័យទាំង២នាក់បានរកឃើញសោសម្រាប់កាច់កម៉ូតូចំនួន៤ឈុត ចម្ពាមកៅស៊ូចំនួន១ក៏ធ្វើការឃាត់ខ្លួនតែម្ដង។
ជនសង្ស័យទាំងនាក់ខាងលេីរួមមាន ទី១-ឈ្មោះខុម ចាន់ណែង ហៅ ណេង អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកធំ សង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ និងទី២-ឈ្មោះ ខុម ចាន់នុត អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយគ្នា។
បច្ចប្បន្ននេះ ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី៕ ដោយ៖ ភារ៉ា ដង្កោ