អន្តរជាតិ៖ បន្ទាប់ពីអាជ្ញាធរទីក្រុងហុងកុង ចាប់ផ្ដើមបន្ធូរវិធានការរឹតត្បិត ក្រុមហ៊ុន Disneyland របស់ហុងកុង បានបញ្ជាក់នៅថ្ងៃទី២២ ខែកញ្ញាថ្មីៗនេះថា សួនកម្សាន្ត Disneyland នឹងបើកដំណើរការឡើងវិញ ។ ប៉ុន្តែវិធានការរបស់ក្រសួងសុខាភិបាល នឹងត្រូវអនុវត្តយ៉ាងតឹងរ៉ឹងបំផុតពេលដំណើរការសួនកម្សាន្តនេះឡើងវិញ ដោយសំដៅទប់ស្កាត់ការឆ្លងថ្មី។
បើតាមការប្រកាសរបស់ Disneyland បាននិយាយថា ការបើកដំណើរការឡើងវិញ នៅសួនកម្សាន្តចម្រុះក្នុងទីក្រុងហុងកុង នឹងត្រូវកំណត់ចំនួនអ្នកចូលកម្សាន្ត ហើយថ្ងៃចូលកម្សាន្ត ក៏ត្រូវបានកាត់បន្ថយដែរ។ ដោយភ្ញៀវទាំងអស់ ត្រូវតែពាក់ម៉ាស ហើយឧទ្យាននេះនឹងត្រូវបិទនៅថ្ងៃអង្គារនិងថ្ងៃព្រហស្បតិ៍។ ចំណែកការសម្តែងផ្ទាល់ក្នុងសាល ក៏នឹងត្រូវផ្អាកបន្តទៀត។
បើតាមទីភ្នាក់ព័ត៌មាន Reuters ខណៈករណីឆ្លងធ្លាក់ចុះជាបន្តបន្ទាប់ រដ្ឋាភិបាលក្រុងហុងកុងបានបន្ធូរបន្ថយការរឹតត្បិតដើម្បីបង្ការការឆ្លងជំងឺនេះកាលពីសប្តាហ៍មុនរួមទាំងការបើកសួនកម្សាន្តឡើងវិញ។
គួរបញ្ជាក់ថា នេះជាការបើកដំណើរលើកពីររបស់សួនកម្សាន្តនេះគិតតាំងពីជំងឺ COVID-19 រាតត្បាតមក។ ខណៈដែល ក្រុមហ៊ុនDisneyland បានបើកដំណើរការម្ដងកាលពីខែមិថុនា ពេលស្ថានភាពជំងឺនេះក្នុងទីក្រុងហុងកុង ធូរស្រាល តែក៏ត្រូវបង្ខំចិត្តបិទម្ដងទៀតនៅពាក់កណ្ដាលខែកក្កដា ពេលដែលករណីឆ្លងក្នុងទីក្រុងហក់ឡើងវិញ។ សួនកម្សាន្តនេះ នឹងបើកជាថ្មីចាប់ពីថ្ងៃទី២៥ ខែកញ្ញាទៅ ជាមួយវិធានការដូចខាងលើ ។
បច្ចុប្បន្នទីក្រុងហុងកុង មានករណីឆ្លងសរុបចំនួន ៥០៣៩ ករណី និងអ្នកជាសះស្បើយមានចំនួន ៤៧០៨នាក់ចំណែកឯចំនួនអ្នកស្លាប់មាន១០៣នាក់ ៕ដោយ៖ស តារា